ក្រុមហ៊ុន Tesla ប្រមូលរថយន្តស្ទើរតែទាំងអស់របស់ខ្លួនដែលលក់​អាម៉េរិកមកវិញ ដោយសារមានបញ្ហាប្រព័ន្ធបើកបរស្វ័យប្រវត្តិ
Business Technology USA

ក្រុមហ៊ុន Tesla ប្រមូលរថយន្តស្ទើរតែទាំងអស់របស់ខ្លួនដែលលក់​អាម៉េរិកមកវិញ ដោយសារមានបញ្ហាប្រព័ន្ធបើកបរស្វ័យប្រវត្តិ

​ក្រុមហ៊ុន Tesla ប្រមូលរថយន្តជាងពីរលានគ្រឿងនៅក្នុងសហរដ្ឋអាម៉េរិក ដែលស្ទើរតែទាំងអស់នៃរថយន្តរបស់ខ្លួនបានលក់នៅទីនោះមកវិញ បន្ទាប់ពីនិយតករសហព័ន្ធបាននិយាយថា មានកំហុសនៅក្នុងប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់រថយន្តដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព ។

 

​​ក្រុមហ៊ុន Tesla បាននិយាយថា ការគ្រប់គ្រងប្រព័ន្ធសូហ្វវែរស្វ័យប្រវត្តិប្រហែលជាមិនគ្រប់គ្រាន់ទេក្នុងការទប់ស្កាត់ការប្រើប្រាស់ខុសរបស់អ្នកបើកបរ ។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បាននឹងកំពុងស៊ើបអង្កេតក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលដឹកនាំដោយមហាសេដ្ឋី Elon Musk អស់រយៈពេលជាង ២ ឆ្នាំមកដើម្បីរកឲ្យឃើញថាតើរថយន្ត Tesla ធានាបានគ្រប់គ្រាន់ថាអ្នកបើកបរយកចិត្តទុកដាក់នៅពេលប្រើប្រាស់ Autopilot ដែរឬទេ ។ ការប្រមូលរថយន្ត Tesla នេះជាការប្រមូលដ៏ធំបំផុតមិនធ្លាប់មានពីមុនមក ហាក់ដូចជាគ្របដណ្តប់ស្ទើរតែទាំងអស់នៃយានយន្តរបស់ខ្លួននៅលើផ្លូវក្នុងសហរដ្ឋអាម៉េរិក។

 

​ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកនេះក៏បានធ្លាក់ចុះ ២,៨ ភាគរយ​ផងដែរកាលពីរសៀលថ្ងៃពុធ ។

 

ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ឬAutopilot របស់ក្រុមហ៊ុន Tesla មានគោលបំណងធ្វើឱ្យរថយន្តអាចកាច់ចង្កូត បង្កើនល្បឿន និងហ្វ្រាំងដោយស្វ័យប្រវត្តិក្នុងគន្លងរបស់ពួកគេ ខណៈពេលដែល Autopilot ដែលត្រូវបានកែលម្អអាចជួយក្នុងការផ្លាស់ប្តូរគន្លងនៅលើផ្លូវហាយវេ ​។

 

Tesla បាននិយាយថា ខ្លួនមិនយល់ស្របនឹងការវិភាគរបស់ NHTSA ទេ ប៉ុន្តែនឹងបញ្ចេញការអាប់ដេតថ្មី ដែលនឹងបញ្ចូលការត្រួតពិនិត្យ និងការជូនដំណឹងបន្ថែមដល់អ្នកបើកបរ​នៅលើរថយន្តដែលរងផលប៉ះពាល់ ដើម្បីលើកទឹកចិត្តអ្នកបើកបរឱ្យប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវនៃការបើកបរជាបន្តរបស់ពួកគេ ​។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *