លោក Gautam Adani បានវ៉ាដាច់ស្ថាបនិក Amazon លោក Jeff Bezos ដើម្បីក្លាយជាអ្នកមានបំផុតទីពីរនៅលើពិភពលោក ។ យោងតាមទស្សនាវដ្ដី Forbes លោក Adani បច្ចុប្បន្នមានទ្រព្យសម្បត្តិជាង 155.7 ពាន់លានដុល្លារ ដោយគាត់នាំមុខលោក Bernard Arnault ជនជាតិបារាំងបន្តិច ដែលមានទ្រព្យសម្បត្តិ 155.2 ពាន់លានដុល្លារ ។ លោក Jeff Bezos បានធ្លាក់មកចំណាត់ថ្នាក់ទី 4 បន្ទាប់ពីការធ្លាក់ចុះនៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយលោកមានទ្រព្យសម្បត្តិជាង 149 ពាន់លានដុល្លារ ។ លោក Adani បានក្លាយជាបុរសទីមួយដែលមកពីអាស៊ីដែលក្លាយជាអ្នកមានបំផុតទីពីរក្នុងពិភពលោក ។ នៅពេលនេះ គាត់កំពុងតាមពីក្រោយតែលោក Elon Musk ដែលបន្តក្លាយជាអ្នកមានបំផុតនៅលើភពផែនដី ជាមួយនឹងទ្រព្យសម្បត្តិសរុប 273 ពាន់លានដុល្លារ ។
នៅចុងឆ្នាំ 2019 លោក Elon Musk និងលោក Gautam Adani មិនស្ថិតក្នុងបញ្ជីអ្នកមានបំផុតទាំង 50 នៅលើពិភពលោកនោះទេ ដោយលោក Elon Musk ជាប់ចំណាត់ថ្នាក់ទី 54 ខណៈដែលលោក Gautam Adani ជាប់ចំណាត់ថ្នាក់លេខ 68 ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជិត 5 ដងហើយធ្វើឱ្យ Elon Musk ក្លាយជាបុរសមានបំផុតនៅលើពិភពលោក ។