លោកពូទីន ពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែនជាមួយមេបញ្ជាការកំពូលក្រុមទាហានស៊ីឈ្នួល Wagner ចំពេលទាហានស៊ីឈ្នួល Wagner ត្រូវបានបញ្ជូនទៅប្រយុទ្ធនៅអ៊ុយក្រែនសារជាថ្មី
Rusia Ukraine War

លោកពូទីន ពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែនជាមួយមេបញ្ជាការកំពូលក្រុមទាហានស៊ីឈ្នួល Wagner ចំពេលទាហានស៊ីឈ្នួល Wagner ត្រូវបានបញ្ជូនទៅប្រយុទ្ធនៅអ៊ុយក្រែនសារជាថ្មី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជួបជាមួយអតីតមេបញ្ជាការជាន់ខ្ពស់បំផុតនៃក្រុមទាហានស៊ីឈ្នួល Wagner លោក Andrei Troshev ដោយប្រគល់ “អង្គភាពស្ម័គ្រចិត្ត” ក្នុងសង្គ្រាមអ៊ុយក្រែនទៅកាន់អតីតជំនួយការរបស់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner រូបនេះគ្រប់គ្រង ។

នៅកិច្ចប្រជុំនេះបានគូសបញ្ជាក់ពីការប៉ុនប៉ងរបស់វិមានក្រឹមឡាំងដើម្បីបង្ហាញថា ពេលនេះរដ្ឋបានទទួលការគ្រប់គ្រងលើក្រុមទាហានស៊ីឈ្នួល បន្ទាប់ពីការបះបោរកាលពីខែមិថុនាដោយបរាជ័យ និងនៅពេលដែលលោក Yevgeny Prigozhin ត្រូវបានសម្លាប់ជាមួយមេបញ្ជាការជាន់ខ្ពស់ផ្សេងទៀតនៅក្នុងការធ្លាក់យន្តហោះក្នុងខែសីហា ។

វីដេអូដែលត្រូវបានបង្ហាញតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅឯវិមានក្រឹមឡាំងបានឲ្យឃើញលោក ពូទីន បានអង្គុយជាមួយលោក Andrei Troshev អតីតមេបញ្ជាការ Wagner ។ វិមានក្រឹមឡាំងបាននិយាយថា កិច្ចប្រជុំនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។ អនុរដ្ឋមន្ត្រីការពារជាតិ Yunus-Bek Yevkurov ដែលបានធ្វើដំណើរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះទៅកាន់ប្រទេសជាច្រើនដែលទាហានស៊ីឈ្នួល Wagner បានធ្វើការក៏មានវត្តមានដែរ ដោយអង្គុយជិតលោកពូទីន ។

ថ្លែងទៅកាន់លោក Troshev លោក ពូទីន បាននិយាយថា “អ្នកបានប្រយុទ្ធនៅក្នុងអង្គភាពបែបនេះអស់រយៈពេលជាងមួយឆ្នាំ” ។ “ហើយអ្នកដឹងថាវាជាអ្វី របៀបដែលត្រូវធ្វើ អ្នកដឹងពីបញ្ហាដែលត្រូវដោះស្រាយជាមុន ដើម្បីអោយការងារប្រយុទ្ធដំណើរការបានល្អ និងជោគជ័យបំផុត” ។

បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ យុទ្ធជនរាប់រយនាក់ដែលពីមុនមានទំនាក់ទំនងជាមួយ Wagner Group ទំនងជាត្រូវបានដាក់ពង្រាយឡើងវិញនៅក្នុងប្រទេសអ៊ុយក្រែនហើយ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *