ជំពូក១៖ សៀវភៅនេះ នឹងប្រាប់អ្នកថាតើ មហាយក្សចិន និងសហរដ្ឋ​អាម៉េរិក កំពុងឈរនៅទីតាំងមួយណានៃការប្រកួតប្រជែង ខណៈដែលពួកយើងកំពុងឈានចូលដល់សម័យកាលសេដ្ឋកិច្ចបែបបញ្ញាសិប្បនិម្មិត?

ជំពូក២៖ អរគុណចំពោះរបកគំហើញបច្ចេកវិទ្យាផ្នែកការសិក្សាបែបស៊ីជម្រៅ (Deep Learning) ដែលធ្វើឲ្យយើងកាន់តែខិតជិតសេដ្ឋកិច្ចបែបបញ្ញាសិប្បនិម្មិត

ជំពូក៣៖ មហាយក្សចិនវិវឌ្ឍខ្លួនពីកំពូលអ្នកលួចចម្លង បច្ចេកវិទ្យាមកជាគូប្រកួតប្រជែងដ៏ស្រួចស្រាលជាមួយនឹងបច្ចេកវិទ្យាផ្ទាល់ខ្លួន ដោយប្រើពេលមិនប៉ុន្មានឆ្នាំផង

ជំពូក៤៖ ពិភពអនឡាញដែលមានតែមួយរបស់ចិនបានផ្តល់នូវទិន្នន័យយ៉ាងសម្បូរបែប និងធំមហិមាប្រៀបបីដូចជារ៉ែមាសសម្រាប់បញ្ញាសិប្បនិម្មិត

ជំពូក៥៖ ចិនត្រៀមខ្លួនក្លាយជាមហាអំណាច នៅពេលនិយាយដល់អ៊ិនធឺណេតបែបបញ្ញាសិប្បនិម្មិត ប៉ុន្តែធុរកិច្ចបែបបញ្ញាសិប្បនិម្មិតវិញគឺមិនទាន់ទៅរួចទេ

ជំពូក៦៖ ចិននាំមុខ រឿងការយល់ឃើញបែបបញ្ញាសិប្បនិម្មិត (Perception AI) ខណៈដែលសហរដ្ឋអាម៉េរិកនាំមុខផ្នែកស្វ័យប្រវត្តិកម្មបែបបញ្ញាសិប្បនិម្មិត (Autonomous AI)

ជំពូក៧៖ អ្នកជំនាញនៅតែបន្តកិច្ចពិភាក្សាវែកញែក ថាតើបញ្ញសិប្បនិម្មិតនឹងធ្វើឲ្យសង្គមមនុស្សល្អឥតខ្ចោះ ឬបង្កទៅជាគ្រោះមហន្តរាយ​

ជំពូក៨៖ បន្ទាប់ពីសុខភាពធ្លាក់ដុនដាបខ្លាំង អ្នកនិពន្ធ ត្រឡប់មកគិតសារជាថ្មីគឺចង់ឃើញទាំងមនុស្ស និងបញ្ញាសិប្បនិម្មិត អាចធ្វើការជាមួយគ្នាប្រកបដោយភាពសុខដុម

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

រហូតមកទល់នឹងពេលថ្មីៗនេះ កាលណាគេនិយាយពីបញ្ញាសិប្បនិម្មិត គ្រប់គ្នាគិតថា វាហាក់ដូចជាការស្រមើស្រមៃ ឬមានតែនៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្ត្រអ៊ីចឹង ។ ប៉ុន្តែបច្ចុប្បន្ននេះ រាប់តាំងពីក្មេងនៅតាមសាលារហូតដល់ អគ្គនាយកក្រុមហ៊ុននានា ចាប់ផ្តើមកត់សម្គាល់ពីវត្តមានរបស់បញ្ញាសិប្បនិម្មិត ដែលផ្តើមចូលមកក្នុងជីវិតរស់នៅរបស់យើង ។

ជាការពិតណាស់ រាល់ពេលដែលលោក  Kai Fu Lee ឡើងវេទិកាចែករំលែកដល់ក្មេងៗក្តី ឬក្នុងកិច្ចប្រជុំធំដែលមានអ្នកចូលរួមសុទ្ធតែលំដាប់អគ្គនាយកក្តី សំណួរផ្សេងៗដែលចោទសួរមកកាន់រូបគាត់ផ្ទាល់មានលក្ខណៈស្រដៀងគ្នា មិនថាសំណួរអស់ទាំងនេះសួរចេញពីមាត់ក្មេងៗ ឬអគ្គនាយក តួយ៉ាងដូចជា “តើថ្ងៃអនាគត យើងនឹងមានគ្រូបង្រៀន (រ៉ូប៉ូត ​ឬមនុស្សយន្ត) ដែលដំណើរការដោយបញ្ញាសិប្បនិម្មិតមែនឬទេ”? “បើការងារមួយចំនួនត្រូវជំនួសដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ចុះថ្ងៃក្រោយយើងត្រូវធ្វើការងារអ្វី?”

មើលមកពេលនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតហាក់ដូចជារឿងថ្មីថ្មោងមួយ ។ មែនទែនទៅ បច្ចេកវិទ្យានេះត្រូវឆ្លងកាត់ការសិក្សាស្រាវជ្រាវរាប់ទសវត្សរ៍មកហើយ មួយវិញទៀត អរគុណជាពិសេសដល់របកគំហើញបច្ចេកវិទ្យាផ្នែកការសិក្សាបែបស៊ីជម្រៅ ដែលបានប្រែខ្លួន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឲ្យក្លាយជាកាតាលីករយ៉ាងសំខាន់ជំនួយដល់វិស័យជំនួញសម័យថ្មី ។ 

មុននឹងការមកដល់របត់មួយនៃបច្ចេកវិទ្យាផ្នែកការសិក្សាបែបស៊ីជម្រៅដូចសព្វថ្ងៃនេះ វាមានឬសគល់តាំងពីទសវត្សរ៍៥០ មកម្លេះ ។ នៅពេលនោះអ្នកស្រាវជ្រាវពីររូប គឺលោក Marvin Minsky និង​​លោក John McCarthy  មានគោលដៅបង្កើតកុំព្យូទ័រដែលមានសមត្ថភាពដូចបញ្ញារបស់មនុស្ស ។ ចំណែកអ្នកនិពន្ធសៀវភៅនេះផ្ទាល់ បានប្រឡូកខ្លួនចូលក្នុងវិស័យនេះនា​ដើមទសវត្សរ៍​៨០ ហើយការសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យាខាងដើមមានខ្នែងពីរធំៗ ទី១គឺ Rule-Based People និង Neural Network។

Rule-Based AI ជឿថា យើងអាចទទួលលទ្ធផលដ៏ល្អមួយ បើយើងសរសេរកម្មវិធីឲ្យម៉ាស៊ីនដំណើរការដោយប្រើច្បាប់មួយក្នុងពេលតែមួយ ។ ឧទាហរណ៍៖ យើងសរសេរកម្មវិធីប្រាប់ទៅម៉ាស៊ីនកុំព្យូទ័រថា “​ឆ្មាមានត្រចៀករាងត្រីកោណ” ។ ចំណែកឯ​ដំណើរការរបស់  Neural Network  គឺវាដូច្នេះ៖ វាឲ្យម៉ាស៊ីនកុំព្យូរទ័ររៀនដោយខ្លួនឯង ប្រហាក់ប្រហែលនឹងដំណើរការរៀនរបស់មនុស្សដែលធ្វើឡើងតាមរយៈពិសោធន៍ ។ សូមលើកឧទាហរណ៍ឲ្យបណ្តាមិត្តអ្នកអានងាយយល់ពី  Neural Network “តួយ៉ាងរូបឆ្មាដដែល” ដំបូងឡើយម៉ាស៊ីនកុំព្យូទ័រធ្វើការវិភាគលើរូប និងផ្តល់ចម្លើយត្រឡប់មកវិញថាមិនមែនជារូបឆ្មាទេ អញ្ចឹងទិន្នន័យដែលវិភាគខុសបានក្លាយជាបទពិសោធសម្រាប់ឲ្យម៉ាស៊ីនយកទៅរៀនបន្តទៀត និង​បន្ថែមភាពសុក្រឹតដល់ការវិភាគរបស់ម៉ាស៊ីននៅពេលក្រោយ ។

មានកត្តាពីរយ៉ាងដែលចាំបាច់សម្រាប់​ Neural Network-based AI ៖ ទី១ គឺបរិមាណនៃទិន្នន័យ និងទី២ គឺល្បឿនក្នុងការវិភាគ និងដោះស្រាយរបស់កុំព្យូទ័រ ។ ចូលមកដល់ពាក់កណ្តាលឆ្នាំ ២០០០ ទើបកត្តាចាំបាច់ខាងលើមានគ្រប់គ្រាន់ និងជួយសម្រួលដល់​  Neural Network-Based AI ឲ្យធ្វើការងារកាន់តែប្រសើរឡើង ។ ម្លោះហើយទើបអ្នកស្រាវជ្រាវឈ្មោះ  Geoffrey Hinton អាចគណនា និង​ដាក់នូវបរិមាណត្រឹមត្រូវនៃស្រទាប់ណឺរ៉ូណ (Neurons) និងបង្កើនថាមពលដើម្បីឲ្យ AI ធ្វើការកាន់តែល្អមួយកម្រិតថែមទៀត ។

បន្ទាប់ពីមានលក្ខខណ្ឌអំណោយផលដូចដែលមានពណ៌នាពីខាងលើ Neural Network ត្រូវបានគេចាត់បញ្ចូលក្នុងក្រុមបច្ចេកវិទ្យាផ្នែកការសិក្សាបែបស៊ីជម្រៅ ។ 

ភ្លាមៗ បញ្ញាសិប្បនិម្មិតអាចមានសមត្ថភាពដោះស្រាយបញ្ហាស្មុគស្មាញ អាចចងចាំលំនាំផ្សេងៗ និងទទួលបានលទ្ធផលគាប់ប្រសើរក្រោយការសាកល្បង ។ ពិតណាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះអាចសម្របចូលមកជំនួសមុខងារ និងបំពេញតម្រូវការ​របស់មនុស្ស តួយ៉ាងការចំណាំរូបភាព ការសម្គាល់សំឡេង ការវិភាគបញ្ហាស្មុគស្មាញ លើការសម្រេចចិត្តរឿងហិរញ្ញវត្ថុ រួមទាំង ការបើករថយន្តជំនួសមនុស្សជាដើម ។ មែនហើយ ពេលនេះសេដ្ឋកិច្ចបែបបញ្ញាសិប្បនិម្មិតកំពុងមានដំណើរការរលូន ហើយយើងចាំបាច់ត្រូវតែអរគុណចំពោះផ្លែផ្កានៃបច្ចេកវិទ្យាផ្នែកការសិក្សាបែបស៊ីជម្រៅ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!