ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ផ្តល់ជាអំណោយនូវរថយន្តមួយគ្រឿង ក្នុងការទទួលស្គាល់ទំនាក់ទំនងផ្ទាល់ខ្លួនពិសេសរបស់មេដឹកនាំទាំង២ ។
រថយន្តផលិតឈ្មោះថា limousine Aurus ដ៏ប្រណិតរបស់រុស្សីបង្ហាញនោះក៏ត្រូវបានប្រគល់ជូនជំនួយការកំពូលរបស់លោក គីម រួមទាំងប្អូនស្រីរបស់លោកគឺលោកស្រី គីម យូជុង នៅថ្ងៃទី ១៨ ខែកុម្ភៈ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ។
អំណោយរបស់លោក ពូទីន ហាក់ដូចជាបំពានលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលគាំទ្រដោយទីក្រុងម៉ូស្គូ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលហាមឃាត់ការផ្គត់ផ្គង់យានជំនិះទាំងអស់ទៅកាន់ប្រទេសកូរ៉េខាងជើង។
លោក គីម ត្រូវបានគេជឿថាជាម្ចាស់បណ្តុំរថយន្តទំនើបៗជាច្រើន ហើយត្រូវបានគេប្រទះឃើញធ្វើដំណើរក្នុងរថយន្តទំនើបៗ រួមមាន Mercedes-Maybach S600, Rolls-Royce Phantom និង Lexus LX 570។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ទៅកាន់ភាគខាងកើតរុស្ស៊ីក្នុងខែកញ្ញា លោក គីម បានកោតសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរថយន្ត Limousine Aurus របស់ប្រធានាធិបតី ពូទីន ហើយត្រូវបានអញ្ជើញដោយមេដឹកនាំរុស្ស៊ីឱ្យអង្គុយនៅកៅអីខាងក្រោយ ។
Al Jazeera