លោក Alongkorn Ponlaboot ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហើបអំពីការចរចាដោយជោគជ័យជាមួយវៀតណាម យល់ព្រមចាប់ដៃគ្នាជាមួយថៃ ដើម្បីដំឡើងតម្លៃស្រូវក្នុងទីផ្សារពិភពលោក ដោយបានត្រៀមរៀបចំសំណើទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម “Chalermchai-Le Min Hwan” ដើម្បីបង្កើតយន្តការជំរុញ និងពង្រីកពាណិជ្ជកម្មកសិកម្មដល់ប្រជាជាតិទាំងពីរ ។
លោក អាឡុងកន ផុលប៊ុត ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ បានបង្ហើបឱ្យដឹងថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម យោងទៅតាម លោក Chalermchai Sri-on រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ បានមានប្រសាសថា ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមលើកនេះ ចាត់ទុកថាជាការទទួលបាននូវជោគជ័យក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ជាពិសេសលទ្ធផលនៃកិច្ចប្រជុំដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយឯកឧត្តម Tran Thanh Nam អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងមន្ត្រីប្រតិបត្តិជាន់ខ្ពស់ ក្នុងទីក្រុង Can Tho ក្រសួងកសិកម្មវៀតណាមបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃដើម្បីលើកកម្ពស់តម្លៃស្រូវអង្ករនៅលើទីផ្សារពិភពលោក ។
“ការចរចាលើកនេះគឺជា ជុំការចរចាទីពីរបន្ទាប់ពីកិច្ចប្រជុំដែលភាគីថៃបានស្នើឡើងនូវគំនិតផ្តួចផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីដំឡើងតម្លៃស្រូវអង្ករ ដែលធ្វើឡើងនៅក្នុងទីក្រុងបាងកក កាលពីខែឧសភាកន្លងទៅ រាយការណ៍ដាក់ជូនរដ្ឋមន្ត្រីក្រសួងកសិកម្មទាំងពីរភាគី
គឺលោកបណ្ឌិត Chalermchai Sri-on រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ជាមួយនិងលោក Le Minh Hoan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍បានដឹង និងយល់ស្របទៅនឹងគោលការណ៍រហូតឈានដល់ការចរចាចុងក្រោយ
នេះជាជោគជ័យ និងជាលើកដំបូងបង្អស់ដែលប្រទេសថៃ និងវៀតណាម ដែលជាប្រទេសផលិត និងនាំចេញស្រូវអង្ករធំទីពីរ និងទីបីរបស់ពិភពលោក បានយល់ព្រមធ្វើការរួមគ្នា ដើម្បីដំឡើងថ្លៃអង្ករនៅលើទីផ្សារពិភពលោក ។ នេះជាកិច្ចការដ៏លំបាកមួយ និងនៅមានបេសកកម្មប្រឈមនាពេលខាងមុខ តើគោលដៅនឹងសម្រេចបានដែរឬយ៉ាងណា? នៅមិនទាន់អាចឆ្លើយបានទេ ។ ប៉ុន្តែនៅថ្ងៃនេះ យើងបានបោះជំហានដំបូងរបស់យើងរួមគ្នា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម” នេះបើយោងតាមប្រសាស លោក អាឡុងកន ។
