ប៉ូលិសថៃឃាត់ខ្លួន​មនុស្ស ​៣​នាក់​ដែលបានលក់​កាំភ្លើង​ឱ្យ​ក្មេងអាយុ ១៤ឆ្នាំទៅបើកការបាញ់ប្រហារនៅកណ្ដាលក្រុងបាងកកសម្លាប់មនុស្ស២នាក់
Asia

ប៉ូលិសថៃឃាត់ខ្លួន​មនុស្ស ​៣​នាក់​ដែលបានលក់​កាំភ្លើង​ឱ្យ​ក្មេងអាយុ ១៤ឆ្នាំទៅបើកការបាញ់ប្រហារនៅកណ្ដាលក្រុងបាងកកសម្លាប់មនុស្ស២នាក់

ប៉ូលិសថៃបានចាប់ខ្លួនមនុស្សបីនាក់ដែលត្រូវបានចោទប្រកាន់ពីបទលក់កាំភ្លើងទៅឱ្យក្មេងអាយុ ១៤ ឆ្នាំម្នាក់ដែល​បានធ្វើសកម្មភាពបាញ់ប្រហារនៅផ្សារទំនើប Siam Paragon កណ្ដាលក្រុងបាងកក ដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ ។

 

ក្មេងជំទង់រូបនេះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតជុំវិញការវាយប្រហារកាលពីថ្ងៃអង្គារទី ៣ ខែតុលានៅឯផ្សារទំនើប Siam Paragon  ។ ប៉ូលិស​និយាយ​ថា ជនសង្ស័យ​រូបនោះបាន​ប្រើ​កាំភ្លើង​ខ្លី​មួយ​ដើម​កែច្នៃ​ដើម្បី​បាញ់​គ្រាប់​ពិត ​។

 

មន្ត្រីនៅក្នុងខេត្តយ៉ាឡា នៅភាគខាងត្បូង​ប្រទេសថៃ បានចាប់ខ្លួនបុរសពីរនាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយសង្ស័យថាបានលក់កាំភ្លើងឱ្យក្មេងប្រុសនោះ ។ ជន​ទី​៣ ជា​អ្នក​រស់នៅ​ទីក្រុង​បាងកក ក៏​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​ដែរ នេះ​បើ​តាម​កាសែត The Nation។

 

ប៉ូលិសជាន់ខ្ពស់ម្នាក់នៅខេត្តយ៉ាឡាបានប្រាប់សារព័ត៌មានបារាំង AFP ថា “ប៉ូលិសបានឆ្មក់ចូលផ្ទះរបស់ពួកគេដើម្បីស្វែងរកភស្តុតាងបន្ថែមទៀតដែលទាក់ទងនឹងករណីនេះ” ។ “ពួកគេត្រូវបានបញ្ជូនទៅកាន់ទីក្រុងបាងកក ដើម្បីសាកសួរ”។

 

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃបានឲ្យដឹងថា ជនសង្ស័យម្នាក់ជាអ្នកច្នៃកាំភ្លើង​ ម្នាក់ទៀតបានលក់អាវុធ ហើយអ្នកទីបីបានដកប្រាក់ដែលរកបានពីការលក់របស់ពួកគេចេញពីម៉ាស៊ីនអេធីអឹម ។

 

អ្នកដើរទិញឥវ៉ាន់រាប់រយនាក់បានរត់គេចពីផ្សារទំនើបដែលប្រមូលផ្តុំដោយភាពភ័យខ្លាច ខណៈដែលការបាញ់ប្រហារបានកើតឡើងនៅរសៀលថ្ងៃអង្គារ។

 

​ស្ត្រីម្នាក់មកពីប្រទេសចិន និងម្នាក់ទៀតមកពីមីយ៉ាន់ម៉ាត្រូវបានបាញ់សម្លាប់ ខណៈ៥នាក់ផ្សេងទៀតរងរបួស ។

 

ជនសង្ស័យអាយុ១៤ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ការកាន់អាវុធបាញ់រះនៅទីសាធារណៈ និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត និង​កំពុង​ទទួល​ការ​ធ្វើ​តេស្ដជំងឺ​វិកលចរិត​ ដើម្បី​មើល​ថា​តើ​គាត់​សម​នឹង​ទទួល​ការ​ជំនុំ​ជម្រះ​ឬ​អត់។

AFP

Leave a Reply

Your email address will not be published. Required fields are marked *