ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi ត្រូវបានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោកស្រីនៅអាស៊ី នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់តៃវ៉ាន់ និងមន្ត្រីអាម៉េរិក ទោះបីជាមានការព្រមានអំពីការឆ្លើយតបរបស់ប្រទេសចិនចំពោះដំណើរទស្សនកិច្ចបែបនេះក៏ដោយ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN ។
ដំណើរទស្សនកិច្ចដែលជាលើកទីមួយសម្រាប់ប្រធានសភាអាម៉េរិកក្នុងរយៈពេល 25 ឆ្នាំមកនេះ បច្ចុប្បន្នមិនទាន់មានការប្រកាសជាសាធារណៈទេ ហើយការមកដល់នៃដំណើរទស្សនកិច្ចនេះស្របពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិនស្ថិតក្នុងកម្រិតទាបរួចទៅហើយ ។
មន្ត្រីតៃវ៉ាន់បានបន្ថែមថា លោកស្រីត្រូវបានគេរំពឹងថា នឹងស្នាក់នៅតៃវ៉ាន់មួយយប់ ។ គេមិនច្បាស់ទេថា លោកស្រី Pelosi នឹងចុះចតនៅទីក្រុងតៃប៉ិនៅពេលណា ។
មន្ត្រីអាម៉េរិករូបនេះបានបន្ថែមថា មន្ត្រីក្រសួងការពារជាតិកំពុងធ្វើការពេញម៉ោងលើការត្រួតពិនិត្យរាល់ចលនារបស់ចិននៅក្នុងតំបន់ និងធានាផែនការដើម្បីរក្សាសុវត្ថិភាពលោកស្រី ។