កងទ័ពអាកាសឥណ្ឌាកាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនបានបណ្តេញមន្ត្រីរបស់ខ្លួនចំនួន3នាក់ បន្ទាប់ពីពួកគេបាញ់មីស៊ីលដោយចៃដន្យលើប្រទេសប៉ាគីស្ថានកាលពីខែមីនា ។ យ៉ាងណាមិញករណីនេះពិតជាសំណាងល្អផងដែរ ដែលប្រទេសមានអាវុធនុយក្លេអ៊ែរទាំងពីរ ចេះដោះស្រាយស្ថានការណ៍ដោយសន្តិវិធី ម្យ៉ាងវិញទៀតនោះករណីនេះមិនបានបណ្តាលឱ្យមានការខាតបង់ធំដុំផង នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។
រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនបានបញ្ជាឲ្យបណ្តេញមន្ត្រីទាំង3នាក់នោះចេញពីតំណែងរួចរាល់ហើយ ដោយអនុវត្តិយ៉ាងមានប្រសិទ្ធភាពភ្លាមៗនៅថ្ងៃអង្គារម្សិលមិញនេះ ។
យោងតាមទិន្នន័យរបស់សមាគមគ្រប់គ្រងអាវុធ ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានឱ្យដឹងថា មីស៊ីល BrahMos មានរយៈចម្ងាយចន្លោះពី 300គីឡូម៉ែត្រ ទៅ 500គីឡូម៉ែត្រ ដ៏មានសក្តានុពលនេះអាចវាយប្រហារលើទីក្រុង Islamabad របស់ប្រទេសប៉ាគីស្ថានបានដោយងាយ ប្រសិនបើវាត្រូវបានបាញ់ចេញពីទីតាំងឈរជើងនៅភាគខាងជើងប្រទេសឥណ្ឌា ។