Putin’s cottage “ខ្ទមរបស់ពូទីន” តោះមកដឹងពីភូមិគ្រឹះប្រណីតដ៏អាថ៌កំបាំងរបស់ប្រធានាធិបតីរុស្ស៊ី!!
Breaking News

Putin’s cottage “ខ្ទមរបស់ពូទីន” តោះមកដឹងពីភូមិគ្រឹះប្រណីតដ៏អាថ៌កំបាំងរបស់ប្រធានាធិបតីរុស្ស៊ី!!

ថ្មីៗនេះមានការបង្ហើបអំពីទិន្នន័យពី The Organized Crime and Corruption Reporting Project (OCCRP) និងស្ថាប័នសារព័ត៌មាន Meduza ក្នុងប្រទេសរុស្ស៊ីថា ពួកគេទទួលបានអ៊ីម៉េលដ៏អាថ៌កំបាំងមួយដែលមានទិន្នន័យពាក់ព័ន្ធទៅនឹងភូមិគ្រឹះប្រណីតដ៏អាថ៌កំបាំងរបស់មេដឹកនាំរុស្ស៊ីគឺលោក ពូទីន ។ ភូមិគ្រឹះប្រណីតមួយ នេះស្ថិតនៅតាមបណ្ដោយសមុទ្រ ឡាដូកា ភាគពាយ័ព្យប្រទេសរុស្ស៊ី ហើយភូមិគ្រឹះដ៏ប្រណីតមួយនេះត្រូវបានគេហៅឈ្មោះថា Putin’s cottage ឬខ្ទមរបស់ពូទីន ។


បើទោះបីវាមានឈ្មោះជាខ្ទម តែការពិតនៃខ្ទមរបស់លោកពូទីនមួយនេះ គឺជាផ្ទះវីឡាដ៏ប្រណីតបំផុតនៅក្បែរនឹងមាត់សមុទ្រ ដែលមានភាពស្រស់ស្អាតខ្លាំង និងមានគ្រប់សព្វបែបយ៉ាងសម្រាប់ក្រុមគ្រួសារ របស់គាត់ ។ ភូមិគ្រឹះដ៏ប្រណីតមួយនេះកសាងឡើងក្នុងផ្ទៃដីជិតដល់ទៅ 420ហិចតា មានចំនួន 3អគារ ហើយអគារដែលលេចធ្លោរជាងគេត្រូវបានគេឲ្យឈ្មោះថា The Fisherman’s Hut ។

Vladimir Putin (President of Russia)


ក្នុងបរិវេណនៃភូមិគ្រឹះដ៏ប្រណីតនេះ មានអាងហែលទឹកចំនួន 3អាង ក្នុងនោះមានអាងហែលទឹកមួយត្រូវបានគេរចនាឡើងឲ្យមានជារូបភាពនៃទឹកធ្លាក់ នៅទល់មុខនឹងបរិវេណនៃរានហាលសម្រាប់ទទួល ទានអាហារដែលមានផ្ទៃដល់ទៅ 200ម៉ែត្រក្រឡា ក្នុងនោះមានបន្ទប់ផ្ទះបាយចំអិនអាហារបែបជប៉ុន មានចង្ក្រានដាំស្ល និងបំពង់បង្ហុយផ្សែងដ៏ទំនើបបំផុត មានសំភារៈដាំស្លទំនើបៗមកពីប្រទេសអូស្រ្តាលី និងមានឃ្លាំងស្រាបៀរគិតជាទឹកប្រាក់ដល់ទៅ 363000ដុល្លារអាម៉េរិក ការ៉ូក្រាលខាងក្នុងភូមិគ្រឹះនេះ ធ្វើឡើងពីថ្មកែវពិសេសឈ្មោះថា Fior Di Bosco និង Bar Counter ធ្វើឡើងពីស្ពាន់ មានពិដានដែលធ្វើ ពីឈើឡាប្រ៉ាដូរ៉ៃលាយឡំជាមួយថ្មពណ៍ដ៏កម្រ ។


ក្នុងភូមិគ្រឹះនេះមានបន្ទប់ទឹកសរុបដល់ទៅ 6បន្ទប់ ក្នុងមួយបន្ទប់ចំណាយគិតជាទឹកប្រាក់ដល់ទៅ 10800ដុល្លារអាម៉េរិក ផ្កាឈូកងូតទឹកក្នុងមួយឈុតតម្លៃស្មើនឹង 4600ដុល្លារអាម៉េរិក ។ យោងទៅតាម សេចក្ដីរាយការណ៍បានឲ្យដឹងថា ដីដែលកសាងភូមិគ្រឹះនេះមានម្ចាស់ឈ្មោះ Yury Kovalchuk ដែលជា មនុស្សជំនិតនឹងលោកពូទីន ហើយក៏ជាម្ចាស់នៃក្រុមហ៊ុន The Organized Crime and Corruption Reporting Project ហៅកាត់ថា (OCCRP) ផងដែរ ។


ក្នុងរបាយកាណ៍បានបន្ថែមទៀតថា យោងទៅតាមទិន្នន័យដែលទទួលបានពីអ៊ីម៉ែល លោកពូទីននៅមានទ្រព្យសម្បត្តិដ៏មានតម្លៃជាច្រើនផ្សេងទៀតដូចជា នាវាកម្សាន្ដប្រណីតៗ វីឡាប្រណីតៗ វិហារជាច្រើន ឃ្លាំងស្រាក្រហម និងដីជាច្រើនដែលមិនអាចគណនាបាន ។ ទ្រព្យសម្បត្តិភាគច្រើនរបស់លោក ពូទីន សុទ្ធសឹងតែដាក់ឈ្មោះអ្នកដទៃដែលជិតស្និតនឹងគាត់ ដូច្នេះហើយវាពុំមែនជារឿងចម្លែកនោះទេ ដែលភាគីខាងរុស្ស៊ីចេញមុខមកធ្វើការបដិសេធក្នុងរឿងនេះថា អ្វីដែលបានលើកឡើងទាំងអស់នេះពុំមែនជារបស់លោកពូទីននោះទេ ។

ប្រភព ៖ Business Insider ​

Leave a Reply

Your email address will not be published. Required fields are marked *