លោក គីម ជុងអ៊ុន មេដឹកនាំរបស់កូរ៉េខាងជើងបានប្រកាសជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ដោយប្អូនស្រីរបស់មេដឹកនាំរូបនេះក៏បានបានប្តេជ្ញាថា “សងសឹកយ៉ាងខ្លាំងខ្លាំបំផុត” ប្រឆាំងនឹងកូរ៉េខាងត្បូង ដែលខ្លួនបានស្តីបន្ទោសចំពោះការបង្កឱ្យមានការផ្ទុះឡើង ។
លោក គីម ជុងអ៊ុន បានបញ្ជាឱ្យដកវិធានការប្រឆាំងការរីករាលដាលជាអតិបរមាដែលបានដាក់ក្នុងខែឧសភា ដោយបន្ថែមថា កូរ៉េខាងជើងត្រូវតែរក្សា “របាំងដែកប្រឆាំងការរាតត្បាតដ៏រឹងមាំ និងពង្រឹងការងារប្រឆាំងការរីករាលដាលរហូតដល់ចុងបញ្ចប់នៃវិបត្តិសុខភាពពិភពលោក” នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ។
កូរ៉េខាងជើងមិនបានបញ្ជាក់ថាមានមនុស្សប៉ុន្មាននាក់ដែលបានកើតកូវីដ-១៩ ទេប៉ុន្តែបានរាយការណ៍ជំនួសវិញនូវចំនួនអ្នកជំងឺគ្រុនក្តៅប្រចាំថ្ងៃ ដែលសរុបមានប្រហែល 4.77 លាននាក់ ប៉ុន្តែមិនមានករណីបែបនេះថ្មីទេចាប់តាំងពីថ្ងៃទី 29 ខែកក្កដា ។
ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បាននិយាយថា មេដឹកនាំវ័យក្មេងរូបនេះក៏មានរោគសញ្ញាគ្រុនក្តៅដែរ នេះបើយោងតាមសារព័ត៌មានរដ្ឋ KCNA ដែលបង្ហាញជាលើកដំបូងថាគាត់ប្រហែលជាបានឆ្លងវីរុសនេះ ។
នាងមិនបានបញ្ជាក់លម្អិតពីសុខភាពរបស់លោក គីម ជុងអ៊ុន ទេ ប៉ុន្តែនាងបានបន្ទោសមកខិត្តប័ណ្ណដែលបានបញ្ជូនមកពីប្រទេសកូរ៉េខាងត្បូងដែលរកឃើញនៅជិតព្រំដែនថាបានបង្កឱ្យមានការផ្ទុះឡើងនូវជំងឺនេះ ។
អ្នករត់ចោលស្រុក និងសកម្មជនកូរ៉េខាងជើងដែលបានទៅរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអស់ជាច្រើនទសវត្សរ៍បានបញ្ជូនប៉េងប៉ោងដែលមានភ្ជាប់ខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងទៅកាន់កូរ៉េខាងជើង រួមជាមួយនឹងអាហារ ថ្នាំពេទ្យ លុយ និងរបស់របរផ្សេងៗទៀត ។