“យើងយល់ស្របគ្នាថា តម្លៃអង្ករនៅលើទីផ្សារពិភពលោកមានភាពអយុត្តិធម៌សម្រាប់ប្រទេសអ្នកផលិត និងកសិកររបស់ប្រទេសទាំងពីរនេះ អស់រយៈពេលជាយូរមកហើយ ដែលនាំមកនូវបំណុល និងភាពក្រីក្រ ដូច្នេះល្មមដល់ពេលត្រូវតស៊ូដើម្បីកសិករយើងហើយ ។ ឧទាហរណ៍ជាក់ស្តែងបំផុតគឺ តម្លៃស្រូវបច្ចុប្បន្ននេះមិនស៊ីសង្វាក់គ្នាទៅនឹងការឡើងថ្លៃក្នុងការចំណាយលើការផលិតស្រូវអង្ករ ទាំងតម្លៃជី និងប្រេង ដោយសារឥទ្ធិពលនៃវិបត្តិកូវីដ-19 និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។
បើបណ្ដោយឱ្យស្ថានភាពតម្លៃស្រូវនៅតែបែបនេះ នោះកសិករមិនអាចរស់បានឡើយ ព្រោះដោយសារការខាតបង់របស់ពួកគេ ហើយពួកគេងាកទៅធ្វើកសិកម្មផ្សេងដែលមានប្រាក់ចំណូលខ្ពស់ជាង ដែលជាហេតុបណ្តាលឱ្យមានការថយចុះនៃផលិតកម្មស្រូវក្នុងរយៈពេលវែង បង្កឱ្យមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់អង្កររបស់ពិភពលោក ផ្ទុយទៅនឹងតម្រូវការកើនឡើងនូវចំនួនប្រជាជនពិភពលោកដែលកំពុងមានការកើនឡើង ជាមួយនឹងបញ្ហាសន្តិសុខស្បៀងអាហារនឹងកាន់តែធ្ងន់ធ្ងរឡើងផងដែរ” ។
លោក អាឡុងកន ក៏បានបង្ហើបឱ្យដឹងផងដែរថា ភាគីទាំងពីរនឹងបង្ហាញសេចក្តីសង្ខេបនៃកិច្ចប្រជុំជូនរដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសទាំងពីរ ដើម្បីបង្កើតយន្តការជំរុញរួមមួយក្នុងទម្រង់ជាក្រុមការងារពិសេស និងជូនដំណឹងដល់សមាគមកសិករ សមាគមពាណិជ្ជករអង្ករ វិទ្យាស្ថានស្បៀងអាហារ និងសមាគមអ្នកនាំចេញអង្ករថៃ និងវៀតណាមបានដឹងពីវិធីសាស្រ្តសហប្រតិបត្តិការមួយនេះ ។
ជាមួយនឹងការចរចាកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផលិត និងនាំចេញអង្ករសំខាន់ៗផ្សេងទៀតផងដែរ ។ ទន្ទឹមនឹងនោះ ប្រទេសថៃ និងវៀតណាមនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករក្នុងកម្រិតអង្គការកសិករ និងភ្នាក់ងារកសិកម្មបន្ថែមទៀត ។ លោក Phan Chi Thanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ ហើយភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរក្នុងការបង្កើនពាណិជ្ជកម្មផលិតផលកសិកម្មឱ្យកាន់តែមានតុល្យភាព ។
ស្ថិតិពាណិជ្ជកម្មក្នុងឆ្នាំ2021 តម្លៃពាណិជ្ជកម្មកសិកម្មរវាងប្រទេសថៃ និងវៀតណាមមានចំនួន 2038លានដុល្លារអាម៉េរិក (74,214 លានបាត) ដែលក្នុងនោះប្រទេសថៃ បាននាំចូលចំនួន 700លានដុល្លារអាម៉េរិក (25,465 លានបាត) និងនាំចេញទៅកាន់ប្រទេសវៀតណាមចំនួន 1340លានដុល្លារអាម៉េរិក (48,750 លានបាត) ។ ភាគីថៃមានប្រៀបលើសមតុល្យពាណិជ្ជកម្មចំនួន 640លានដុល្លារអាម៉េរិក (23285លានបាត)ជាពិសេសជាងនេះទៅទៀតនោះពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ អាចពង្រីកខ្លួនបានផងដែរ ដោយសារវៀតណាម ក្រៅពីជាប្រទេសនាំចេញអង្ករ វៀតណាមក៏បាននាំចូលអង្ករចំនួន 1.2លានតោនក្នុងមួយឆ្នាំ ហើយប្រទេសថៃ គឺជាប្រទេសនាំចេញអង្ករធំបំផុតទី4 ទៅកាន់ប្រទេសវៀតណាម ដែលអាចបង្កើនការនាំចេញអង្ករដើម្បីជួយដល់ប្រទេសវៀតណាម ដែលជាទីផ្សារដែលនៅជិតបំផុត ហើយប្រជាជនវៀតណាមចូលចិត្តអង្ករថៃបំផុត ជាពិសេសគឺអង្ករផ្កាម្លិះ ។