ក្រសួងការបរទេសចិនបានចោទប្រកាន់សហរដ្ឋអាម៉េរិកថា ជាអ្នកចាប់ផ្តើមវិបត្តិនៅអ៊ុយក្រែន និងបញ្ឆេះជម្លោះនៅក្នុងប្រទេសអឺរ៉ុបខាងកើត ។
អ្នកនាំពាក្យ Zhao Lijian បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ឈប់ការលេងល្បែងធ្វើជា “ប៉ូលីសពិភពលោក” ហើយធ្វើការលើការបង្កើតលក្ខខណ្ឌសម្រាប់កិច្ចចរចាសន្តិភាពជំនួសវិញ ។
លោក Zhao ត្រូវបានសួរអំពីការកត់សម្គាល់ថ្មីៗពីអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក Ned Price ដែលបានគំរាមកំហែងប្រទេសចិនម្តងទៀតថា ទីក្រុងប៉េកាំងជួយកំពុងទីក្រុងម៉ូស្គូឲ្យគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដោយមិនបានផ្តល់ភស្តុតាងថារឿងនេះកំពុងកើតឡើងឬនៅទេ ។
លោក Zhao បាននិយាយថា ចិនប្រកាន់គោលជំហរដោយយុត្តិធម៌ និងឈរនៅខាងសន្តិភាព ដោយចោទលោក Price ថាដូចជាអាម៉េរិកជាប៉ូលិសពិភពលោក ។
លោក Zhao បាននិយាយបន្តថា ក្នុងនាមជាអ្នកចាប់ផ្តើមវិបត្តិអ៊ុយក្រែន និងជាកត្តាដ៏ធំបំផុតដែលជំរុញឱ្យវិបត្តិកាន់តែក្ដៅ សហរដ្ឋអាម៉េរិកចាំបាច់ត្រូវគិតគូរយ៉ាងស៊ីជម្រៅលើសកម្មភាពខុសឆ្គងរបស់ខ្លួនក្នុងការដាក់សម្ពាធខ្លាំង និងការដុតភ្លើងលើបញ្ហាអ៊ុយក្រែន ។
«យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការសង្ស័យ ការគំរាមកំហែង និងសម្ពាធដែលមានគោលដៅលើប្រទេសចិន ។ យើងក៏ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទណ្ឌកម្មខុសច្បាប់ដោយឯកតោភាគី»។
លោក Zhao បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនត្រូវ “បញ្ឈប់ការប្រឈមមុខដាក់គ្នាក្នុងប្លុក និងបង្កើតសង្រ្គាមត្រជាក់ថ្មី ដោយទាញយកប្រយោជន៍ពីស្ថានការណ៍” ដោយជំរុញឱ្យសហរដ្ឋអាម៉េរិកជំនួសវិញដោយធ្វើការ”សម្របសម្រួលការដោះស្រាយវិបត្តិឱ្យបានត្រឹមត្រូវតាមមធ្យោបាយប្រកបដោយការទទួលខុសត្រូវ និងបង្កើតបរិយាកាស និងលក្ខខណ្ឌចាំបាច់។ សម្រាប់ការចរចាសន្តិភាពរវាងភាគីពាក់ព័ន្ធ»។