សមាជិកសភាអាម៉េរិកអំពាវនាវឱ្យបញ្ចប់ការនាំចេញបច្ចេកវិទ្យាទាំងអស់ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei, SMIC ​បន្ទាប់ពីក្រុមហ៊ុមទាំងនេះផលិតបានបន្ទះឈីបដាក់នៅក្នុងស្មាតហ្វូនថ្មី
Business China Technology USA

សមាជិកសភាអាម៉េរិកអំពាវនាវឱ្យបញ្ចប់ការនាំចេញបច្ចេកវិទ្យាទាំងអស់ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei, SMIC ​បន្ទាប់ពីក្រុមហ៊ុមទាំងនេះផលិតបានបន្ទះឈីបដាក់នៅក្នុងស្មាតហ្វូនថ្មី

ប្រធានគណៈកម្មាធិការសភាអាម៉េរិកបាននិយាយកាលពីថ្ងៃពុធថា នាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាម៉េរិកគួរតែបញ្ចប់ការនាំចេញបច្ចេកវិទ្យាទាំងអស់ទៅកាន់ក្រុមហ៊ុន Huawei Technologies និងក្រុមហ៊ុន semiconductor កំពូលរបស់ប្រទេសចិន បន្ទាប់ពីការរកឃើញបន្ទះឈីបថ្មីនៅក្នុងទូរស័ព្ទ Huawei ដែលអាចបំពានលើការរឹតបន្តឹងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកដែលព្យាយាមសង្កត់ករក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ។

ការអត្ថាធិប្បាយរបស់អ្នកតំណាងលោក Mike Gallagher សមាជិកសភាសាធារណៈរដ្ឋដ៏មានឥទ្ធិពលបានជំរុញឱ្យរដ្ឋបាលលោក បៃដិន ប្រកាន់ជំហរតឹងរ៉ឹងជាងមុនលើការបញ្ជូនបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ចិន Huawei កាលពីសប្តាហ៍មុនបានចាប់ផ្តើមចេញលក់ទូរស័ព្ទជំនាន់ចុងក្រោយបង្អស់របស់ខ្លួន Mate 60 Pro ។ ទូរស័ព្ទនេះមានបន្ទះឈីបដែលអ្នកវិភាគជឿថាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Semiconductor International Manufacturing Corp (SMIC) ។

លោក Gallagher បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទះឈីបនេះទំនងជាមិនអាចត្រូវបានផលិតដោយគ្មានបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិកទេ ដូច្នេះហើយ SMIC អាចនឹងបំពានច្បាប់ផលិតផលផ្ទាល់ពីបរទេសរបស់ក្រសួងពាណិជ្ជកម្ម”។ “ពេលវេលាបានមកដល់ហើយ ដើម្បីបញ្ចប់ការនាំចេញបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិកទាំងអស់ទៅកាន់ Huawei និង SMIC ដើម្បីបញ្ជាក់ឱ្យច្បាស់ថាក្រុមហ៊ុនណាដែលបំពានច្បាប់សហរដ្ឋអាម៉េរិក និងធ្វើឱ្យខូចសន្តិសុខជាតិរបស់យើង នឹងត្រូវកាត់ផ្តាច់ចេញពីបច្ចេកវិទ្យារបស់យើង” ។

ក្រុមហ៊ុន Huawei ត្រូវបានដាក់ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់អាម៉េរិកក្នុងខែឧសភា ឆ្នាំ ២០១៩ ជុំវិញបញ្ហាសន្តិសុខជាតិ ។ SMIC ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅនៅក្នុងខែធ្នូ ឆ្នាំ ២០២០ ដោយសារការភ័យខ្លាចថា ក្រុមហ៊ុននេះអាចបង្វែរបច្ចេកវិទ្យាទំនើបទៅកាន់យោធាចិន ។ ការរឹតបន្តឹងពាណិជ្ជកម្មដែលដាក់លើក្រុមហ៊ុន Huawei និង SMIC រួមមាន ច្បាប់ស្តីពីផលិតផលផ្ទាល់ពីបរទេស ដែលមានបំណងរារាំងក្រុមហ៊ុនណាក៏ដោយក្នុងពិភពលោកពីការប្រើប្រាស់ឧបករណ៍ពីសហរដ្ឋអាម៉េរិកដើម្បីផលិតបន្ទះឈីបសម្រាប់ក្រុមហ៊ុន Huawei ។

South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *