NASA បង្ហាញគម្រោងសាកល្បងគ្រាប់រ៉ុក្កែតដើរដោយថាមពលនុយក្លេអែរដែលអាចបញ្ជូនមនុស្សទៅភពអង្គារ
Technology

NASA បង្ហាញគម្រោងសាកល្បងគ្រាប់រ៉ុក្កែតដើរដោយថាមពលនុយក្លេអែរដែលអាចបញ្ជូនមនុស្សទៅភពអង្គារ

ប្រធានទីភ្នាក់ងារអវកាសអាម៉េរិកណាសាបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាម៉េរិកគ្រោងនឹងសាកល្បងម៉ាស៊ីនរ៉ុក្កែតអវកាសដែលដំណើរការដោយថាមពលនុយក្លេអ៊ែរនៅឆ្នាំ 2027 ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរយៈពេលវែងរបស់អង្គការណាសាដើម្បីបង្ហាញពីវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបន្ថែមទៀតក្នុងការបញ្ជូនអវកាសយានិកទៅកាន់ភពអង្គារនាពេលអនាគត ។

ណាសានឹងចាប់ដៃគូជាមួយទីភ្នាក់ងារស្រាវជ្រាវ និងអភិវឌ្ឍន៍របស់យោធាសហរដ្ឋអាម៉េរិក (DARPA)ដើម្បីបង្កើតម៉ាស៊ីនជំរុញថាមពលនុយក្លេអ៊ែរ ហើយបាញ់បង្ហោះទៅកាន់ទីអវកាសឱ្យបានឆាប់បំផុតក្នុងឆ្នាំ 2027 នេះបើតាមប្រធានអង្គការណាសាលោក Bill Nelson បាននិយាយក្នុងសន្និសីទមួយនៅ National Harbor រដ្ឋ Maryland ។

ទីភ្នាក់ងារអវកាសអាម៉េរិកបានសិក្សាអស់រយៈពេលជាច្រើនទសវត្សរ៍នូវគោលគំនិតនៃការបង្កើតរ៉ុក្កែតដើរដោយថាមពលនុយក្លេអ៊ែរ ដែលប្រើប្រាស់កំដៅពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរទៅម៉ាស៊ីនជំរុញអ៊ីដ្រូសែន ដើម្បីផ្តល់នូវការរុញច្រានដែលគេជឿថាមានប្រសិទ្ធភាពជាងម៉ាស៊ីនរ៉ុក្កែតដែលប្រើប្រាស់សារធាតុគីមីបុរាណ។

មន្ត្រីអង្គការណាសាចាត់ទុករ៉ុក្កែតដើរដោយថាមពលនុយក្លេអ៊ែរជាកត្តាសំខាន់សម្រាប់ការបញ្ជូនមនុស្សចេញពីឋានព្រះច័ន្ទ និងកាន់តែជ្រៅទៅក្នុងទីលំហ ។ វិស្វកររបស់ណាសាបាននិយាយថា ការធ្វើដំណើរទៅកាន់ភពព្រះអង្គារពីផែនដីដោយប្រើបច្ចេកវិទ្យានេះអាចចំណាយពេលប្រហែល 4 ខែជំនួសឱ្យរយៈពេល 9 ខែជាមួយនឹងម៉ាស៊ីនធម្មតា និងថាមពលគីមី ។

នោះនឹងកាត់បន្ថយពេលវេលាយ៉ាងច្រើន ដែលអវកាសយានិកនឹងប្រឈមមុខនឹងវិទ្យុសកម្មក្នុងលំហអាកាសជ្រៅ ហើយនឹងត្រូវការការផ្គត់ផ្គង់តិចជាងមុន ដូចជាអាហារ និងទំនិញផ្សេងៗ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ភពព្រះអង្គារ ។

លោក Pam Melroy អ្នកគ្រប់គ្រងរងរបស់អង្គការ NASA និងជាអតីតអវកាសយានិកបាននិយាយកាលពីថ្ងៃអង្គារថា “ប្រសិនបើយើងមានការធ្វើដំណើរលឿនជាងមុនសម្រាប់មនុស្ស វាគឺជាការធ្វើដំណើរដែលមានសុវត្ថិភាពជាងមុន” ។

ការបង្ហាញគ្រោងទុកនៅឆ្នាំ 2027 ដែលជាផ្នែកនៃកម្មវិធីស្រាវជ្រាវ DARPA ដែលមានស្រាប់ដែល NASA កំពុងចូលរួមនោះ ក៏អាចប្រាប់ពីមហិច្ឆតារបស់កងកម្លាំងអវកាសអាម៉េរិក ដែលបានស្រមៃចង់ដាក់ពង្រាយយានអវកាសដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពអាចផ្លាស់ទីផ្កាយរណបផ្សេងទៀតដែលធ្វើគន្លងនៅជិតព្រះច័ន្ទ នេះបើតាមមន្ត្រីDARPA និងមន្រ្តីអង្គការ NASA បាននិយាយ ។

ប្រភព ៖ Reuters

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *