មូលដ្ឋានយោធា al-Tanf នៅភាគខាងត្បូងប្រទេសស៊ីរី ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធជាច្រើនគ្រឿងកាលពីព្រឹកថ្ងៃចន្ទ ដោយយោធាអាម៉េរិកបានរាយការណ៍ថា មិនមានអ្នករងរបួសនោះទេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT
យោធាអាម៉េរិកបាននិយាយថា មូលដ្ឋានយោធានេះត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ។ កងកម្លាំងអាម៉េរិកបានរារាំងយន្តហោះគ្មានមនុស្សបើកមួយក្នុងចំណោមយន្តហោះគ្មានមនុស្សបើកជាច្រើន ខណៈពេលដែលមានការបំផ្ទុះលើកទីពីរនៅក្នុងផ្នែកនៃមូលដ្ឋានប្រតិបត្តិការដោយពួកសកម្មប្រយុទ្ធស៊ីរីដែលឧបត្ថម្ភដោយសហរដ្ឋអាម៉េរិក ។
សហរដ្ឋអាម៉េរិកបាននិយាយថា ការបំផ្ទុះនេះមិនបណ្តាលឱ្យមាន “អ្នកស្លាប់ និងរបួសទេ” ខណៈដែលការប៉ុនប៉ងធ្វើការវាយប្រហារផ្សេងទៀត “មិនទទួលបានជោគជ័យ” ។
មូលដ្ឋានយោធា Al-Tanf ស្ថិតនៅចម្ងាយត្រឹមតែ 24 គីឡូម៉ែត្រ (15 ម៉ាយ) ពីព្រំដែនប្រទេសស៊ីរីជាមួយអ៊ីរ៉ាក់ នៅតំបន់វាលខ្សាច់ស៊ីរីដែលគ្រប់គ្រងដោយកងជីវពលប្រឆាំងប្រធានាធិបតីស៊ីរី Bashar Assad ។ តំបន់នេះត្រូវបានកាន់កាប់ដោយកងកម្លាំងអាម៉េរិក និងសម្ពន្ធមិត្តចាប់តាំងពីឆ្នាំ 2016 ហើយនៅតែជាកន្លែងផ្ទុកទាហានអាម៉េរិកមួយចំនួនតូច និងក្រុមសកម្មប្រយុទ្ធស៊ីរីមួយក្រុមធំ ។
ការវាយប្រហារលើមូលដ្ឋានយោធានេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍ថាយន្តហោះអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើគោលដៅនៅជិតរដ្ឋធានី Damascus និងទីក្រុងឆ្នេរសមុទ្រ Tartus ក្បែរមូលដ្ឋានទ័ពជើងទឹករុស្ស៊ី ។