ការស្រាវជ្រាវបង្ហាញថាផ្ទាំងទឹកកក Zombie ក្នុងតំបន់ Greenland កំពុងរលាយយ៉ាងឆាប់រហ័ស បណ្តាលឱ្យកម្រិតទឹកសមុទ្រក្នុងពិភពលោកកើនឡើងយ៉ាងហោចណាស់កំពស់ ២៧ សង់ទីម៉ែត្រ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន US News ។
ការស្រាវជ្រាវចុងក្រោយនៅលើផ្ទាំងទឹកកកក្នុងតំបន់ Greenland ត្រូវបានទស្សនាវដ្ដីវិទ្យាសាស្ត្រ Nature Climate Change ចុះផ្សាយកាលពីម្សិលមិញ 29សីហា ថា មានការរលាយយ៉ាងឆាប់រហ័សនៃផ្ទាំងទឹកកក Zombie ច្រើនជាង 3.3%នៃផ្ទាំងទឹកកកសរុបក្នុងតំបន់នេះ ។ បរិមាណនៃការរលាយផ្ទាំងទឹកកកជាង 120លានតោននឹងប៉ះពាល់ដល់កម្រិតទឹកសមុទ្រនៅជុំវិញពិភពលោកយ៉ាងហោចណាស់កម្ពស់ 10.6អ៊ីង ឬស្មើនឹង 27សង់ទីម៉ែត្រ ដែលជាចំនួនច្រើនទ្វេដងពីការប៉ាន់ស្មានកាលពីពេលមុន ។
ការស្រាវជ្រាវនេះមានឈ្មោះថា Greenland ice sheet climate disequilibrium and committed sea-level rise បានបង្ហាញថា ផ្ទាំងទឹកកក Zombie មួយចំនួនបាននឹងកំពុងរលាយ ហើយខ្លះនៅជាប់នឹងផ្ទាំងទឹកកកក្រាស់ដដែល មូលហេតុនៃការរលាយដ៏ឆាប់រហ័សបែបនេះគឺដោយសារតែព្រិលធ្លាក់តិចបំផុតក្នុងឆ្នាំនេះ ។
លោក William Kolgan អ្នកជំនាញផ្នែកផ្ទាំងទឹកកកប្រចាំនៅវិទ្យាស្ថាន Geological Survey of Denmark and Greenland បាននិយាយថា ប្រសិនបើផ្ទាំងទឹកកកទាំងនេះមិនត្រូវបានបន្ថែមទៅដោយចំនួនព្រិលដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ នោះវានឹងរលាយដោយសារឥទ្ធិពលនៃការកើនកម្ដៅផែនដី ហើយនឹងធ្វើឱ្យកម្ពស់ទឹកសមុទ្រកើនឡើងដោយជៀសមិនផុត ។