ចិន​ជំរុញ​ឱ្យ​អាម៉េរិក​ដក​ទណ្ឌកម្មដែលដាក់លើខ្លួនដោយខុសច្បាប់ ខណៈមន្ត្រីការទូតកំពូល​អាម៉េរិក ចិន ជួបពិភាក្សាជាថ្មី
China USA

ចិន​ជំរុញ​ឱ្យ​អាម៉េរិក​ដក​ទណ្ឌកម្មដែលដាក់លើខ្លួនដោយខុសច្បាប់ ខណៈមន្ត្រីការទូតកំពូល​អាម៉េរិក ចិន ជួបពិភាក្សាជាថ្មី

ទីក្រុងប៉េកាំងបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ដកទណ្ឌកម្ម និងបញ្ចប់ការយាយីលើជនជាតិចិនដែលធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ដែលជាការរំលឹកពីបញ្ហាប្រឈមខាងការទូតដែលនៅតែមានរវាងប្រទេសទាំងពីរ បើទោះបីជាទំនាក់ទំនងចាប់ផ្តើមឡើងកម្តៅក៏ដោយ ។

 

ការលើកឡើងនេះធ្វើឡើងនៅពេលរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បានជួបប្រជុំគ្នានៅឯសន្និសិទសន្តិសុខទីក្រុងម៉ុយនិចកាលពីថ្ងៃសុក្រ ដែលជាកិច្ចចរចាចុងក្រោយបង្អស់រវាងមន្ត្រីជាន់ខ្ពស់ចិន និងសហរដ្ឋអាម៉េរិក ។

 

ចិន និងសហរដ្ឋអាម៉េរិក​បានពណ៌នាកិច្ចប្រជុំនេះថាមានភាពស្មោះត្រង់ និងស្ថាបនា ។

 

ចំណែកអាម៉េរិកបាននិយាយថា Blinken បានលើកឡើងពីការព្រួយបារម្ភអំពីការគាំទ្ររបស់ចិនសម្រាប់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនរួមទាំងការគាំទ្រដល់មូលដ្ឋានឧស្សាហកម្មការពារជាតិរុស្ស៊ី ។ ​

 

ជំនួបរវាងចិន និងអាម៉េរិកនៅទីក្រុងម៉ុយនិច គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរក្នុងពិភពលោក ដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញ បន្ទាប់ពីទំនាក់ទំនងបានធ្លាក់ដុនដាបខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការទប់ស្កាត់ការនាំចេញឧបករណ៍បច្ចេកវិទ្យា ​ចារកម្ម តៃវ៉ាន់ និងបញ្ហាផ្សេងៗទៀត ។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *