ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជំរុញឱ្យសហរដ្ឋអាម៉េរិកបំបែកភាពជាប់គាំងលើការអនុម័តជំនួយយោធាជាង ៦០ ពាន់លានដុល្លារ ដោយព្រមានក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ការប្រឆាំងការផ្តល់មូលនិធិដល់អ៊ុយក្រែននឹងផ្តល់ផលប្រយោជន៍ដល់លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន និងប្រថុយប្រថានដល់សមត្ថភាពរបស់អ៊ុយក្រែនក្នុងការរុញច្រានប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នេះជាអ្វីដែលលោក ហ្សេលេនស្គី បានប្រាប់វេទិការរបស់សាកលវិទ្យាល័យការពារជាតិកាលពីថ្ងៃចន្ទជាមួយរដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក Lloyd Austin ។
សុន្ទរកថានេះគឺជាសុន្ទរកថាដំបូងក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃដែលលោក ហ្សេលេនស្គី ជួបជាមួយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋដែលរហូតមកដល់ពេលនេះបានបដិសេធមិនព្រមអនុម័តជំនួយប្រហែល ៦០ ពាន់លានដុល្លារដល់អ៊ុយក្រែន ក៏ដូចជាជួបជាមួយប្រធានាធិបតី ចូ បៃដិន និងមន្ត្រីមកពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងអំឡុងសប្តាហ៍ដ៏សំខាន់មួយនៅក្នុងសង្រ្គាមជិតពីរឆ្នាំ ជាមួយនឹងមូលនិធិពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបដែលត្រូវបានគំរាមកំហែងដោយសារនយោបាយផ្ទៃក្នុង ។
សេតវិមានបានអះអាងថា ប្រាក់សម្រាប់អ៊ុយក្រែននឹងអស់នៅចុងឆ្នាំនេះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានសញ្ញាណាមួយដែលថាសភាតំណាងរាស្រ្តដែលដឹកនាំដោយប្រធានសភាមកពីបក្សសាធារណរដ្ឋលោក Mike Johnson នឹងអនុញ្ញាតឱ្យបោះឆ្នោតអនុម័តលើជំនួយថ្មីនោះទេ ។
លោកAustin បាននិយាយនៅក្នុងព្រឹត្តិការណ៍ជាមួយលោក ហ្សេលេនស្គី ថាប្រសិនបើយើងមិនក្រោកឈរឡើងចំពោះការឈ្លានពានរបស់វិមានក្រឹមឡាំងថ្ងៃនេះទេ ប្រសិនបើយើងមិនរារាំងអ្នកឈ្លានពានផ្សេងទៀតទេ យើងនឹងអនុញ្ញាតិឱ្យមានការឈ្លានពានកាន់តែច្រើន ការបង្ហូរឈាមកាន់តែច្រើន ភាពវឹកវរកាន់តែច្រើន ។
Bloomberg