ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា លោក Muhamad Azizi អាយុ 25 ឆ្នាំត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងចំដើមទ្រូង ខណៈដែលលោក Abdul Rahman Jamal Suleiman Sobh អាយុ 28 ឆ្នាំត្រូវបានបាញ់ចំក្បាល ។
សេចក្តីរាយការណ៍បន្តថា មនុស្ស 2 នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមាន2 នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។
កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងធ្វើប្រតិបត្តិការមួយនៅទីក្រុង Nablus ក្នុងតំបន់ West Bank ដែលខ្លួនកំពុងកាន់កាប់ដោយមិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើរបាយការណ៍របស់ប៉ាឡេស្ទីនអំពីជនរងគ្រោះនិងរបួសនោះទេ ។
ក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា មានការបាញ់ប្រហារគ្នារវាងជនសង្ស័យប្រដាប់អាវុធ និងទាហាន។
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន 52 នាក់ត្រូវបានសម្លាប់ចាប់តាំងពីចុងខែមីនា ដែលភាគច្រើននៅតំបន់ West Bank ក្នុងចំណោមពួកគេសង្ស័យថាជាពួកសកម្មប្រយុទ្ធ និងអ្នកមិនមែនជាអ្នកប្រយុទ្ធ រួមទាំងអ្នកកាសែត Al Jazeera លោកស្រី Shireen Abu Akleh ជនជាតិប៉ាឡេស្ទីន-អាម៉េរិក ។
កងកម្លាំងសន្តិសុខអ៊ីស្រាអែលបានបើកការវាយឆ្មក់ស្ទើរតែរាល់ថ្ងៃនៅតំបន់ West Bank បន្ទាប់ពីមានការវាយប្រហារនៅក្នុងប្រទេសអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ក្នុងរយៈពេលដូចគ្នានេះ មនុស្ស 19 នាក់ ដែលជាជនស៊ីវិលអ៊ីស្រាអែលភាគច្រើននៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានសម្លាប់ ដែលភាគច្រើននៅក្នុងការវាយប្រហារដោយជនជាតិប៉ាឡេស្ទីន ។ អ្នកវាយប្រហារអារ៉ាប់អ៊ីស្រាអែលបីនាក់ក៏ត្រូវបានសម្លាប់ដែរ ។
ប្រភព ៖ Reuters