ក្រសួងការពារជាតិរ៉ូម៉ានីបានបដិសេធរបាយការណ៍ដែលថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានធ្លាក់ និងផ្ទុះនៅលើទឹកដីរ៉ូម៉ានីដែលជាសមាជិកអង្គការណាតូក្នុងការវាយប្រហារពេញមួយយប់លើហេដ្ឋារចនាសម្ពន្ធកំពង់ផែអ៊ុយក្រែននៅតំបន់ Odessa ។
ការបដិសេធនេះកើតឡើងក្រោយក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើកបានផ្ទុះនៅលើទឹកដីរ៉ូម៉ានី ដែលជាប់ព្រំដែនអ៊ុយក្រែន ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Facebook អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក Oleg Nikolenko បានជំរុញឱ្យដៃគូលោកខាងលិចពន្លឿនការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសដល់អ៊ុយក្រែន ។
ពេញមួយយប់ថ្ងៃអាទិត្យ កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចំនួន ១៧ គ្រឿងនៅលើតំបន់ Odesa ដោយបន្ថែមថាការវាយប្រហារបានបណ្តាលឱ្យមានការខូចខាតនៅក្នុងស្រុកមួយនៅទន្លេ Danube ជាប់ព្រំដែនសមាជិកណាតូរ៉ូម៉ានី ។
Reuters