រុស្ស៊ីស្នើធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាមួយកូរ៉េខាងជើង និងចិន
Asia China Rusia

រុស្ស៊ីស្នើធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាមួយកូរ៉េខាងជើង និងចិន

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់សម្តីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានស្នើទៅមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ឱ្យប្រទេសរបស់ពួកគេធ្វើសមយុទ្ធយោធាជើងទឹករួមជាមួយនឹងប្រទេសចិន ។

Yonhap បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានធ្វើសំណើសម្រាប់សមយុទ្ធជើងទឹកទៅកាន់លោក គីម ជុងអ៊ុន ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់នៅកូរ៉េខាងជើងសម្រាប់ខួបលើកទី 70 នៃការបញ្ចប់សង្គ្រាមកូរ៉េ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ ។

សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង បានប្រាប់សភាជាតិថា លោក Shoigu ហាក់ដូចជាបានបើកកិច្ចប្រជុំឯកជនមួយជាមួយលោក គីម ដើម្បីយល់ព្រមលើការពង្រីកកម្លាំងយោធា ។ សមយុទ្ធបែបនេះនឹងបង្ហាញពីចំណុចរបត់មួយសម្រាប់កូរ៉េខាងជើង និងទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូដ៏យូរអង្វែងរបស់រុស្ស៊ី និងចិន នេះបើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់។

បើយោងតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងសមយុទ្ធយោធាជាមួយចិន និងរុស្ស៊ី នឹងក្លាយជាការឆ្លើយតប “សមស្រប” ចំពោះសមយុទ្ធទ័ពជើងទឹក និងដែនអាកាសដឹកនាំដោយសហរដ្ឋអាមេរិកនៅជុំវិញឧបទ្វីបកូរ៉េ ។ ប៉ុន្តែលោកឯកអគ្គរដ្ឋទូតបាននិយាយថា លោកមិនបានដឹងពីផែនការបែបនេះទេ ហើយថាលោកគ្រាន់តែបញ្ចេញយោបល់ផ្ទាល់ខ្លួនប៉ុណ្ណោះ។

Reuters; NK News

Leave a Reply

Your email address will not be published. Required fields are marked *