យន្តហោះដឹកអ្នកដំណើរខ្នាតធំផលិតក្នុងស្រុកលើកដំបូងរបស់ប្រទេសចិននឹងធ្វើការហោះហើរពីលើកំពង់ផែ Victoria របស់ហុងកុងនៅសប្តាហ៍ក្រោយ ដែលជាផ្នែកមួយនៃការតាំងបង្ហាញយន្តហោះលើកដំបូងនៅខាងក្រៅទឹកដីចិនដីគោក។
យន្តហោះ C919 បានធ្វើការហោះហើរពាណិជ្ជកម្មលើកដំបូងរបស់ខ្លួននៅក្នុងខែឧសភា ហើយជាគន្លឹះនៃមហិច្ឆតាជាច្រើនទសវត្សរ៍របស់ទីក្រុងប៉េកាំងក្នុងការប្រកួតប្រជែងជាមួយគូប្រជែងលោកខាងលិចនៅលើវិស័យអាកាសចរណ៍ និងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសចិនលើបច្ចេកវិទ្យាបរទេស ។
យន្តហោះដែលផលិតដោយសាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់រដ្ឋចិនCOMAC ក៏នឹងត្រូវដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិហុងកុងចាប់ពីថ្ងៃទី ១២ ខែធ្នូ ដល់ថ្ងៃទី ១៧ ខែធ្នូ នេះបើតាមមេដឹកនាំទីក្រុងហុងកុងលោក John Lee បានប្រកាសនៅថ្ងៃអង្គារនេះ (៥ ធ្នូ)។ លោកបានបន្ថែមថា ទីក្រុងប៉េកាំងបានជ្រើសរើសទីក្រុងហុងកុងជាទីក្រុងដំបូងគេសម្រាប់ការហោះហើរយន្តហោះ C919 នៅក្រៅដីគោក។
យន្តហោះធុនតូច ARJ21 របស់ COMAC ក៏នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងទីក្រុងហុងកុងក្នុងអំឡុងពេលប្រាំមួយថ្ងៃផងដែរ ។ ប្រទេសចិនបានបណ្តាក់ទុនយ៉ាងច្រើនក្នុងការផលិតយន្តហោះ C919 ខណៈដែលខ្លួនកំពុងស្វែងរកភាពទីពឹងខ្លួនឯងនៅក្នុងបច្ចេកវិទ្យាសំខាន់ៗ ។
ទីក្រុងប៉េកាំងក៏សង្ឃឹមថា យន្តហោះ C919 នឹងប្រកួតប្រជែងជាមួយម៉ូដែលបរទេសដូចជា Boeing 737 MAX និង Airbus A320 ទោះបីជាគ្រឿងបន្លាស់ជាច្រើនរបស់វាមានប្រភពមកពីបរទេសក៏ដោយ ។
AFP