អ្នកឃ្លាំមើលសង្គ្រាមបាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានសម្លាប់មនុស្ស 7 នាក់ក្នុងនោះ 4 នាក់ជាកុមារ នៅក្នុងតំបន់ Idlib ដែលគ្រប់គ្រងដោយពួកឧទ្ទាមកាលពីថ្ងៃសុក្រ ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ខ្លួនបានបញ្ជាក់ពីការស្លាប់នេះ “រួមទាំងកុមារ ៤នាក់ ដែលជាបងប្អូនបង្កើត បុរសពីរនាក់ និងជនមិនស្គាល់អត្តសញ្ញាណម្នាក់ ជាលទ្ធផលនៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ី” នៅតំបន់ជនបទ Jisr al-Shughur ។
លោក Rami Abdel Rahman ដែលជាប្រធានក្រុមសង្កេតការណ៍មានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា កុមារដែលបានស្លាប់ទាំងអស់មានអាយុក្រោម ១០ ឆ្នាំ។
ក្រុមសង្កេតការណ៍បាននិយាយថា ជនរងគ្រោះប្រាំមួយនាក់ត្រូវបានបញ្ជាក់ថាជាជនស៊ីវិល ដោយបន្ថែមថាមនុស្សជាច្រើនទៀតរួមទាំងស្ត្រី និងកុមារនៅតែជាប់នៅក្រោមគំនរបាក់បែក។
អ្នកឃ្លាំមើលនេះបាននិយាយថា ជនរងគ្រោះភាគច្រើនជាជនជាតិស៊ីរីផ្លាស់ទីលំនៅមកពីខេត្ត Hama ដែលនៅជិតខាង ។ រុស្ស៊ីជាអ្នកគាំទ្រដ៏សំខាន់នៃរបបលោកប្រធានាធិបតី Bashar al-Assad ដោយមានការគាំទ្រពីរុស្ស៊ី និងអ៊ីរ៉ង់ ទីក្រុងដាម៉ាសបានទាមទារមកវិញនូវដីជាច្រើនដែលបាត់បង់នៅក្នុងដំណាក់កាលដំបូងនៃជម្លោះ ដែលបានផ្ទុះឡើងក្នុងឆ្នាំ 2011 នៅពេលដែលរដ្ឋាភិបាលបានគាបសង្កត់យ៉ាងឃោរឃៅទៅលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ។
សង្រ្គាមនៅប្រទេសស៊ីរីបានសម្លាប់មនុស្សជិតកន្លះលាននាក់ និងបានបង្ខំប្រជាជនប្រហែលពាក់កណ្តាលនៃប្រជាជនមុនសង្គ្រាមរបស់ប្រទេសនេះចេញពីផ្ទះរបស់ពួកគេ ។
ប្រភព ៖ AFP