ក្រុមហ៊ុនផលិតយន្តហោះគ្រប់គ្រងដោយរដ្ឋរបស់ចិន COMAC នឹងធ្វើការបង្ហាញយន្តហោះ C919 និង ARJ21 ដែលយន្តហោះផលិតក្នុងស្រុកដំបូងរបស់ចិននៅក្នុងប្រទេសចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ ដើម្បីពង្រីកមូលដ្ឋានគ្រឹះសម្រាប់ការលក់យន្តហោះទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត ។
ក្រុមហ៊ុនផលិតយន្តហោះដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ យន្តហោះ C919 និង ARJ21 នឹងធ្វើការបង្ហាញការហោះហើរនៅក្នុងប្រទេសវៀតណាម ឡាវ កម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ។ យន្តហោះដឹកអ្នកដំណើរ C919 បានមកដល់ក្នុងប្រទេសវៀតណាម ដើម្បីចូលរួមក្នុងការតាំងពិព័រណ៍យន្តហោះនៅទីនោះនៅថ្ងៃចន្ទនេះ ។
យន្តហោះទាំងពីរគ្រឿងនេះ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធី Singapore Airshow កាលពីសប្តាហ៍មុន ដែលជាការបង្ហាញលើកដំបូងនៅខាងក្រៅទឹកដីចិននៃយន្តហោះ C919 ដែលត្រូវបានចាត់ទុកថាជាគូប្រជែងនឹងយន្តហោះ Boeing 737 MAX និង A320neo របស់ Airbus ។
មកដល់ពេលនេះ យន្តហោះ C919 ទទួលបានការបញ្ជាទិញច្រើនជាង ១,០០០គ្រឿង ប៉ុន្តែភាគច្រើនមកពីក្រុមហ៊ុនអាកាសចរណ៍ចិន ។
Reuters