ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើសន្និសីទកាសែតជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីប្រទេសទួកគីលោក Recep Tayyip Erdogan បន្ទាប់ពីកិច្ចប្រជុំត្រីភាគីនៅទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន ។ លោក Zelensky បានបញ្ជាក់ថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីអនុញ្ញាតឲ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ចូលទៅពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhian របស់អ៊ុយក្រែន ដែលជាតំបន់កំពុងទទួលរងការវាយប្រហារ ។
បន្ទាប់ពីសន្និសីទសារព័ត៌មានបានបញ្ចប់ លោកប្រធានាធិបតី Zelensky បានប្រាប់អ្នកសារព័ត៌មានថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឮពីលោកប្រធានាធិបតី Erdogan និយាយថា រុស្ស៊ីបានត្រៀមខ្លួនសម្រាប់សន្តិភាព ប៉ុន្តែលោកបានបញ្ជាក់ផងដែរថា រឿងដំបូងដែលរុស្ស៊ីត្រូវធ្វើគឺដកទ័ពចេញពីទឹកដីអ៊ុយក្រែន បន្ទាប់មកត្រូវមើលថាយើងនឹងត្រូវធ្វើអ្វីបន្ទាប់ទៀត ។