រុស្ស៊ីប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងទឹកដីបេឡារុស្ស
War World

រុស្ស៊ីប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងទឹកដីបេឡារុស្ស

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស ដែលជាប្រទេសអាយ៉ងរបស់រុស្ស៊ី ហើយនេះជាលើកទីមួយចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1990 ដែលទីក្រុងម៉ូស្គូនឹងដាក់ពង្រាយអាវុធបែបនេះនៅខាងក្រៅប្រទេស ។

លោក ពូទីន បានធ្វើសេចក្តីប្រកាសនៅពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយក្រុមប្រទេសលោកខាងលិចជុំវិញសង្គ្រាមអ៊ុយក្រែន និងខណៈដែលអ្នកអត្ថាធិប្បាយរុស្ស៊ីមួយចំនួនប៉ាន់ស្មានអំពីការវាយប្រហារនុយក្លេអ៊ែរដែលអាចកើតមាន ។

អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រសំដៅលើអាវុធដែលប្រើសម្រាប់ទទួលបានផលចំណេញជាក់លាក់ក្នុងសមរភូមិ ជាជាងអាវុធនុយក្លេអែរដែលមានសមត្ថភាពកម្ទេចទីក្រុងនានា ។ វាមិនច្បាស់ទេថា តើរុស្ស៊ីដាក់សព្វាវុធប្រភេទនេះប៉ុន្មានគ្រាប់នោះទេ ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី អាចនឹងមកដល់ប្រទេសបេឡារុស នៅដើមរដូវក្តៅនេះ ។ លោកបានបន្ថែមថា ទីក្រុងម៉ូស្គូកំពុងបញ្ចប់ការសាងសង់កន្លែងផ្ទុកអាវុធពិសេសមួយ ចំពេលមានការអំពាវនាវម្តងហើយម្តងទៀតដោយទីក្រុង Minsk ឱ្យដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើដីរបស់ខ្លួន ។

លោកពូទីនបានប្រាប់ទូរទស្សន៍ Russia 24 TV ថាកន្លែងផ្ទុកអាវុធនៅក្នុងប្រទេសបេឡារុស្សនឹងសាងសង់រួចរាល់នៅថ្ងៃទី 1 ខែកក្កដា។ លោក ពូទីន ក៏បាននិយាយផងដែរថា ទីក្រុងម៉ូស្គូមិនមានគម្រោងប្រគល់ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រណាមួយទៅទីក្រុង Minsk ទេហើយថាខ្លួននឹងគ្រាន់តែដាក់ពង្រាយអាវុធរបស់ខ្លួនទៅកាន់ប្រទេសបេឡារុស្សប៉ុណ្ណោះ ខណៈរុស្ស៊ីក៏នឹងមិនបំពានលើកាតព្វកិច្ចមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់ខ្លួនដែរ ។

លោក ពូទីន បានពន្យល់ថា ការផ្លាស់ប្តូរនេះត្រូវបានជំរុញដោយសារការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសក្នុងការផ្តល់ឱ្យទីក្រុងគៀវនូវគ្រាប់កាំភ្លើងដែលមានសារធាតុអ៊ុយរ៉ាញ៉ូម ។ ចក្រភពអង់គ្លេសបានប្រកាសកាលពីដើមខែមីនាថា ខ្លួនគ្រោងនឹងបញ្ជូនគ្រាប់ផ្លោងទៅកាន់អ៊ុយក្រែន ដើម្បីប្រើប្រាស់ជាមួយរថក្រោះប្រយុទ្ធ Challenger 2 ។ ទីក្រុងម៉ូស្គូបានរិះគន់ចំណាត់ការនេះថាជាសញ្ញានៃភាពមិនប្រុងប្រយ័ត្ន ភាពមិនទទួលខុសត្រូវ និងនិទណ្ឌភាព” លើផ្នែកនៃទីក្រុងឡុងដ៍ និងវ៉ាស៊ីនតោន។

ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko បានលើកឡើងម្តងហើយម្តងទៀតអំពីបញ្ហានៃការគំរាមកំហែងដែលបង្កឡើងចំពោះប្រទេសរបស់គាត់ដោយអាវុធនុយក្លេអ៊ែរដែលអាម៉េរិកដាក់ពង្រាយទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប ។ នៅខែតុលា ឆ្នាំ 2022 លោកបានចង្អុលបង្ហាញអំពីកិច្ចពិភាក្សា ចែករំលែកនុយក្លេអ៊ែរ” រវាងទីក្រុងវ៉ាស៊ីនតោន និងប៉ូឡូញ ដោយព្រមានថា អាវុធនុយក្លេអ៊ែរអាចត្រូវបានដាក់នៅក្នុងប្រទេសប៉ូឡូញ ដែលមានព្រំប្រទល់ជាប់ប្រទេសបេឡារុស្ស។

បច្ចុប្បន្នអាវុធនុយក្លេអ៊ែររបស់អាម៉េរិកត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសបែលហ្សិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងទួរគី ។ នៅឆ្នាំ ២០២១ រុស្ស៊ីបានអំពាវនាវឱ្យអាម៉េរិកបញ្ជូនអាវុធនុយក្លេអ៊ែរដែលខ្លួនដាក់ពង្រាយទាំងនេះចេញឆ្ងាយពីទឹកដីរុស្ស៊ីជាផ្នែកមួយនៃសំណើរក្សាសន្តិសុខរបស់ខ្លួន ប៉ុន្តែសហរដ្ឋអាម៉េរិក និងណាតូបានបដិសេធ ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *