ជំពូក១៖ ដំណើរជីវិតរបស់ស្ត្រីម្នាក់ ចេញពីជំនឿបែបជ្រុលនិយម ហើយងាកទៅរកការពង្រឹងផ្នែកចំណេះដឹង

ជំពូក២៖ ថារ៉ា វ៉េសអូវើ បានធំពេញវ័យនៅក្នុងជីវភាពបែបស្រែចម្ការ និងជាមួយគ្រួសារមរមនរបស់នាង ដែលមានដំណោះស្រាយ ចំពោះការសិក្សាអប់រំខុសពីគេ

ជំពូក៣៖ បងប្អូនបង្កើតត្រកូល វ៉េសអូវើ ទាំងអស់ ត្រូវបានទុកឲ្យប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង និងជួយលើកទឹកចិត្តដល់គ្នាទៅវិញទៅមក ចំពោះការទៅសាលារៀន

ជំពូក៤៖ ការងារដំបូងរបស់ ថារ៉ា បាននាំឲ្យនាងស្គាល់ពីសង្គមខាងក្រៅកាន់តែច្បាស់

ជំពូក៥៖ គ្រួសាររបស់ ថារ៉ា ធ្លាប់មានប្រវត្តិក្នុងការបដិសេធ ចំពោះជំនួយផ្នែកវេជ្ជសាស្ត្រ និងបានអើពើជាមួយគ្រោះថ្នាក់ទាំងនោះ

ជំពូក៦៖ មុនពេលអាចចូលរៀននៅក្នុងមហាវិទ្យាល័យបាន ថារ៉ា ត្រូវតែប្រឡងធ្វើតេស្ត ACT ឲ្យជាប់ជាមុនសិន

ជំពូក៧៖ ពេលចូលមកដល់មហាវិទ្យាល័យ ថារ៉ា មានអារម្មណ៍ថា នាងជាមនុស្សម្នាក់ផ្សេង និងបានប្ដេជ្ញាជំនះធ្វើកិច្ចការសាលាឲ្យបាន

ជំពូក៨៖ ការប្រឈមមុខជាមួយនឹងបញ្ហាសុខភាព និងហិរញ្ញវត្ថុបានធ្វើឲ្យ ថារ៉ាត្រូវតែរៀនពីរបៀបក្នុងការទទួលយកជំនួយ

ជំពូក៩៖ នៅពេលដែល ថារ៉ា កំពុងបន្តការសិក្សា នាងទទួលបានការយល់ដឹងមួយចំនួន ទាក់ទងនឹងការគិតមមៃរបស់ឪពុកនាង នៅចំពេលដែលគាត់កំពុងជួបគ្រោះថ្នាក់

ជំពូក១០៖ ថារ៉ា ទទួលបានឱកាសដ៏អស្ចារ្យមួយក្នុងស្រាវជ្រាវ ដែលនាំឲ្យកម្មវិធីបញ្ចប់ការសិក្សារបស់នាង កាន់តែអស្ចារ្យជាងមុន

ជំពូក១១៖ នៅមហាវិទ្យាល័យ ទ្រីនីធី (Trinity College) ទីបំផុត ថារ៉ា ទទួលអារម្មណ៍ថា នាងបានស្គាល់ពីខ្លួនឯងច្បាស់ ប៉ុន្តែមិនយូរប៉ុន្មាន នាងក៏ទទួលបានបញ្ហាដ៏ស្មុគស្មាញពីផ្ទះផងដែរ

ជំពូក១២៖ ខណៈពេលដែលការសិក្សារបស់ ថារ៉ា មានដំណើរការល្អប្រសើរនោះ ទំនាក់ទំនងរវាងនាងជាមួយគ្រួសារ កាន់តែយ៉ាប់យ៉ឺនទៅវិញ

ជំពូក១៣៖ ថារ៉ា ត្រូវធ្វើការជ្រើសរើសដ៏ពិបាកបំផុតមួយ ដើម្បីទទួលបានសញ្ញាបត្របណ្ឌិតរបស់នាង

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅពេល ថារ៉ា វ៉េសអូវើ ដែលជាអ្នកនិពន្ធមានអាយុបាន ៧ ឆ្នាំ នាងពិតជារីករាយ ចំពោះជីវិតរស់នៅលើកសិដ្ឋានរបស់គ្រួសារ​នាង នៅតំបន់ជនបទនៃរដ្ឋ អាយដាហូ យ៉ាងខ្លាំង ។ មិនតែប៉ុណ្ណោះ នាងក៏ចងចាំនូវពេលវេលាល្អៗជាច្រើន ដែលនាងធ្លាប់រត់លេងនៅខាងក្រៅ ក្នុងបរិយាកាសធម្មជាតិដ៏ស្រស់ស្រាយ ដោយមានខ្យល់បក់កាត់សរសៃសក់ ឲ្យប៉ើងរសាត់ទៅមក ប្រៀបបាន​នឹងខ្យល់ដង្ហើមដ៏កក់ក្ដៅរបស់ព្រៃភ្នំ ដែលស្ថិតនៅក្បែរនោះដូច្នោះដែរ ។ នៅក្នុងគ្រានោះ វាហាក់បីដូចជានាងកំពុងរស់នៅ​ជាមួយដើមស្រល់ និងស្រូវសាលីព្រៃ ដែលគ្រប់ដណ្ដប់ទីវាលទាំងនោះ ។

ថារ៉ា គឺជាកូនពៅបង្អស់ក្នុងចំណោមបងប្អូនទាំង ៧ នាក់ ហើយទោះបីជានាងមានវ័យក្មេងជាងគេ និងមិនសូវខ្វល់ខ្វាយពីរឿង​ផ្សេងៗក៏ដោយ ក៏នាងអាចដឹងថា គ្រួសាររបស់នាងមានការរស់នៅក្នុងលក្ខណៈមួយខុសពីគេដែរ ។

ពីដំបូងឡើយ ថារ៉ា និងបងប្អូនរបស់នាងទាំងអស់មិនបានទៅសាលារៀននោះទេ ។ ជាការពិតណាស់ នាងមិនធ្លាប់បានឈានជើង​ចូលក្នុងថ្នាក់រៀន ហើយក៏មិនដែលបានចូលមន្ទីរពេទ្យ ឬសូម្បីតែការិយាល័យរបស់គ្រូពេទ្យម្ដងណាឡើយ ។ ដូច្នេះ វាដូចគ្នា​ទៅនឹងកង្វល់របស់អាជ្ញាធរនៃរដ្ឋ អាយដាហូ ដែរ គឺមិនមានឈ្មោះរបស់ ថារ៉ា ក្នុងបញ្ជីជាតិនោះទេ ដោយសារតែនាងត្រូវបានបង្កើតនៅក្នុងផ្ទះ ហើយពួកគេក៏មិនបានដឹង និងមិនអាចផ្ដល់សំបុត្រកំណើតដល់នាងដែរ ។

ប៉ុន្តែទាំងនេះមិនមែនមានន័យថា ថារ៉ា មិនបានរៀនសូត្រពីមេរៀនសំខាន់ៗជាច្រើន នៅក្នុងវ័យកុមារភាពរបស់នាងនោះទេ ។ នៅក្នុងចំណោមនោះ អ្វីដែលនាងចេះច្បាស់ជាងគេគឺ ការចិតផ្លែប៉ែសដាក់ត្រាំរក្សាទុកក្នុងដប ពេលវាទុំនៅរដូវក្ដៅ និងការប្រមូលស្បៀងបម្រុងទុកសម្រាប់រដូវរងារជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានចេះចាំស្ទាត់ផងដែរ ក្នុងការមើលពីដំណើរ​គោចនៃការប្រែប្រួលរបស់តំបន់ភ្នំ ស្ថិតនៅក្បែរនោះ ដែលគេហៅវាថា ភ្នំ  Buck’s Peak ឬដូចដែលឪពុករបស់នាងគឺលោក​ ជីន (Gene) តែងហៅវាថា ភ្នំព្រះនាងឥណ្ឌា (Indian Princess) ។

នៅពេលដែលលោក ជីន មានការពេញចិត្តចំពោះការរៀននៅផ្ទះរបស់កូនគាត់នោះ ជីដូនរបស់ ថារ៉ា គាត់ក៏ជឿជាក់ថា ចៅៗរបស់គាត់ទាំងអស់នឹងមានអនាគតល្អជាងនេះ ប្រសិនបើពួកគេបានទទួលការអប់រំបែបធម្មតាមួយប្រសើរនោះ ។

លោក ជីន តែងតែមានជំនឿថា សាលារៀនមិនមានអ្វីសំខាន់នោះទេ វាគ្រាន់តែជាវិធីដែលរដ្ឋាភិបាលសង្គមនិយមបង្កើតឡើង ដើម្បីបញ្ចុះបញ្ចូលក្មេងៗ និងកែប្រែពួកគេឲ្យក្លាយជាមនុស្សដែលមិនមានតម្លៃគ្រប់គ្រាន់តែប៉ុណ្ណោះ ។ ប៉ុន្តែ នៅថ្ងៃមួយ ជីដូនរបស់ ថារ៉ា បានមករកនាង ហើយលើកសំណើរថា ថ្ងៃស្អែកម៉ោង ៥ ព្រឹក គាត់នឹងចាកចេញទៅរដ្ឋ អារីហ្សូណា (Arizona) បើសិន ថារ៉ា ចង់ទៅដែរនោះ នាងអាចទៅជាមួយគាត់ និងមានឱកាសបានចូលរៀននៅក្នុងសាលាត្រឹមត្រូវមួយដូចគេផងដែរ ។

នៅយប់នោះ  ថារ៉ា បានគិតអំពីសំណើរនេះជាមួយនឹងភាពតានតឹងនៅក្នុងចិត្តអស់រយៈពេលយ៉ាងយូរ ធ្វើឲ្យនាងគេងមិនលក់ និងមានអារម្មណ៍ញាំញីគិតទៅដល់គ្រួសារ ដែលពួកគេនឹងត្រូវខ្វល់ខ្វាយខ្លាំងក្នុងការស្វែងរកនាង ។ នៅពេលព្រឹកព្រលឹមបានមកដល់ ហើយទ្រនិចនាឡិកាបានចង្អុលប្រាប់ថាដល់ម៉ោង ៥ នោះ ថារ៉ា បានសម្រេចចិត្តថា នាងនឹងបន្តស្នាក់នៅជាមួយម្ដាយឪពុក​របស់នាង ។

ទន្ទឹមជាមួយនឹង ជំនឿផ្នែកនយោបាយដ៏ងប់ងល់ លោក ជីន ក៏មានជំនឿយ៉ាងខ្លាំងទៅលើសាសនាផងដែរ ។ ដូចនឹងអ្វីដែលគាត់តែងតែជឿថា ដើម្បីទទួលបានការតបស្នងជារង្វាន់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារ ដោយដៃទាំងពីររបស់គាត់នោះ គាត់ក៏ត្រូវតែប្ដេជ្ញាចិត្តក្នុងការចិញ្ចឹមបីបាច់គ្រួសារ ឲ្យក្លាយជាអ្នកប្រកាន់ខ្ជាប់លទ្ធិមរមនដោយស្មោះត្រង់បំផុតដែរ ។

នេះក៏បានបង្ហាញពីជំនឿរបស់គាត់ដែរថា កន្លែងដែលស័ក្តិសមបំផុតសម្រាប់មនុស្សស្រីគឺ នៅក្នុងផ្ទះ ហើយវាក៏បានកើតឡើងជាធម្មតាទៅហើយចំពោះម្ដាយរបស់ ថារ៉ា គឺលោកស្រី ហ្វេ (Faye) ដែរ ។ គាត់ជាស្ត្រីមរមនម្នាក់ ដែលប្រកាន់ខ្ជាប់ប្រពៃណី លះបង់ចំពោះជីវិតអាពាហ៍ពិពាហ៍ និងភាពជាម្ដាយ ហើយគាត់ក៏បានធ្វើជាឆ្មបគ្មានសញ្ញាបត្រ ដែលជួយបង្កើតកូនដល់ស្ត្រីជា​ច្រើនទៀតនៅក្នុងទីក្រុងផងដែរ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!