ចិនចោទនាវាកងទ័ពជើងទឹកអាម៉េរិកថា បានចូលដែនទឹករបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូងដោយខុសច្បាប់
Asia China USA

ចិនចោទនាវាកងទ័ពជើងទឹកអាម៉េរិកថា បានចូលដែនទឹករបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូងដោយខុសច្បាប់

ចិនបានអះអាងថា នាវាកងទ័ពជើងទឹកអាម៉េរិកបានរំលោភបំពានចូលដែនទឹកសមុទ្រចិនខាងត្បូងរបស់ខ្លួន ខណៈកងកម្លាំងទ័ពជើងទឹករបស់ចិនត្រូវបានចល័ត ដើម្បីតាមដាននាវា USS Gabrielle Giffords កាលពីថ្ងៃចន្ទ នៅពេលដែលនាវាអាម៉េរិកនេះបានធ្វើដំណើរនៅជិតដែនទឹកនៃតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ។ ថ្មប៉ប្រះទឹកគឺជាផ្នែកមួយនៃប្រជុំកោះ Spratly ដែលជាតំបន់ដែលជាចំណុចកណ្តាលនៃជម្លោះទឹកដីរវាងចិន និងហ្វីលីពីន។

បញ្ជាការដ្ឋានភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាម៉េរិកមានចេតនារំខានដល់ស្ថានភាពនៅសមុទ្រចិនខាងត្បូង” ។ សេចក្ដីថ្លែងការដែលបានចេញផ្សាយនេះក៏បានចោទប្រកាន់សហរដ្ឋអាម៉េរិកថា បំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសន្តិសុខរបស់ចិន ដែលបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ រំលោភលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ។

ថ្មប៉ប្រះទឹក Second Thomas Shoal ស្ថិតនៅចម្ងាយប្រហែល ១៩៥គីឡូម៉ែត្រ ភាគពាយព្យនៃខេត្ត Palawan នៃប្រទេសហ្វីលីពីន ។ វាបានក្លាយជាកន្លែងនៃឧប្បត្តិហេតុប៉ះទង្គិចគ្នាជាច្រើននៅឆ្នាំនេះរវាងឆ្មាំសមុទ្រចិន និងហ្វីលីពីន ។

យោធាអាម៉េរិកបានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ចិន ដោយនិយាយថា នាវា USS Gabrielle Giffords កំពុងធ្វើប្រតិបត្តិការជាប្រចាំនៅក្នុងដែនទឹកអន្តរជាតិស្របតាមច្បាប់អន្តរជាតិ ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *