មនុស្សជាង ៥០០ នាក់បានស្លាប់ក្នុងការវាយប្រហារ​លើមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា ខណៈក្រុមហាម៉ាស និងអ៊ីស្រាអែលទម្លាក់កំហុសដាក់គ្នា
War

មនុស្សជាង ៥០០ នាក់បានស្លាប់ក្នុងការវាយប្រហារ​លើមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា ខណៈក្រុមហាម៉ាស និងអ៊ីស្រាអែលទម្លាក់កំហុសដាក់គ្នា

​ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការផ្ទុះដ៏ធំមួយបានកក្រើកនៅមន្ទីរពេទ្យក្នុងទីក្រុង Gaza ដែលផ្ទុកទៅដោយអ្នករបួស និងប្រជាជនប៉ាឡេស្ទីនផ្សេងទៀតដែលកំពុងស្វែងរកទីជម្រកកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សរាប់រយនាក់ ​​ ។ ក្រុមហាម៉ាស់បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ខណៈដែលយោធាអ៊ីស្រាអែលបានស្តីបន្ទោសគ្រាប់រ៉ុក្កែតដែលបាញ់ខុសគោលដៅដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត ។

 

ក្រសួងសុខាភិបាលតំបន់ហ្គាហ្សាបាននិយាយថាយ៉ាងហោចណាស់មនុស្ស ៥០០ នាក់បានស្លាប់ ។

 

ខណៈដែលកំហឹងបានរីករាលដាលពាសពេញតំបន់ដោយសារតែការសម្លាប់រង្គាលនៅមន្ទីរពេទ្យ ហើយជាមួយនឹងប្រធានាធិបតី ចូ បៃដិន ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាក្នុងក្តីសង្ឃឹមថានឹងបញ្ឈប់សង្រ្គាមពីការរីករាលដាលនោះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហ្ស៊កដានីបាននិយាយថាប្រទេសរបស់លោកបានលុបចោលកិច្ចប្រជុំកំពូលក្នុងតំបន់ដែលគ្រោងធ្វើនៅថ្ងៃពុធនៅទីក្រុង Amman ជាកន្លែងដែលលោក បៃដិន ត្រូវទៅជួបជាមួយស្តេច Abdullah II នៃប្រទេសហ្ស៊កដានី ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas និងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sissi ។

 

ចំនួនអ្នកស្លាប់គិតមកដល់ពេលនេះ គឺជាចំនួនខ្ពស់បំផុតនៃឧប្បត្តិហេតុណាៗទាំងអស់នៅក្នុងតំបន់ហ្គាហ្សា ក្នុងអំឡុងពេលនៃអំពើហិង្សាដែលបានផ្ទុះឡើងជាង ១០ ថ្ងៃមកនេះ ដែលបង្កឱ្យមានការតវ៉ានៅតំបន់ West Bank ទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុង Amman ​។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា “ភេរវករ​” នៅតំបន់ហ្គាហ្សា បានវាយប្រហារមន្ទីរពេទ្យ មិនមែនយោធារបស់អ៊ីស្រាអែលទេ។

 

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សា លោក Ashraf Al-Qudra បាននិយាយនៅព្រឹកថ្ងៃពុធនេះថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ ហើយថា ក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងយកសាកសពចេញពីគំនរបាក់បែក ។ ក្នុងរយៈពេលប៉ុន្មានម៉ោងដំបូងបន្ទាប់ពីការបំផ្ទុះនេះ ប្រធានការពារជនស៊ីវិលនៅតំបន់ហ្គាហ្សាបាននិយាយថា មនុស្ស ៣០០ នាក់ត្រូវបានសម្លាប់ ខណៈដែលប្រភពពីក្រសួងសុខាភិបាលបានដាក់តួលេខថាមានចំនួន ៥០០ នាក់។

 

អ្នកនាំពាក្យយោធាអ៊ីស្រាអែល ឧត្តមនាវីទោ Daniel Hagari បានប្រាប់អ្នកយកព័ត៌មានថា គ្រាប់រ៉ុក្កែតដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាតប៉ាឡេស្ទីន ហោះឆ្លងកាត់មន្ទីរពេទ្យនៅពេលនៃការវាយប្រហារ ។

 

អ្នកនាំពាក្យម្នាក់ទៀតគឺលោកវរសេនីយ៍ទោ Jonathan Conricus បានប្រាប់ CNN ថាយោធាអ៊ីស្រាអែលបានស្ទាក់ចាប់ការសន្ទនាដែលក្រុមសកម្មប្រយុទ្ធទទួលស្គាល់ថាមានការបាញ់ខុស ។ លោក​បាន​និយាយ​ថា យោធា​នឹង​ចេញ​ផ្សាយ​ការ​ថត​សំឡេង​នៃ​ការ​សន្ទនា ។ ចំណែកឯភាគីក្រុមជីហាតអ៊ីស្លាមបានបដិសេធថា រាល់គ្រាប់រ៉ុក្កែតរបស់ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះនៅមន្ទីរពេទ្យទេ ដោយនិយាយថា ខ្លួនមិនមានសកម្មភាពណាមួយនៅក្នុង ឬជុំវិញទីក្រុងហ្គាហ្សានៅពេលនោះ ។

 

ព័ត៌មាននៃការវាយប្រហារនៅមន្ទីរពេទ្យ និងចំនួនអ្នកស្លាប់ខ្ពស់បានជំរុញឱ្យមានការថ្កោលទោសពីប្រទេសជាច្រើននៅមុនថ្ងៃនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ទៅកាន់ប្រទេសអ៊ីស្រាអែល ។ រុស្ស៊ី និងអារ៉ាប់រួម បានទាមទារឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅតំបន់ West Bank។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *