អាម៉េរិកលក់អាវុធដែលមានតម្លៃជាង ១០០លានដុល្លារឲ្យអ៊ីស្រាអែល ក្រោយប្រឆាំងមិនឲ្យមានបទឈប់បាញ់នៅហ្គាហ្សា
USA War

អាម៉េរិកលក់អាវុធដែលមានតម្លៃជាង ១០០លានដុល្លារឲ្យអ៊ីស្រាអែល ក្រោយប្រឆាំងមិនឲ្យមានបទឈប់បាញ់នៅហ្គាហ្សា

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋបាលលោក បៃដិនបានប្រើប្រាស់ច្បាប់គ្រាអាសន្ន ដើម្បីអនុញ្ញាតឱ្យលក់គ្រាប់រំសេវសម្រាប់រថក្រោះប្រហែល ១៤,០០០ គ្រាប់ទៅឱ្យអ៊ីស្រាអែល ដោយមិនមានការត្រួតពិនិត្យពីសភា។

 

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងការបរទេសកាលពីថ្ងៃសុក្របានប្រើប្រាស់​ច្បាប់ស្តីពីការនាំចេញអាវុធក្នុងពេលអាសន្នសម្រាប់គ្រាប់រំសវរថក្រោះដែលមានតម្លៃ ១០៦,៥ លានដុល្លារសម្រាប់ការបញ្ជូនភ្លាមៗទៅកាន់ប្រទេសអ៊ីស្រាអែល ។

 

គ្រាប់​រំសេវសម្រាប់រថក្រោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​លក់​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ Reuters នៅ​ថ្ងៃ​សុក្រ​ថា រដ្ឋបាល​លោក Biden កំពុង​ស្នើ​ឲ្យ​សភា​អាមេរិក​អនុម័ត។ កញ្ចប់ធំជាងនេះមានតម្លៃជាង ៥០០ លានដុល្លារ និងរួមបញ្ចូលគ្រាប់​រំសេវ ៤៥,០០០ គ្រាប់សម្រាប់រថក្រោះ Merkava របស់អ៊ីស្រាអែល ដែលត្រូវបានដាក់ពង្រាយនៅក្នុងការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ ។

 

យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១៧,៧០០ នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ដោយមានរបួសជាង ៤៨,៨០០ នាក់។ កាល​ពី​ថ្ងៃ​សុក្រ សហរដ្ឋ​អាម៉េរិក​បាន​វេតូ​ការ​ទាមទារ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​បទ​ឈប់​បាញ់​មនុស្សធម៌​ជា​បន្ទាន់​នៅ​តំបន់ហ្គាហ្សា ។ ​

 

ក្រុមអ្នកតស៊ូមតិសិទ្ធិបានសម្តែងការព្រួយបារម្ភលើការលក់នេះ ដោយនិយាយថា វាមិនស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីកាត់បន្ថយចំនួនជនស៊ីវិលដែលបាត់បង់ជីវិត ។

 

មន្ត្រីក្រសួងការបរទេសមួយរូបកាលពីថ្ងៃសៅរ៍បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តមានភាពច្បាស់លាស់ជាមួយរដ្ឋាភិបាលអ៊ីស្រាអែលថា អ៊ីស្រាអែល​ត្រូវតែគោរពតាមច្បាប់អន្តរជាតិ និងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *