ប្រទេសចិន បង្កើនការចំណាយលើវិស័យការពារជាតិចំនួន 7.2% នៅឆ្នាំនេះ ដែលកើនលើសកាលពីឆ្នាំមុនបន្តិច ​ ខណៈដែលនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធចិនបង្កើនការត្រៀមខ្លួនសម្រាប់ប្រយុទ្ធ ។

បញ្ជីថវិកាជាតិដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានបង្ហាញថា ថវិកាចំនួន 1.55 ពាន់ពាន់លានយន់ ឬស្មើនឹង(224 ពាន់លានដុល្លារ) ត្រូវបានបម្រុងទុកសម្រាប់ការចំណាយលើវិស័យយោធា ។

ការបង្កើនការចំណាយលើវិស័យថវិកាការពារជាតិរបស់ចិននឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយប្រទេសជិតខាងខ្លួន ជាពិសេសគឺសហរដ្ឋអាមេរិក ដែលមានការព្រួយបារម្ភពីចេតនាជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍លើវិស័យយោធាយ៉ាងឆាប់រហ័សរបស់ទីក្រុងប៉េកាំង ជាពិសេសនៅពេលដែលភាពតានតឹងបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះលើបញ្ហាកោះតៃវ៉ាន់ ។

ការកើនឡើងការចំណាយលើវិស័យយោធាប្រមាណ 7.2% នេះគឺជាការកើនឡើងយ៉ាងខ្លាំងនៃការចំណាយលើវិស័យការពារជាតិរបស់ប្រទេសចិនចាប់តាំងពីឆ្នាំ 2019 មក ។ ខណៈនៅក្នុងឆ្នាំ 2021 ការចំណាយលើវិស័យការពារជាតិចិនបានកើនឡើង 6.8% និង 6.6% ក្នុងឆ្នាំ 2020 ។ នៅឆ្នាំ 2019 មហាអំណាចយោធាឈានមុខគេរបស់អាស៊ីបានបង្កើ​នថវិកាការពារជាតិរបស់ខ្លួនចំនួន 7.5% ​ស្មើនឹង 1.19 ពាន់ពាន់លានយន់ ប្រហែល ១៧២ ពាន់លានដុល្លារ ។ ​

ថ្លែងនៅក្នុងសម័យប្រជុំសភាប្រចាំឆ្នាំជាមួយនឹងរបាយការណ៍ដែលរៀបចំដោយក្រសួងហិរញ្ញវត្ថុ លោក លី ខឺឈៀង បាននិយាយ​ថា ការដំឡើងការចំណាយនេះនឹងអនុញ្ញាតឱ្យយោធារបស់ប្រទេសចិន មានការសម្របសម្រួលយ៉ាងល្អក្នុងការបំពេញភារកិច្ចសំខាន់ៗ” ។ លោកបានមានប្រសាសន៍ថា “កងកម្លាំងប្រដាប់អាវុធរបស់យើង ផ្តោតលើគោលដៅសម្រាប់ខួបមួយសតវត្សនៃការបង្កើតកងទ័ពរំដោះប្រជាជនប្រជាជនក្នុងឆ្នាំ 2027 ​ដើម្បីអនុវត្តប្រតិបត្តិការយោធា បង្កើនការត្រៀមខ្លួនប្រយុទ្ធ និងបង្កើនសមត្ថភាពយោធា” ។

ទីក្រុងប៉េកាំងមានការភ័យខ្លាចចំពោះបញ្ហាប្រឈមនានានៅចំពោះមុខរាប់ចាប់ពីកោះតៃវ៉ាន់ដែលទាមទារដោយចិន រហូតដល់បេសកកម្មទ័ពជើងទឹក និងផ្លូវអាកាសរបស់សហរដ្ឋអាម៉េរិកនៅក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ និងក្បែរកោះដែលចិនកាន់កាប់ ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *