ទីបំផុតអាល្លឺម៉ង់ប្រកាសជាផ្លូវការថា ខ្លួននឹងផ្គត់ផ្គង់រថក្រោះ Leopard 2 ដ៏ទំនើបបំផុតរបស់ខ្លួនទៅឲ្យអ៊ុយក្រែន
War World

ទីបំផុតអាល្លឺម៉ង់ប្រកាសជាផ្លូវការថា ខ្លួននឹងផ្គត់ផ្គង់រថក្រោះ Leopard 2 ដ៏ទំនើបបំផុតរបស់ខ្លួនទៅឲ្យអ៊ុយក្រែន

អាល្លឺម៉ង់នឹងផ្គត់ផ្គង់រថក្រោះ Leopard 2 របស់ខ្លួនដល់អ៊ុយក្រែន នេះបើតាមការប្រកាសនៅថ្ងៃពុធនេះដោយយកឈ្នះលើការខ្វែងគំនិតគ្នាអំពីការបញ្ជូនអាវុធធុនធ្ងន់ដែលទីក្រុងគៀវមើលឃើញថា មានសារៈសំខាន់ក្នុងការកម្ចាត់ការឈ្លានពានរបស់រុស្ស៊ី ​។

សម្ពាធត្រូវបានបង្កើតឡើងជាច្រើនសប្តាហ៍លើរដ្ឋាភិបាលរបស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក្នុងការបញ្ជូនរថក្រោះ និងអនុញ្ញាតឱ្យសម្ពន្ធមិត្តណាតូផ្សេងទៀតធ្វើដូចគ្នា ។

ការសម្រេចចិត្តរបស់អាល្លឺម៉ង់ត្រួសត្រាយផ្លូវសម្រាប់ប្រទេសផ្សេងទៀតដូចជាប៉ូឡូញ អេស្បាញ និងន័រវេស ដើម្បីផ្គត់ផ្គង់ស្តុករថក្រោះ Leopard ដល់អ៊ុយក្រែន ។

លោក Scholz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តនេះធ្វើតាមខ្សែបន្ទាត់​របស់យើងក្នុងការជួយអ៊ុយក្រែនឱ្យអស់ពីសមត្ថភាពរបស់យើង ។ យើងកំពុងធ្វើសកម្មភាពក្នុងលក្ខណៈសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអន្តរជាតិ” ។

សេចក្តីថ្លែងការណ៍បាននិយាយថា គោលដៅគឺដើម្បីបង្កើតកងវរសេនាតូចចំនួនពីរយ៉ាងឆាប់រហ័សជាមួយនឹងរថក្រោះ Leopard 2 សម្រាប់ប្រទេសអ៊ុយក្រែន ដោយបន្ថែមថា ​នៅក្នុងជំហានដំបូងអាល្លឺម៉ង់នឹងផ្តល់នូវរថក្រោះ Leopard 2 ចំនួន 14 គ្រឿងពីស្តុកយោធារបស់ខ្លួន ។

អាល្លឺម៉ង់បាននិយាយថា ការហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែននៅក្នុងប្រទេសអាល្លឺម៉ង់នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ហើយអាល្លឺម៉ង់ក៏នឹងផ្តល់ការដឹកជញ្ជូន និងគ្រាប់រំសេវផងដែរ ។

ប្រភព ​៖​ Reuters

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *