កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីល២គ្រាប់ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីគំរាមអាម៉េរិក
Asia

កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីល២គ្រាប់ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីគំរាមអាម៉េរិក

កូរ៉េខាងជើងបានបាញ់បង្ហោះ​មីស៊ីលផ្លោងចំនួនពីរគ្រាប់បន្ថែមទៀតនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីព្រឹកព្រលឹមថ្ងៃចន្ទ ដោយប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំគីម ជុងអ៊ុន បាននិយាយថា ការប្រើប្រាស់តំបន់ប៉ាស៊ីហ្វិករបស់ទីក្រុងព្យុងយ៉ាងជាកន្លែងបាញ់សាកល្បងមីស៊ីលនឹងអាស្រ័យលើឥរិយាបថរបស់កងកម្លាំងសហរដ្ឋអាម៉េរិក។

ការបាញ់បង្ហោះនេះធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចូលទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុន ដែលជំរុញឱ្យសហរដ្ឋអាម៉េរិកធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយកូរ៉េខាងត្បូង និងសមយុទ្ធដាច់ដោយឡែកជាមួយប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានបញ្ជាក់ថា ខ្លួនបានបាញ់មីស៊ីលពីរគ្រាប់ ចេញពីប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត​ សំដៅទៅកាន់គោលដៅចម្ងាយ ៣៩៥ គីឡូម៉ែត្រ ​និង ៣៣៧ គីឡូម៉ែត្រ ​។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា គ្រាប់រ៉ុក្កែតទំហំ៦០០ មីលីម៉ែត្រ ដែលត្រូវបានបាញ់អាចបំពាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដែលមានសមត្ថភាពបំផ្លាញអាកាសយានដ្ឋានសត្រូវ ។

ក្រសួងការពារជាតិជប៉ុនបាននិយាយថា កាំជ្រួចពីរគ្រាប់ដែលបានបាញ់នៅប្រហែលម៉ោង ៧ព្រឹក បានឈានដល់កម្ពស់អតិបរមាប្រហែល ១០០ គីឡូម៉ែត្រ និង ៥០ គីឡូម៉ែត្រ ហើយបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *