រុស្ស៊ីព្រមានអ៊ីស្រាអែលជុំវិញគម្រោងនៃការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន
Rusia World

រុស្ស៊ីព្រមានអ៊ីស្រាអែលជុំវិញគម្រោងនៃការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន

ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ (ថ្ងៃទី 1 ខែកុម្ភៈ) បានព្រមានអ៊ីស្រាអែលជុំវិញការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថាគាត់កំពុងពិចារណាក្នុងការផ្តល់ជំនួយយោធាសម្រាប់ទីក្រុងគៀវ ហើយមានឆន្ទៈក្នុងការសម្រុះសម្រួលក្នុងជម្លោះនេះ។ ដោយ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មានថា “យើងធ្លាប់និយាយហើយថាប្រទេសទាំងអស់ដែលផ្គត់ផ្គង់សព្វាវុធ ដល់អ៊ុយក្រែន គួរតែយល់ថា យើងនឹងចាត់ទុកអាវុធទាំងនេះជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីក្នុងការវាយប្រហារដើម្បីការពារដែនអធិបតេយ្យរបស់យើង ។

គួរបញ្ជាក់ដែរថា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំមុនមក អ៊ីស្រាអែលបានប្រកាន់ជំហរប្រុងប្រយ័ត្នចំពោះទីក្រុងម៉ូស្គូ ដោយស្វែងរកការរក្សាអព្យាក្រឹតភាព។ ហើយ អ៊ីស្រាអែលបានសង្កត់ធ្ងន់ជាពិសេសលើទំនាក់ទំនងពិសេសរវាងប្រជាជាតិទាំងពីរ ដោយសារអ៊ីស្រាអែលមានពលរដ្ឋជាងមួយលាននាក់មកពីអតីតសហភាពសូវៀតផងនោះ។

គួររំលឹកដែរថា វិមានក្រឹមឡាំងបានព្រមានអំពីការកើនឡើងនៅក្នុងសង្គ្រាម ខណៈពេលដែលដៃគូលោកខាងលិចរបស់អ៊ុយក្រែនបានប្តេជ្ញាផ្តល់អាវុធបន្ថែមទៀតសម្រាប់ទីក្រុងគៀវ។ ហើយ លោកស្រី Zakharova បាននិយាយថា ការផ្គត់ផ្គង់អាវុធបន្ថែមថ្មី ឬជំនួយផ្សេងៗដល់អ៊ុយក្រែន នឹងកាន់តែធ្វើឱ្យសង្គ្រាមនេះកាន់តែក្តៅគគុកប៉ុណ្ណោះ មិនថាការប៉ុនប៉ងឬការអនុវត្តនោះ បានសម្រេចឬក៏អត់នោះទេ។

Source: CNA

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *