លោក ហ៊ុន ម៉ាណែត បង្ហាញគោលដៅនាំកម្ពុជាឲ្យកា្លយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងសុន្ទរកថាដំបូងរបស់លោក
Asia Business Economic

លោក ហ៊ុន ម៉ាណែត បង្ហាញគោលដៅនាំកម្ពុជាឲ្យកា្លយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងសុន្ទរកថាដំបូងរបស់លោក

រដ្ឋាភិបាលកម្ពុជានឹងស្វាគមន៍អ្នកវិនិយោគបរទេស ដើម្បីជួយប្រទេសនេះឲ្យសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត ។

នៅក្នុងដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងខែសីហា លោកបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាននៅទីក្រុងហ្សាកាតា ដែលជាព្រឹត្តិការណ៍ក្រៅផ្លូវការមួយនៅមុនវេទិកាប្រចាំឆ្នាំសម្រាប់មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងប្រទេសជាដៃគូនៅចុងសប្តាហ៍នេះ។

លោក ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជាបានផ្តោតការយកចិត្តទុកដាក់លើការកសាងប្រទេសឡើងវិញបន្ទាប់ពីសង្គ្រាមស៊ីវិល ។ លោកបាននិយាយថា នៅក្រោមរដ្ឋាភិបាលថ្មី ២៥ឆ្នាំខាងមុខ គឺជាពេលវេលាដើម្បីពន្លឿនការអភិវឌ្ឍន៍ជាតិ ដើម្បីសម្រេចបាននូវឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កម្ពុជាត្រូវបានអង្គការសហប្រជាជាតិចាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរួមជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ។

សេដ្ឋកិច្ចកម្ពុជាបានពឹងផ្អែកខ្លាំងលើប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ។ ទីក្រុងប៉េកាំងបានវិនិយោគយ៉ាងច្រើននៅក្នុងគម្រោងសាធារណៈនៅក្នុងប្រទេសកម្ពុជា ចាប់ពីផ្លូវល្បឿនលឿន រហូតដល់ប្រព័ន្ធផ្លូវដែក ។ ប្រទេសទាំងពីរក៏មានទំនាក់ទំនងយោធាជិតស្និទ្ធផងដែរ ។ ​

លោក ហ៊ុន ម៉ាណែត បន្តថាក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ខ្ញុំសូមធានាចំពោះអ្នកថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្តចំពោះប្រព័ន្ធពហុភាគី សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងគោលការណ៍មិនជ្រៀតជ្រែក ដើម្បីការពារ និងលើកកម្ពស់សន្តិភាពទាំងក្នុងប្រទេស និងក្នុងពិភពលោក ។

ការអត្ថាធិប្បាយដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីអាយុ ៤៥ ឆ្នាំ ដែលជាមេដឹកនាំវ័យក្មេងបំផុតនៅក្នុងតំបន់ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់អន្តរជាតិក្នុងសប្តាហ៍នេះ ខណៈដែលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកដំបូង និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

កាលពីថ្ងៃចន្ទ លោក ហ៊ុន ម៉ាណែត បានជួបប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូវី ដូដូ បន្ទាប់ពីបានចូលរួមវេទិកាធុរកិច្ច ។ នៅថ្ងៃអង្គារនេះលោកបានជួបជាមួយមេដឹកនាំឡាវ វៀតណាម និងម៉ាឡេស៊ីផងដែរ ។

Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *