មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋបាលលោក បៃដិនបានប្រើប្រាស់ច្បាប់គ្រាអាសន្ន ដើម្បីអនុញ្ញាតឱ្យលក់គ្រាប់រំសេវសម្រាប់រថក្រោះប្រហែល ១៤,០០០ គ្រាប់ទៅឱ្យអ៊ីស្រាអែល ដោយមិនមានការត្រួតពិនិត្យពីសភា។
មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងការបរទេសកាលពីថ្ងៃសុក្របានប្រើប្រាស់ច្បាប់ស្តីពីការនាំចេញអាវុធក្នុងពេលអាសន្នសម្រាប់គ្រាប់រំសវរថក្រោះដែលមានតម្លៃ ១០៦,៥ លានដុល្លារសម្រាប់ការបញ្ជូនភ្លាមៗទៅកាន់ប្រទេសអ៊ីស្រាអែល ។
គ្រាប់រំសេវសម្រាប់រថក្រោះគឺជាផ្នែកមួយនៃការលក់ដ៏ធំមួយដែលត្រូវបានរាយការណ៍ដំបូងដោយ Reuters នៅថ្ងៃសុក្រថា រដ្ឋបាលលោក Biden កំពុងស្នើឲ្យសភាអាមេរិកអនុម័ត។ កញ្ចប់ធំជាងនេះមានតម្លៃជាង ៥០០ លានដុល្លារ និងរួមបញ្ចូលគ្រាប់រំសេវ ៤៥,០០០ គ្រាប់សម្រាប់រថក្រោះ Merkava របស់អ៊ីស្រាអែល ដែលត្រូវបានដាក់ពង្រាយនៅក្នុងការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ ។
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១៧,៧០០ នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ដោយមានរបួសជាង ៤៨,៨០០ នាក់។ កាលពីថ្ងៃសុក្រ សហរដ្ឋអាម៉េរិកបានវេតូការទាមទាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់នៅតំបន់ហ្គាហ្សា ។
ក្រុមអ្នកតស៊ូមតិសិទ្ធិបានសម្តែងការព្រួយបារម្ភលើការលក់នេះ ដោយនិយាយថា វាមិនស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីកាត់បន្ថយចំនួនជនស៊ីវិលដែលបាត់បង់ជីវិត ។
មន្ត្រីក្រសួងការបរទេសមួយរូបកាលពីថ្ងៃសៅរ៍បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តមានភាពច្បាស់លាស់ជាមួយរដ្ឋាភិបាលអ៊ីស្រាអែលថា អ៊ីស្រាអែលត្រូវតែគោរពតាមច្បាប់អន្តរជាតិ និងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។
Reuters