ពិភពលោកថ្កោលទោសអាម៉េរិកដែលបោះឆ្នោតប្រឆាំងបទឈប់បាញ់នៅតំបន់ហ្គាហ្សាដែលដាក់ចេញដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
China Rusia USA War World

ពិភពលោកថ្កោលទោសអាម៉េរិកដែលបោះឆ្នោតប្រឆាំងបទឈប់បាញ់នៅតំបន់ហ្គាហ្សាដែលដាក់ចេញដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

សហរដ្ឋអាម៉េរិក​បានបោះឆ្នោត​វេតូ​ជាថ្មី​ម្តងទៀតលើ​សេចក្តីព្រាង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ស្តីពី​សង្គ្រាម​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្គាហ្សា ដែល​ជំរុញ​ឱ្យ​មានការ​រិះគន់​យ៉ាង​ទូលំទូលាយ​ពី​គូប្រជែង និង​សម្ពន្ធមិត្ត​ដូចគ្នា។

 

ចំណាត់ការកាលពីថ្ងៃអង្គារគឺជាវេតូលើកទីបីរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងដំណោះស្រាយរបស់ UNSC ដែលទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ​។ ការបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាដែលមានសមាជិកចំនួន ១៥ប្រទេស គឺមាន១៣ គាំទ្រ អាម៉េរិកវេតូ ដោយចក្រភពអង់គ្លេសបានអនុប្បវាទ ដែលឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសជុំវិញពិភពលោកសម្រាប់ការបញ្ចប់ជម្លោះដ៏បំផ្លិចបំផ្លាញដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ២៩,០០០ នាក់។

 

ក្រោយការបោះឆ្នោតបញ្ចប់​ចិន រុស្ស៊ី រួមទាំងបារាំងដែលជាសម្ពន្ធមិត្តផងបានចេញសាររិះគន់អាម៉េរិក ។ ចិនតាមរយៈលោក Zhang Jun បេសកជនរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិបានសម្តែងការខកចិត្តយ៉ាងខ្លាំង និងការមិនពេញចិត្តជាមួយ​អាម៉េរិក ។ ​ការវេតូរបស់​អាម៉េរិកជាការផ្ញើសារខុស ដោយជំរុញឱ្យស្ថានការណ៍នៅហ្គាហ្សា ក្លាយជាកាន់តែគ្រោះថ្នាក់ ដោយបន្ថែមថា ការជំទាស់ចំពោះបទឈប់បាញ់នៅហ្គាហ្សា គឺមិនខុសពីការផ្តល់ភ្លើងខៀវដល់ការបន្តការសម្លាប់ប្រជាជនប៉ាឡេស្ទីននោះទេ ។

 

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បាននិយាយថា វេតូរបស់សហរដ្ឋអាម៉េរិកជាការព្យាយាមពន្យាពេលវេលាដើម្បីឱ្យអ៊ីស្រាអែលអាចបញ្ចប់ “ផែនការអមនុស្សធម៌” របស់ខ្លួននៅតំបន់ហ្គាហ្សា​ ។

 

ចំណែកបេសកជនអង្គការសហប្រជាជាតិរបស់ប្រទេសបារាំងលោក Nicolas de Riviere បានសម្តែងការសោកស្តាយដែលដំណោះស្រាយបទឈប់បាញ់របស់ UNSC “មិនអាចអនុម័តបាន ។ បារាំង ដែលបានបោះឆ្នោតគាំទ្រដំណោះស្រាយ នឹងបន្តធ្វើការឆ្ពោះទៅរកការដោះលែងឈ្លើយសឹកទាំងអស់ និងដើម្បីឱ្យបទឈប់បាញ់ត្រូវបានអនុវត្តភ្លាមៗ ។

 

ការិយាល័យរបស់ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បាននិយាយថា ការវេតូរបស់​អាម៉េរិកជាការផ្គើននឹងសហគមន៍អន្តរជាតិ និងបានផ្តល់ភ្លើងខៀវបន្ថែមសម្រាប់ការកាន់កាប់របស់អ៊ីស្រាអែល ដើម្បីបន្តការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងប្រជាជននៅតំបន់ Gaza និងបើកការវាយប្រហារបង្ហូរឈាមប្រឆាំងនឹងទីក្រុង Rafah” ។

Al Jazzera

Leave a Reply

Your email address will not be published. Required fields are marked *