អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងឆ្លើយតបជាមួយនឹង “វិធានការយ៉ាងម៉ឺងម៉ាត់” ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបន្តកិច្ចសហប្រតិបត្តិការយោធាជាមួយតៃវ៉ាន់ ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Politico បានរាយការណ៍ថារដ្ឋបាលលោក ចូ បៃដិន គ្រោងនឹងស្នើសុំសមាជិកសភាឱ្យយល់ព្រមលើការលក់អាវុធប្រមាណ $1.1 ពាន់លានដុល្លារទៅកាន់កោះតៃវ៉ាន់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT ។
លោក Liu បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅពេលសួរអំពីការផ្ទេរសព្វាវុធដែលបានរាយការណ៍ថា ការលក់អាវុធរបស់អាម៉េរិកទៅឱ្យតៃវ៉ាន់តំណាងឱ្យ “ការរំលោភយ៉ាងធ្ងន់ធ្ងរ” នៃគោលនយោបាយ “ចិនតែមួយ” និងកិច្ចព្រមព្រៀងការទូតផ្សេងទៀតដែលសម្រេចបានរវាងសហរដ្ឋអាម៉េរិក និងចិន ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា កិច្ចព្រមព្រៀងបែបនេះក៏ នឹងបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។
អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា “ភាគីអាម៉េរិកត្រូវបញ្ឈប់ជាបន្ទាន់ការលក់អាវុធទៅឱ្យ និងទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ បញ្ឈប់ការបង្កើតកត្តាដែលអាចនាំឱ្យមានភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងអនុវត្តតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” ។
លោក Liu បានបន្តថា ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខជាតិ ។