នូវែលសេឡង់និយាយថា ខ្លួននឹងលែងស្ថិតក្រោមរបបរាជានិយម ប៉ុន្តែមិនមែនឆាប់ៗនេះទេ
Breaking News

នូវែលសេឡង់និយាយថា ខ្លួននឹងលែងស្ថិតក្រោមរបបរាជានិយម ប៉ុន្តែមិនមែនឆាប់ៗនេះទេ

លោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់ Ardern និយាយថា នូវែលសេឡង់ នឹងលែងស្ថិតក្រោមការគ្រប់គ្រងដោយរបបរាជានិយម ប៉ុន្តែមិនមែនឆាប់ៗនេះទេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP ។

នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បាននិយាយនៅក្នុងថ្ងៃនេះថា នូវែលសេឡង់នឹងក្លាយជាសាធារណរដ្ឋមួយនៅទីបំផុត ហើយលែងស្ថិតក្រោមការគ្រប់គ្រងរបស់ស្តេច ប៉ុន្តែមិនឆាប់ៗនេះនោះទេ ។

នៅពេលដែលមានការសួរនាំអំពីសាធារណរដ្ឋនូវែលសេឡង់ បន្ទាប់ពីការសោយទីវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II នាយករដ្ឋមន្ត្រីលោកស្រី Ardern បាននិយាយថា “ខ្ញុំមានទំនុកចិត្តថា នូវែលសេឡង់នឹងឈានទៅដល់ចំណុចនោះ ប៉ុន្តែពេលវេលាមិនទាន់មកដល់” ។

លោកស្រីបន្តថា “ខ្ញុំជឿថារឿងនេះនឹងកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនគិតថា វានឹងជាវិធានការដែលត្រូវធ្វើក្នុងរយៈពេលដ៏ខ្លីនេះនោះទេ រដ្ឋាភិបាលរបស់យើងនៅមិនទាន់ពិភាក្សាអំពីបញ្ហានេះនោះទេ ព្រោះវាមិនមែនជារឿងបន្ទាន់” ។

នូវែលសេឡង់ និងអតីតអាណានិគមរបស់ចក្រភពអង់គ្លេសដូចជា ប្រទេសអូស្ត្រាលី និងកាណាដា នៅតែប្រកាន់យកព្រះមហាក្សត្ររបស់ចក្រភពអង់គ្លេសជាប្រមុខរដ្ឋ ដោយពួកគេបានដាក់រូបព្រះឆាយលក្ខណ៍របស់ម្ចាស់ក្សត្រី Elizabeth II នៅលើកាក់ និងក្រដាសប្រាក់របស់ពួកគេរៀងមក ។

យ៉ាងណាមិញ ការសោយទីវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II និងការឡើងសោយរាជ្យរបស់ស្តេច Charles III បានបង្កឱ្យមានការជជែកវែកញែកអំពីរបបសាធារណរដ្ឋនៅប្រទេស នូវែលសេឡង់ និងអូស្ត្រាលីរួចទៅហើយ ។

Leave a Reply

Your email address will not be published. Required fields are marked *