អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារលោកពីក្រោយ ហើយធ្លាយចំដើមទ្រូង ខណៈពេលដែលលោកកំពុងថ្លែងសុន្ទរកថា ហើយមិនមានបង្ហាញសញ្ញា ថាលោកអាចរស់រានមានជីវិតឡើយ បន្ទាប់ពីរងការវាយប្រហារពីខាងក្រោយ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Abe អាយុ 67 ឆ្នាំត្រូវបានវាយប្រហារ និងហូរឈាមចេញក្នុងពេលដែលលោកកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់សភាជាន់ខ្ពស់ក្នុងទីក្រុង Nara ។
ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍កាលពីថ្ងៃសុក្រថា អតីតនាយករដ្ឋមន្ត្រីបានដួលសន្លប់នៅប្រហែលម៉ោង 11 និង 30 នាទីព្រឹក ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីអ្នកសារព័ត៌មានក្នុងស្រុកបាននិយាយថា បានឮសំឡេងកាំភ្លើង។
បណ្តាញផ្សព្វផ្សាយជាច្រើនរួមទាំងទីភ្នាក់ងារសារព័ត៌មានក្យូដូ បាននិយាយថា អតីតនាយករដ្ឋមន្ត្រីត្រូវបានបាញ់ប្រហារ ដោយទាំង Kyodo News និងទូរទស្សន៍សាធារណៈ NHK រាយការណ៍ពីសំឡេងនៃគ្រាប់កាំភ្លើង ។ អតីតមេដឹកនាំត្រូវបានគេរាយការណ៍ថាបានសន្លប់បន្ទាប់ពីឧប្បត្តិហេតុ។
បុរសម្នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ហើយប៉ូលិសកំពុងស៊ើបអង្កេត ខណៈក្រុមគ្រូពេទ្យប្រញាប់ប្រញាល់ជួយសង្គ្រោះជីវិតលោក Abe ។
ប្រភព ៖ Daily Mail