កូរ៉េខាងជើងបង្ហាញនាវាមុជទឹកនុយក្លេអ៊ែរជាយុទ្ធសាស្ត្រដំបូងគេបង្អស់របស់ខ្លួន
Asia

កូរ៉េខាងជើងបង្ហាញនាវាមុជទឹកនុយក្លេអ៊ែរជាយុទ្ធសាស្ត្រដំបូងគេបង្អស់របស់ខ្លួន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយកាលពីព្រឹកថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមដាក់ឲ្យប្រតិបត្តិការនូវនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រលើកដំបូងរបស់ខ្លួន ហើយបានប្រគល់វាទៅឱ្យកងនាវាចរណ៍ដែលល្បាតក្នុងដែនទឹករវាងឧបទ្វីបកូរ៉េ និងជប៉ុន ។

មេដឹកនាំកូរ៉េខាជើងលោក គីម ជុងអ៊ុន បាននិយាយនៅក្នុងពិធីដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃពុធថា នាវាមុជទឹកលេខ 841 ដែលមានឈ្មោះថា Hero Kim Kun Ok ជាឈ្មោះតួអង្គប្រវត្តិសាស្ត្រកូរ៉េខាងជើង នឹងក្លាយជា “មធ្យោបាយវាយលុកក្រោមទឹកដ៏សំខាន់មួយរបស់កងកម្លាំងជើងទឹក” របស់ប្រទេសកូរ៉េខាងជើង ។

ក្រុមអ្នកវិភាគបាននិយាយថា នាវានេះមើលទៅស្រដៀងនឹងនាវាមុជទឹក Romeo-class សម័យសូវៀតដែលកូរ៉េខាងជើងបានទិញពីប្រទេសចិនក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ហើយបានចាប់ផ្តើមផលិតក្នុងស្រុក ។

យោធាកូរ៉េខាងត្បូងបាននិយាយថា នាវាមុជទឹកនេះមិនបានត្រៀមខ្លួនសម្រាប់ប្រតិបត្តិការធម្មតាទេ ហើយមានសញ្ញាថា កូរ៉េខាងជើងកំពុងព្យាយាមបំផ្លើសសមត្ថភាពរបស់ខ្លួន ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា នៅក្នុងពិធីដាក់ឲ្យប្រើប្រាស់នាវាមុជទឹកនេះ លោក គីម បាននិយាយថា ការបំពាក់អាវុធដល់កងទ័ពជើងទឹកដោយអាវុធនុយក្លេអ៊ែរ គឺជាកិច្ចការបន្ទាន់មួយ ហើយបានសន្យាថា នឹងមាននាវានៅក្រោមទឹក និងផ្ទៃទឹកបន្ថែមទៀត ដែលបំពាក់ដោយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ សម្រាប់កងកម្លាំងជើងទឹក ។ ប្រទេសកូរ៉េខាងជើងក៏គ្រោងនឹងប្រែក្លាយនាវាមុជទឹកដែលមានស្រាប់ផ្សេងទៀត ទៅជានាវាប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ហើយពន្លឿនការជំរុញរបស់ខ្លួន ដើម្បីបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅទីបំផុត ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *