អ៊ុយក្រែននឹងទទួលបានរថក្រោះ Abrams ជារថក្រោះទំនើបបំផុតរបស់សហរដ្ឋអាម៉េរិកក្នុងសប្ដាហ៍នេះ
Rusia Ukraine War

អ៊ុយក្រែននឹងទទួលបានរថក្រោះ Abrams ជារថក្រោះទំនើបបំផុតរបស់សហរដ្ឋអាម៉េរិកក្នុងសប្ដាហ៍នេះ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន បានប្រកាសថា រថក្រោះ Abrams ផលិតដោយសហរដ្ឋអាម៉េរិកដំបូងគេ នឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែននៅសប្តាហ៍នេះ ដែលជាការចែកចាយអាវុធធុនធ្ងន់ដ៏សំខាន់មួយ នៅពេលដែលកងកម្លាំងអ៊ុយក្រែនកំពុងចូលរួមក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លានៅលើសមរភូមិជួរមុខជាមួយរុស្ស៊ី បន្ទាប់ពីមានការយឺតយ៉ាវជាច្រើនខែក្នុងប្រតិបត្តិការវាយបកដណ្ដើមទឹកដី ។

លោក បៃដិន បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃព្រហស្បតិ៍ទី ២១ កញ្ញា បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ជាកន្លែងដែលសហរដ្ឋអាម៉េរិកបានបង្ហាញកញ្ចប់ជំនួយយោធាថ្មីចំនួន ៣២៥ លានដុល្លារសម្រាប់អ៊ុយក្រែន។

លោក បៃដិន បាននិយាយនៅឯសេតវិមាន រួមជាមួយនឹងលោក ហ្សេលេនស្គី ដែលកំពុងធ្វើទស្សនកិច្ចជាលើកទីពីររបស់គាត់ទៅកាន់សហរដ្ឋអាម៉េរិក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ថា “សប្តាហ៍ក្រោយ រថក្រោះ Abrams ទីមួយរបស់អាមេរិក នឹងត្រូវបានចែកចាយនៅអ៊ុយក្រែន” ។

ចំណែកនៅអំឡុងពេលទស្សនកិច្ចរបស់លោក ហ្សេលេនស្គី នៅអាម៉េរិកទូរទស្សន៍ NBC News បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន បានជូនដំណឹងដល់មេដឹកនាំអ៊ុយក្រែន ថាទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ឱ្យទីក្រុងគៀវនូវមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ជាមីស៊ីលដែលអ៊ុយក្រែនបានស្នើសុំម្តងហើយម្តងទៀតដល់រដ្ឋបាល បៃដិនសម្រាប់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់កងទ័ព (ATACMS) ដើម្បីជួយដល់ការវាយប្រហារបណ្តាញផ្គត់ផ្គង់ មូលដ្ឋានទ័ពអាកាស និងបណ្តាញផ្លូវដែកដែលជ្រៅនៅពីក្រោយខ្សែត្រៀមជួរមុខរបស់រុស្ស៊ី ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *