មនុស្ស ៣ នាក់បានស្លាប់បន្ទាប់ពីខ្យល់បោកបក់ខ្លាំងបានកន្រ្តាក់ទាញពួកគេចេញតាមបង្អួចផ្ទះល្វែងរបស់ពួកគេនៅភាគខាងត្បូងប្រទេសចិន ខណៈដែលអាកាសធាតុអាក្រក់បូករួមទាំងភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសចិន ។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សសរុបចំនួន ៧ នាក់បានស្លាប់នៅក្នុងខេត្ត Jiangxi ចាប់តាំងពីមានខ្យល់បក់ និងខ្យល់កន្រ្តាក់ខ្លាំងបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ។ CCTV បានបន្ថែមថា ផ្ទះជាង ៥,៤០០ ត្រូវបានខូចខាត និងមនុស្ស ៣១៣,០០០ នាក់បានរងផលប៉ះពាល់ ដែលក្នុងនោះប្រហែល ១,៦០០នាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ។
យោងតាមសារព័ត៌មានរដ្ឋ Global Times បានឱ្យដឹងថា អាជ្ញាធរឧតុនិយមចិនបានចេញការប្រកាសអាសន្នពណ៌ទឹកក្រូច ដែលជាកម្រិតខ្ពស់បំផុតនៅលើប្រព័ន្ធព្រមានបីជាន់របស់ខ្លួន កាលពីថ្ងៃអង្គារ ដែលជាលើកទីមួយចាប់តាំងពីឆ្នាំ ២០១៣ ។ មនុស្ស ៤ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១០ នាក់បានរងរបួសត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានី Nanchang ដែលជាទីក្រុងដែលរងគ្រោះខ្លាំងបំផុត នៅពេលដែលមានព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យ។
ក្នុងចំណោមអ្នកស្លាប់ទាំង៣ មានស្ត្រីម្នាក់ដែលមានអាយុ ៦០ ឆ្នាំ និងចៅប្រុសអាយុ ១១ ឆ្នាំ ដែលត្រូវបានខ្យល់បក់កួចចេញពីបង្អួចខុនដូរបស់ពួកគេដោយខ្យល់បក់ខ្លាំង ដោយទៅជាមួយទាំងពូកទៀតផង ។ ស្ត្រីវ័យ៦០ឆ្នាំម្នាក់ផ្សេងទៀតមកពីអគារដដែលក៏ត្រូវខ្យល់បោកបក់ចេញពីបង្អួចដែរ ។
CNN