UN ៖ជនរងគ្រោះ​រាប់​ពាន់​នាក់នៅក្នុងប្រទេស ភូមា​ និងកម្ពុជាត្រូវបាន​ក្រុមឧក្រិដ្ឋជនបង្ខំឱ្យធ្វើសកម្មភាពបោកប្រាស់តាមអ៊ីនធើណេត
Asia

UN ៖ជនរងគ្រោះ​រាប់​ពាន់​នាក់នៅក្នុងប្រទេស ភូមា​ និងកម្ពុជាត្រូវបាន​ក្រុមឧក្រិដ្ឋជនបង្ខំឱ្យធ្វើសកម្មភាពបោកប្រាស់តាមអ៊ីនធើណេត

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ (29 សីហា) ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មនុស្សរាប់សែននាក់កំពុងត្រូវបានបង្ខិតបង្ខំ ការធ្វើទារុណកម្មដោយក្រុមឧក្រិដ្ឋជនឱ្យធ្វើសកម្មភាពបោកប្រាស់តាមអ៊ីនធឺណេត   ។

UN បាននិយាយនៅក្នុងរបាយការណ៍មួយថា មនុស្សជាច្រើនត្រូវបានគេជួញដូរឱ្យធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញ ហើយប្រឈមមុខនឹងការរំលោភធ្ងន់ធ្ងរ ដូចជាការធ្វើទារុណកម្ម ឬអំពើហិង្សាផ្លូវភេទ ។ ប្រធានទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយថា “អ្នកដែលត្រូវបានបង្ខិតបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការបោកប្រាស់ទាំងនេះ ស៊ូទ្រាំនឹងការប្រព្រឹត្តដោយអំពើអមនុស្សធម៌ ពីសំណាក់​ក្រុមឧក្រិដ្ឋជនឱ្យប្រព្រឹត្តឧក្រិដ្ឋកម្ម” ។ “ពួកគេទាំងនោះជាជនរងគ្រោះ ។ ពួកគេមិនមែនជាឧក្រិដ្ឋជនទេ”។

របាយ​ការណ៍នោះក៏​បាន​កត់​សម្គាល់​ថា ទំហំ​នៃ​សកម្មភាពបោកប្រាស់នៅតាម​តំបន់អាស៊ី​អាគ្នេយ៍​គឺ​ពិបាក​ក្នុង​ការ​វាស់​ស្ទង់​ដោយ​សារ​តែ​លក្ខណៈ​នៃ​ការ​លាក់​កំបាំង ​និង​ចន្លោះ​ប្រហោង​ក្នុង​ការ​ឆ្លើយ​តប​របស់​អាជ្ញាធរក្នុងតំបន់ ។

ទោះបីជាយ៉ាងណាក៏ដោយរបាយការណ៍បាននិយាយថា ប្រភពដែលអាចជឿទុកចិត្តបានបានបង្ហាញថាយ៉ាងហោចណាស់មនុស្ស ១២០,០០០ នៅទូទាំងប្រទេសមីយ៉ាន់ម៉ាអាចនឹងត្រូវបាន​បង្ខំឱ្យអនុវត្តការបោកប្រាស់តាមអ៊ីនធឺណិត ។ ខណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រហែល ១០ ម៉ឺន​នាក់ ។ ឡាវ ហ្វីលីពីន និងថៃ ស្ថិតក្នុងចំណោមប្រជាជាតិផ្សេងទៀតនៅក្នុងតំបន់ដែលត្រូវបានកំណត់ថាជាប្រទេសសំខាន់នៃទិសដៅ​ឆ្លងកាត់របស់ជនរងគ្រោះ មកពីទូទាំងតំបន់អាស៊ាន ចិនដីគោក ហុងកុង តៃវ៉ាន់ អាស៊ីខាងត្បូង និងផ្សេងទៀតមកពីអាហ្វ្រិក និងអាមេរិកឡាទីន ។

UN បាននិយាយថា មជ្ឈមណ្ឌលបោកប្រាស់ទាំងនោះ បង្កើតប្រាក់ចំណូលបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ​។ របាយការណ៍បន្ថែមថា មនុស្សភាគច្រើនដែលត្រូវបានជួញដូរក្នុងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតគឺជាបុរស ខណៈស្ត្រី និងក្មេងជំទង់ក៏ជាជនរងគ្រោះផងដែរ ។

​បណ្តាញខុសច្បាប់ទាំងនេះទទួលបានអត្ថប្រយោជន៍ពីជំងឺរាតត្បាតកូវីដ-១៩ ដោយសារមនុស្សភាគច្រើនជាប់គាំងក្នុងប្រទេស និងគ្មានការងារធ្វើ ដោយសារការបិទព្រំដែន និងការបិទអាជីវកម្ម។ ការបិទខ្ទប់បានធ្វើឲ្យមនុស្សចំណាយពេលច្រើនលើអ៊ីនធើណេត ហើយងាយនឹងក្លាយទៅជាគោលដៅនៃការបោកប្រាស់តាមអ៊ីនធើណិត ។

ប្រែសម្រួលទាំងស្រុងពី CNA

ដោយ​ Sok Sorphorn ,ពិនិត្យដោយ Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *