មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាម៉េរិកនឹងបញ្ជូនជំនួយយោធាបន្ថែមដែលមានតម្លៃ 775 លានដុល្លារដល់ទីក្រុងគៀវ ។ គ្រឿងសព្វាវុធថ្មីបំផុតនឹងរួមមាន កាំជ្រួច យន្តហោះគ្មានមនុស្សបើក និងឧបករណ៍បោសសម្អាតមីន ព្រមទាំងគ្រាប់រ៉ុក្កែត HIMARS និងអាវុធផ្សេងទៀតដែលផលិតដោយសហរដ្ឋអាម៉េរិក នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT ។
ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាម៉េរិកបានរាយការណ៍ថា កញ្ចប់ជំនួយយោធាត្រូវបានគេរំពឹងថានឹងរួមបញ្ចូលកាំភ្លើងធំ 105mm howitzers ចំនួន 16 ដើម និងគ្រាប់បែក ក៏ដូចជាមីស៊ីលប្រឆាំងរ៉ាដា AGM-88 HARM, រថពាសដែកប្រភេទ MRAP ចំនួន 40 គ្រឿង និងរថយន្តយោធា Humvees ចំនួន 50 គ្រឿង ។
ជាលើកដំបូង សហរដ្ឋអាម៉េរិកនឹងផ្គត់ផ្គង់ដល់កងកម្លាំងអ៊ុយក្រែនជាមួយនឹងប្រព័ន្ធអាកាស ជាពិសេសយន្តហោះគ្មានមនុស្សបើក Scan Eagle ចំនួន 15 គ្រឿង ។
យោងតាមកាសែត New York Post ការដឹកជញ្ជូនក៏នឹងមានគ្រាប់កាំភ្លើងធំចំនួន 36,000 គ្រាប់ និងកាំជ្រួចប្រឆាំងរថក្រោះចល័ត Javelin ចំនួន 1,000 ដើមផងដែរ ។ របាយការណ៍ផ្សេងទៀតបានលើកឡើងថា នឹងមានការបញ្ជូនមីស៊ីលប្រឆាំងរថក្រោះ TOW ផងដែរ ។
សេចក្តីប្រកាសកាលពីថ្ងៃសុក្រនាំមកនូវការចំណាយសរុបនៃជំនួយយោធាអាម៉េរិកដល់ទីក្រុងគៀវដល់ប្រហែល 10.6 ពាន់លានដុល្លារ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក ។