កាសែត Yomiuri បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសជប៉ុនកំពុងពិចារណាលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន 1,000 ដើម ដើម្បីបង្កើនសមត្ថភាពវាយប្រហាររបស់ខ្លួនប្រឆាំងនឹងប្រទេសចិន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
កាសែត Yomiuri បាននិយាយថា សព្វាវុធដែលបាញ់ដោយកប៉ាល់ ឬយន្តហោះ នឹងត្រូវឈរជើងជាចម្បងនៅជុំវិញកោះ Nansei ភាគខាងត្បូង ហើយអាចបាញ់ទៅដល់តំបន់ឆ្នេរនៃប្រទេសកូរ៉េខាងជើង និងប្រទេសចិន ។
តំណាងក្រសួងការបរទេសជប៉ុនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍នេះទេ ។
ភាពតានតឹងក្នុងតំបន់បានកើនឡើងក្នុងខែនេះបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាម៉េរិកទៅកាន់កោះតៃវ៉ាន់ ដែលទាមទារដោយចិន ។ ទីក្រុងប៉េកាំងបានបាញ់មីស៊ីលនៅជិតកោះតៃវ៉ាន់ និងចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ។