កថាទី១៖ រឿងអណ្ដើក និងហង្ស

កថាទី២៖ រឿងត្រី៣ រូប

កថាទី៣៖ រឿងពាណិជ្ជ ភរិយា និងអ្នកបម្រើ

កថាទី៤៖ រឿងកុក ពស់ និងស្ការ

កថាទី៥៖ រឿងកណ្ដុរ និងតាបស

កថាទី៦៖ រឿងកុក និងក្ដាម

កថាទី៧៖ រឿងព្រាហ្មណ៍វាយបំបែកក្រឡ

កថាទី៨៖ រឿងសុន្ទៈ និងឧបសុន្ទៈ

កថាទី៩៖ រឿងព្រាហ្មណ៍ នឹងអ្នកលេង

កថាទី១០៖ រឿងសីហៈ ក្អែក ខ្លា ចចក និងឧដ្ឋ

កថាទី១១៖ រឿងពស់ និងកង្កែប

កថាទី១២៖ រឿងព្រាហ្មណ៍ និងស្ការ

សៀវភៅអេឡិកត្រូនិក

នៅក្នុងក្រុងឧជ្ជយិនី មានព្រាហ្មណ៍ម្នាក់ឈ្មោះមាឃវៈ ។ ភរិយាព្រាហ្មណ៍នោះប្រសូតកូនខ្ចីមួយ ហើយប្រគល់ទៅឲ្យព្រាហ្មណ៍រក្សា ខ្លួនឯងទៅមុចទឹកជម្រះកាយ ។ ក្នុងខណៈនោះឯង ព្រះរាជាត្រាស់ប្រើរាជបុរសម្នាក់ឲ្យទៅហៅព្រាហ្មណ៍នោះទៅធ្វើពិធីបារ៌ណស្រព្ធ (ទេយយទានដែលគេត្រូវបូជាក្នុងពិធីបុណ្យធំ សម្រាប់បូជាព្រាហ្មណ៍) ។ ព្រាហ្មណ៍បានដឹងហើយ គិតឃើញថាខ្លួនក្រីក្រលំបាកតោកយ៉ាកណាស់ ថាបើអាត្មាអញមិនប្រញាប់ប្រញាល់ទៅ សមព្រាហ្មណ៍ដទៃគេដឹង គេនឹងយកបារ៌ណស្រព្ធនោះអស់ ព្រោះថា៖ 

៩៥- អំពីដែលគេត្រូវទទួល និងគេត្រូវឲ្យ បុគ្គលគប្បីធ្វើឲ្យឆាប់ៗ ព្រោះថា បើបុគ្គលមិនប្រញាប់ប្រញាល់ធ្វើឲ្យរហ័សទេ កាលវេលានឹងជញ្ជក់ស៊ីរសជាតិនៃអំពើនោះអស់ ។ 

ឯអាត្មាអញមិនមានអ្នករក្សាកូនខ្ចីនេះផង គិតធ្វើដូចម្ដេចអេះ? ណ្ហើយចុះ អាត្មាអញនឹងឲ្យកូនស្ការនេះរក្សាកូនបណ្ដើរសិន ព្រោះអាត្មាបានចិញ្ចឹមវាមកអស់កាលយូរណាស់ហើយៗស្រឡាញ់វាទុកដូចជាកូនបង្កើតដែរ បើដូច្នោះគួរប្រគល់កូននោះឲ្យវារក្សាហើយសឹមចេញទៅ ។ ព្រាណ្មណ៍ធ្វើតាមគិត ដូច្នេះហើយ ដើរចេញទៅ ។ កាលដែលព្រាហ្មណ៍ចេញផុតទៅនោះ មានពស់វែកមួយវារចូលមកជិតកូននោះ ស្ការឃើញពស់ជាសត្វសត្រូវពីកំណើតមកដល់ ដំឡើងប្រែងប្រាងដោយក្ដៅក្រហាយខ្លាំងក៏ស្ទុះទៅខាំពស់ដាច់ជាពីរបីកំណាត់ភ្លាម ។ លំដាប់តមក ស្ការក្រឡេកមើលទៅឃើញព្រាហ្មណ៍កំពុងដើរចូលមក ត្រេកអរណាស់ ទាំងមុខមាត់ដៃជើងប្រឡាក់ឈាមក្រហមច្រាលនៅឡើយ ក៏រត់យ៉ាងរហ័សទៅននៀលនៅក្បែរជើងព្រាហ្មណ៍នោះឯង ដើម្បីសម្ដែងអាការត្រេកអរដែលបានបម្រើម្ចាស់ដោយប្រពៃ ។ ឯព្រាហ្មណ៍ឃើញឈាមនៅមុខមាត់ជើងស្ការក្រហមដូច្នោះ ក៏ដំណត់ក្នុងចិត្តឥតពិចារណាថា៖ ស្ការនេះស៊ីកូនអាត្មាអញហើយ ក៏លើកដំបងសំពងស្ការនោះម៉កស្លាប់បង់ទៅហោង ។ តមក ដរាបណាព្រាហ្មណ៍ចូលទៅមើលកូន ដរាបនោះព្រាហ្មណ៍ឃើញកូនសុខសប្បាយ ឃើញពស់ដាច់ជាពីរបីកំណាត់នៅរាត់រាយក្បែរកូននោះ ទើបដឹងឧបការគុណស្ការជាបំផុតក៏កើតក្ដៅក្រហាយស្ដាយក្រោយដ៏ក្រៃលែង ព្រោះហេតុនោះបានជាខ្ញុំ (ត្មាតទុរទសីជាប្រធានរដ្ឋមន្ត្រី) ពោលថា៖ ជនល្ងង់ ដូច្នេះជាដើម (លេខ ៩៤) ព្រោះថា៖ 

៩៦- កាម១ ក្រោធ១ លោភ១ ឫស្យា១ មានៈ១ ស្រវឹង១ ធម៌៦ ប្រការនេះ បើលះបង់បានទើបបានសេចក្ដីសុខ ។ 

ក្ងោកចិត្រពណ៌សួរថា៖ នែលោកប្រធានរដ្ឋមន្ត្រី! នេះជាការសម្រេចដាច់ខាតនៃលោកហើយឬអ្វី? ។ ត្មាតទុរទសីជាប្រធានរដ្ឋមន្ត្រីឆ្លើយថា៖ យ៉ាងនេះពិតហើយ ព្រោះថា៖ 

៩៧- សតិគឺការចាំបាន១ ការប៉ិនត្រិះរិះសមហេតុផលក្នុងប្រយោជន៍ដ៏សំខាន់១ ការដឹងប្រាកដ១ ការម៉ឺងម៉ាត់១ ការចេះរក្សាការប្រឹក្សាសម្ងាត់១ ទាំង៥ប្រការនេះជាគុណសម្បត្តិនៃមន្ត្រី ។ 

៩៨- បុគ្គលឥតការសិក្សា មិនត្រូវធ្វើការប្រញាប់ប្រញាល់ទេ ព្រោះការខ្វះខាតការពិចារណាត្រឹមត្រូវជាប្រភពនៃសេចក្ដីវិនាស សេចក្ដីពិត ការពិចារណាត្រឹមត្រូវហើយសឹមធ្វើ គឺបុគ្គលត្រូវការចង់បាន ព្រោះសម្បត្តិគឺសេចក្ដីចម្រើន បុគ្គលដែលមានគុណសម្បត្តិល្អត្រូវបានដោយខ្លួនឯង ។ 

ទេវៈ! បើលោកម្ចាស់ប្រាថ្នាធ្វើតាមពាក្យខ្ញុំបាទឥឡូវនេះ សូមធ្វើសន្តិភាពទៅ ព្រោះថា៖ 

៩៩- សូម្បី ហិតោបទេសគឺឧបាយក្នុងការញាំងផលឲ្យសម្រេចតាមសេចក្ដីប្រាថ្នានេះមានដល់ទៅ៤ ប្រការក៏ពិតមែន តែក៏គ្រាន់តែជាផលសំខ្យា គឺការរាប់ចំនួនឲ្យបានចំនួនដល់ទៅ៤ ប៉ុណ្ណោះទេ បណ្ដាឧបាយទាំង៤ប្រការនេះ សេចក្ដីសម្រេចពិតៗ ស្ថិតនៅតែក្នុងការផ្សះផ្សាតែមួយប៉ុណ្ណោះទេ ។

ក្ងោកចិត្រពណ៌សួរតទៅថា៖ ធ្វើដូចម្ដេច ទើបបានសម្រេចយ៉ាងនេះ? ព្រោះថា៖ 

១០០- មនុស្សល្ងង់គេធ្វើឲ្យពេញចិត្តបានដោយងាយ មនុស្សអ្នកចេះដឹងវិសេស គេធ្វើឲ្យពេញចិត្តរឹតតែងាយទៅទៀត តែបុគ្គលមានការចេះដឹងបន្ដិចបន្តួច កុំថាឡើយត្រឹមមនុស្ស សូម្បីព្រះព្រហ្មក៏ធ្វើឲ្យពេញចិត្តមិនបានដែរ ។ 

សេចក្ដីវិសេសតទៅទៀត រាជហង្សហិរណ្យគក៌នេះជាស្ដេចចេះដឹងរាជករណីយកិច្ចពិត ឯចាក្រពាកសវ៌ជ្ញៈនេះជាប្រធានរដ្ឋមន្ត្រីចេះដឹងកិច្ចការទូទៅ រឿងនេះ ខ្ញុំបាទបានដឹងតាំងពីកាលខាងដើមម៉្លេះ តាមពាក្យមេឃពណ៌ និងកិច្ចការដែលធ្វើរឿយៗមកហើយ ព្រោះថា៖ 

១០១- គុណសម្បត្តិ និងសេចក្ដីប្រព្រឹត្តនៃជនដែលគេមើលមិនឃើញ បុគ្គលគប្បីទាយទៅតាមអំពើនៃជននោះដែលបានធ្វើសព្វកាលទាំងពួង មែនពិតហើយ សេចក្ដីប្រព្រឹត្តនៃជនដែលគេមើលឃើញនោះ គេអាចស្ទង់មើលឃើញនូវផលនៃអំពើរបស់ជននោះបាន ។ 

ក្ងោកចិត្រពណ៌ពោលសម្រេចថា៖ និយាយជជែកគ្នាយូរទៅទៀតឥតប្រយោជន៍ទេ ចូរចាត់ការតាមដែលលោកប្រធានរដ្ឋមន្ត្រីគិតទុកស្រេចមកហើយនោះទៅចុះ ។ ត្មាតទុរទសីជាប្រធានរដ្ឋមន្ត្រីប្រឹក្សាជាមួយ និងក្ងោកចិត្រពណ៌រួចហើយសម្រេចថា៖ យើងគប្បីធ្វើការនេះតាមគួរដល់ការឲ្យសម្រេចក្នុងទីនេះតែម្ដង ។ គិតហើយក៏ធ្វើដំណើរទៅកាន់បន្ទាយនៃរាជហង្សហិរណ្យគក៌នោះ ។ ក្នុងខណៈនោះកុកទីឃ៌មុខជាចារបុរសត្រឡប់ចូលទៅប្រាប់រាជហង្សហិរណ្យគក៌ថា៖ ទេវៈ! ត្មាតទុរទសី ជាប្រធានរដ្ឋមន្ត្រីនឹងមកកាន់សំណាក់យើង ដើម្បីនិយាយព្រឹក្សាធ្វើសញ្ញាសន្ដិភាពស្ងប់សឹកហើយ ។ រាជហង្សហិរណ្យគក៌ងាកបែរទៅមើលចាក្រពាកជាប្រធានរដ្ឋមន្ត្រីហើយនិយាយថា៖ នែលោកមន្ត្រី! មានចារបុរសមកទៀតហើយហ៎ៈ? ។ ចាក្រពាកសវ៌ជ្ញៈសើចក្លាង ហើយឆ្លើយតបទៅវិញថា៖ ទេវៈ! រឿងនេះមិនមែនជាហេតុនេំឲ្យបារម្ភខ្លាចទេ ព្រោះត្មាតទុរទសីនេះជាបុគ្គលមានមហាអធ្យស្រ័យប្រសើរណាស់ មួយទៀតការបារម្ភខ្លាចនេះជាស្ថិតិនៃមតិថោកទាបរបស់ជនល្ងង់ខ្លៅទេ រឿងនេះ ជួនកាលគេមិនទាំងត្រូវខ្លាចផង ជួនកាលគេក៏ត្រូវខ្លាចគ្រប់កាលទាំងពួង ព្រោះថា៖ 

១០២- ហង្សមិនឆ្លៀវឆ្លាត កាលស្វែងរកកមុទជាអាហារក្នុងវេលារាត្រីនៅក្នុងស្រះបោក្ខរណីដែលមានឆាយានៃកងតារាចោលស្រមោលមកច្រើន ក៏ពិលភ្នែកច្រឡំសម្គាល់ពន្លកកមុទថាជាដួងតារាក្នុងមួយខណៈៗដែរ សូម្បីក្នុងវេលាទិវាកាល ដែលមើលឃើញច្បាស់ហើយក៏ញញើតញញើមមិនហ៊ានចឹកពន្លកកមុទ ខ្លាចក្រែងថាជាដួងតារាទៅវិញយ៉ាងណា ឯមនុស្សលោកនេះ ដែលត្រូវមនុស្សកុហកឆកោងមកបៀតបៀនច្រើនដងហើយ មើលទៅសេចក្ដីពិតប្រាកដមែន ក៏ភ័ន្ដពិលភ្នែក ថាជាក្ដីអន្តរាយទៅវិញយ៉ាងនោះ ។ 

១០៣- បុគ្គលដែលមានចិត្តធ្លាប់ទុរជនប្រទូសមកហើយ មិនហ៊ានធ្វើសេចក្ដីស្និទ្ធស្នាលទុកចិត្តសូម្បីចំពោះសាធុជន ដូចកូនក្មេងដែលធ្លាប់រលាកដៃដោយបាយសក្ដៅ សូម្បីបាយាសត្រជាក់ក៏ញញើតមិនហ៊ានលូកដៃចាប់យកមកស៊ីដែរ ។ 

ទេវៈ! តាមដំណើរនេះ គួរលោកម្ចាស់ចាត់ចែងរកគ្រឿងបណ្ណាការដ៏មានតម្លៃ មានរតនវត្ថុជាដើម តាមដែលនឹងអាចរកបានឲ្យមានព្រម ដើម្បីបូជាជាកិត្តិយសដល់ប្រធានរដ្ឋមន្ត្រីទុរទសី ។ កាលកំពុងចាត់ចែងគ្រឿងបណ្ណាការនេះ ត្មាតទុរទសីប្រធានរដ្ឋមន្ត្រីមកដល់ ចាក្រពាកសវ៌ជ្ញៈទៅទទួលនៅមាត់បន្ទាយដោយការគួរសមដ៏ក្រៃលែង ហើយនាំចូលទៅកាន់សំណាក់រាជហង្សហិរណ្យគក៌ ឲ្យអង្គុយក្នុងទីដ៏សមគួរមួយកន្លែងដែលបានរៀបចំទុកមុនស្រេច ។ កាលនោះ ចាក្រពាកធ្វើដូចជាមិនដឹងខ្លួននិយាយថា៖ លោកប្រធានរដ្ឋមន្ត្រី! វត្ថុទាំងពួងបណ្ដាដែលមានក្នុងទីនេះ ជាអាយ័តនៃលោកហើយលោកចូរគ្រប់គ្រងរាជ្យនេះតាមសេចក្ដីប្រាថ្នាលោកចុះ ។ រាជហង្សហិរណ្យគក៌ក៏និយាយស្របតាមថា៖ អើកិច្ចការនេះដូចលោកប្រធានរដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងនេះហើយ ។ ត្មាតទុរទសីឆ្លើយតបភ្លាមថា៖ ត្រូវយ៉ាងនេះហើយ តែឥឡូវនេះ ការនិយាយពន្យារឲ្យយឺតយូរវែងពេកឥតប្រយោជន៍ទេ ព្រោះថា៖ 

១០៤- ជនគប្បីយកចិត្តមនុស្សល្មោភដោយឲ្យទ្រព្យ មនុស្សស្ដុកស្ដម្ភដោយអញ្ចលិកម្ម មនុស្សល្ងង់ដោយបណ្ដោយតាមចិត្ត បណ្ឌិតដោយការនិយាយពាក្យសច្ចៈ ។

១០៥- ជនគប្បីប្រតិបត្តិចំពោះមិត្តដោយសប្បុរសធម៌ ចំពោះផៅពង្សដោយការអើពើចរចាកអារាក ចំពោះស្ត្រី និងជនបម្រើដោយឲ្យរង្វាន់ និងកិត្តិយស ចំពោះជនក្រៅពីនេះដោយការគោរព ។ 

រឿងនេះ គួរយើងធ្វើសន្ដិភាពស្ងប់សឹកឥឡូវនេះ ព្រោះស្ដេចក្ងោកចិត្រពណ៌មានតេជានុភាពធំមហិមាណាស់ ។ ចាក្រពាកសួរថា៖ ធ្វើសន្ដិភាពស្ងប់សឹកនោះតើធ្វើដូចម្ដេច សូមប្រាប់មកខ្ញុំបាទមើល? ។ រាជហង្សហិរណ្យគក៌ឆ្លើយប្រាប់ថា៖ ខ្ញុំបាទនឹងនិយាយប្រាប់ សូមលោកម្ចាស់ចាំស្ដាប់៖ 

១០៦- ព្រះនរបតី ដែលត្រូវសត្រូវមានកម្លាំងជាងចូលមកប្រយុទ្ធខ្លាំងធ្លាក់ទៅក្នុងឋានៈដ៏លំបាក ហើយមិនអាចនឹងប្រយុទ្ធសងសឹកទៀតវិញបាននោះ គួរគប្បីធ្វើសន្ដិភាពស្ងប់សឹកដើម្បីជាការពន្យារពេល ។ 

១០៧- សន្ដិភាពស្ងប់សឹក មានឈ្មោះ១៦ ប្រការគឺ៖ កបាលៈ១ ឧបហារៈ១ សន្ដានៈ១ សំគតៈ១ ឧបន្យាសៈ១ ប្រតីការ១ សំយោគ១ បុរុសន្តរៈ១ ។ 

១០៨- អទ្ឬស្ដនៈ១ អាទិស្ដៈ១ អាត្មាទិស្ដ១ ឧបគ្រហៈ១ បរិក្រយៈ១ ឧច្ឆិន្នវ១ បរភូសណៈ១ ។ 

១០៩- ស្កន្ធោបនេយៈ១ សន្ដិភាពទាំង១៦ ប្រការនេះបណ្ឌិតជាអ្នកជំនាញក្នុងការធ្វើសន្ធិសញ្ញាស្ងប់សឹកបានពោលហើយ ។ 

១១០- ១ដែលហៅថា កបាលសន្ធិសញ្ញា បុគ្គលគប្បីដឹងថាស្ងប់សឹកមានលក្ខន្តិកៈស្មើគ្នាទាំងសងខាង ២សន្ធិសញ្ញាណាដែលកើតឡើងដោយការឲ្យសន្ធិសញ្ញានោះឈ្មោះថា ឧបហារៈ ។ 

១១១- ៣ដែលហៅថា សន្ដានសញ្ញា បុគ្គលគប្បីដឹងថាជាសញ្ញាមានការឲ្យធីតាជាភរិយាទុកជាខាងដើម ៤ការចងស្ពានមេត្រីមួយអន្លើដោយសប្បុរសទុកជាខាងដើម លោកឲ្យឈ្មោះថា សំគតសន្ធិសញ្ញា ។ 

១១២- សំគតសន្ធិសញ្ញានេះ មានថិរវេលាដរាបអស់អាយុ មានអត្ថប្រយោជន៍ស្មើៗគ្នា ក្នុងគ្រាចម្រើនក្ដី ក្នុងគ្រាវិបត្តិក្ដី ឬក្នុងហេតុការណ៍ណាមួយក្ដី មិនដាច់ស្ពានមេត្រីនឹងគ្នាទេ ។ 

១១៣- សំគតសន្ធិសញ្ញានេះ មានគុណលក្ខណៈដូចសុវណ្ណ ព្រោះជាវិធីខ្ពង់ខ្ពស់បំផុត ចួនកាលលោកដែលឆ្លៀវឆ្លាតក្នុងសន្ធិសញ្ញាឲ្យឈ្មោះថា ឧបន្យសៈ ។ 

១១៤- ៥ សន្ធិសញ្ញាណា ដែលបុគ្គលឧទ្ទិសខ្លួន ឬព្រមឲ្យខ្លួនគិតតែបានសម្រេចសន្ធិសញ្ញានោះលោកអ្នកឆ្លៀវឆ្លាតក្នុងសន្ធិសញ្ញាឲ្យឈ្មោះថា ឧបន្យាសៈ ។ 

១១៥- ៦ សន្ធិសញ្ញាណាដែលធ្វើដូច្នេះគឺ៖ កាលដើមយើងបានធ្វើឧបការគុណឲ្យគេ គេត្រូវធ្វើឧបការគុណតបវិញ សន្ធិសញ្ញានោះលោកឲ្យឈ្មោះថា ប្រតីការៈ គឺការតបស្នង ។ 

១១៦- ពុំនោះ យើងជួយគេ គេក៏ត្រូវជួយយើងវិញ ដូច្នេះក៏ឈ្មោះថាប្រតីការៈដែរ ដូចជាកាលព្រះរាម និងសុគ្រីពធ្វើសន្ធិសញ្ញានឹងគ្នាដូច្នោះ ។ 

១១៧- ៧សន្ធិសញ្ញា ដែលអ្នកទាំងសងខាងមានបំណងដោយប្រពៃ ដើម្បីប្រយោជន៍តែមួយដូចគ្នា ហើយធ្វើសន្ធិសញ្ញានោះ លោកឲ្យឈ្មោះថា សំយោគសន្ធិសញ្ញា (ការរួបរួម) ព្រោះយកការរួបរួមគ្នាជាប្រមាណ ។ 

១១៨- ៨ ត្រូវទុកឲ្យសេនាជាប្រមុខនៃយោធាទាំងឡាយសងខាងធ្វើការស្ងប់សឹក សម្រេចដើម្បីប្រយោជន៍ដល់យើងទាំងឡាយ សេចក្ដីព្រមព្រៀងយ៉ាងនេះ ហើយធ្វើក្នុងសន្ធិសញ្ញាណា លោកហៅសន្ធិសញ្ញានោះថា បុរុសាន្តរៈ ។ 

១១៩- ៩ មានតែអ្នកមួយទេ ដែលអាចធ្វើសេចក្ដីប្រាថ្នារបស់ខ្ញុំឲ្យសម្រេចបាន សត្រូវចូលមកសូមធ្វើការស្ងប់សឹកដូច្នេះក្នុងសន្ធិសញ្ញាណា សន្ធិសញ្ញានោះលោកហៅថា អទ្ឬស្ដបុរុស ។ 

១២០- ១០ សត្រូវព្រមស្ងប់សឹកដោយការបែងចែកដីមួយចំណែកឲ្យ សន្ធិសញ្ញាបែបនេះលោកជាអ្នកឆ្លៀវឆ្លាតក្នុងសន្ធិសញ្ញាឲ្យឈ្មោះថា អាទិស្ដ (ការបែងចែកឲ្យ) ។ 

១២១- ១១ សន្ធិសញ្ញាណា ដែលសម្រេចដោយសែន្យានុភាពរបស់ខ្លួន លោកហៅថា អាត្មាទិស្ដ (ការឲ្យខ្លួនឯង) ១២ សន្ធិសញ្ញាណាដែលធ្វើដើម្បីរក្សាជីវិតខ្លួន ហើយព្រមប្រគល់សព្វវត្ថុឲ្យដល់សត្រូវលោកហៅថា ឧបគ្រហៈ (ការសូមលា) ។ 

១២២- ១៣ សន្ធិសញ្ញាណា ដែលព្រមបែងចែកសម្បត្តិក្នុងឃ្លាំងមួយចំណែក ឬពាក់កណ្ដាលពុំនោះឲ្យទាំងអស់ដល់សត្រូវ ដើម្បីរក្សាទ្រព្យដែលនៅសល់ខ្លះ សន្ធិសញ្ញានោះលោកឲ្យឈ្មោះថា បរិក្រយៈ ។ 

១២៣- ១៤ សន្ធិសញ្ញាណា  ដែលព្រមលើកភូមិប្រទេសដែលឧត្តមទីបំផុតឲ្យសត្រូវ លោកឲ្យឈ្មោះថា ឧច្ឆិន្នៈ (ការគាស់រំលើង) ១៥ សន្ធិសញ្ញាដែលព្រមលះបង់ផលព្រះធរណីដែលកើតក្នុងប្រទេសខ្លួនឲ្យសត្រូវ លោកហៅថា ប្រភូសណៈ (ប្រដាប់ជនដទៃ) ។ 

១១៤- ១៦ អ្នកប្រាជ្ញឆ្លៀវឆ្លាតក្នុងសន្ធិសញ្ញាពោលថា៖ ការព្រមបែងចែកផលខ្លះក្នុងចំណែកដែលខ្លួបេះបានហើយលីយកមក សន្ធិសញ្ញាពោលថា ស្កន្ធោបទេយៈ ។ 

១២៥- សន្ធិសញ្ញា៤ ប្រការទៀតដែលបុគ្គលគួរដឹងគឺ បរស្បរោបការៈ (ការធ្វើឧបករៈទៅវិញទៅមក) ១ មេត្រី (ការចងស្ពានមេត្រី) ១ សម្ពន្ធៈ (ការទាក់ទងគ្នា)១ ឧបហារៈ (ដង្វាយ) ១ ។ 

១២៦- មានតែ ឧបហារសញ្ញាមួយប៉ុណ្ណោះ ដែលខ្ញុំបាទយល់ថាគួរ កាលបើលើកឧបហារៈចេញហើយ មេត្រីភាពក៏មិនមាន ។ 

១២៧- ធម្មតាសត្រូវដែលមានកម្លាំងសែន្យានុភាពច្រើន កាលបើមិនបានធ្វើសោះ ក៏មិនព្រមលើកទ័ពថយទៅវិញ ព្រោះហេតុនោះកាលបើវៀរលែងឧបហរៈហើយ សន្ធិសញ្ញាដទៃទៀតមិនមានផ្លូវទេ ។ 

រាជហង្សហិរណ្យគក៌និយាយសរសើរថា៖ លោកប្រធានរដ្ឋមន្ត្រី លោកជាមហាបណ្ឌិត ព្រោះហេតុនោះ ក្នុងវារៈនេះគួរលោកប្រាប់យើងនឹងចាត់ការយ៉ាងណាខ្លះ សូមលោកពន្យល់ឲ្យយើងស្ដាប់តទៅ ។ ត្មាតទុរទសីឆ្លើយថា៖ អា! ហេតុអ្វីក៏លោកម្ចាស់ពោលដូច្នេះ? ។ 

១២៨- បើក្នុងថ្ងៃនេះ ឬក៏ក្នុងថ្ងៃស្អែក សត្វនឹងត្រូវវិនាស ដោយក្ដីទុក្ខ និងជំងឺបៀតបៀន នរណាហ្ន៎ហ៊ានប្រព្រឹត្តធ្វើអំពើខុសចាកគន្លងធម៌ព្រោះតែរក្សារាងកាយ? ។ 

១២៩- មែនពិត ជីវិតសត្វទាំងឡាយឃ្លេងឃ្លោងណាស់ ដូចជាការញាប់ញ័រនៃស្រមោលព្រះចន្ទ្រក្នុងទឹក កាលបើដឹងថាជីវិតមានលក្ខណៈយ៉ាងនេះហើយ បុគ្គលគប្បីប្រព្រឹត្តកល្យាណធម៌ជានិច្ច ។ 

១៣០- កាលបើបុគ្គលពិចារណាឃើញច្បាស់នូវសំសារវដ្ដនេះថា​ បាក់បែកប្រេះឆាឆាប់ក្នុងមួយខណៈ ប្រៀបដូចស្រមោលក្នុងទឹក គប្បីរកសេពគប់មួយអន្លើដោយសប្បុរសទាំងឡាយ ដើម្បីរកធម៌ដើម្បីរកសេចក្ដីសុខផង ។

ព្រោះហេតុនោះឯង តាមសេចក្ដីយល់ឃើញខ្ញុំបាទថា គួរតែធ្វើយ៉ាងនេះឯង ព្រោះថា៖

១៣១- ថាបើយកអស្វមេធៈមួយពាន់ដង និងសច្ចៈតែមួយមកឡើងកាន់ត្រាជូហើយថ្លឹងមើលសច្ចៈតែមួយនេះឯងមានទឹកទម្ងន់ធ្ងន់អនេកជាងអស្វមេធៈទាំងពាន់ដោយពិត ។ 

ព្រោះហេតុនោះ សូមឲ្យភូមិបាលទាំងពីរធ្វើសច្ចាបណិធានស្បថទុកខងដើមនៅក្នុងនាមនៃសច្ចធម៌ ហើយធ្វើសន្ធិសញ្ញាសន្ដិភាពឈ្មោះ ការញ្ចនសច្ចៈនេះចុះ ។ ចាក្រពាកសវ៌ជ្ញៈជាប្រធានរដ្ឋមន្ត្រីពោលថា៖ ធ្វើយ៉ាងនេះត្រឹមត្រូវហើយ ។ ក្នុងកាលនោះឯង រាជហង្សហិរណ្យគក៌បូជាត្មាតទុរទសីជាប្រធានរដ្ឋមន្ត្រីដោយគ្រឿងប្រដាប់ទាំងឡាយមានសំពត់គ្រឿងអលង្ការដ៏ច្រើន ។ ឯត្មាតទុរទសីបានគ្រឿងបណ្ណាការច្រើនហើយត្រេកអរសាទរក្រៃលែង ហើយអញ្ជើញចាក្រពាកសវ៌ជ្ញៈជាប្រធានរដ្ឋមន្ត្រីទៅទីលំនៅនៃក្ងោកចិត្រពណ៌ ។ ស្ដេចក្ងោកចិត្រពណ៌រៀបចំទទួលចាក្រពាកសវ៌ជ្ញៈជាប្រធានរដ្ឋមន្ត្រីដោយកិត្តិយសដ៏ក្រៃលែងតាមពាក្យត្មាតទុរទសី ធ្វើសន្ធិសញ្ញាសន្ដិភាព ហើយបូជាចាកក្រពាកប្រធានរដ្ឋមន្ត្រីដោយវត្ថុមានតម្លៃផ្សេងៗ រួចស្រេចហើយ ទើបបញ្ជូនត្រឡប់ទៅកាន់សំណាក់រាជហង្សហិរណ្យគក៌វិញ ។ ត្មាតទុរទសីជាប្រធានរដ្ឋមន្ត្រីពោលដាស់តឿនតទៅទៀតថា៖ ទេវៈ! សេចក្ដីប្រាថ្នាដែលយើងតាំងទុកហើយនោះ បានសមប្រកបសិទ្ធផលស្រេចបរិបូណ៌ហើយ គួរយើងយាត្រាទ័ពត្រឡប់ទៅកាន់វិន្ធ្យបព៌តទីឋានយើងវិញក្នុងកាលឥឡូវនេះឯង ។ សព្វសត្វជាបរិពារទាំងឡាយ ក៏បានត្រឡប់កាន់ទីឋានផ្ទះសម្បែងជួបមុខកូនប្រពន្ធញាតិមិត្តខ្លួនវិញ បានទទួលកិត្តិយសជាផលសមតាមចិត្តប្រាថ្នា សុខក្សេមក្សាន្តរៀងខ្លួនសព្វគ្នាទៅហោង ។ 

មហាបណ្ឌិតវិស្ណុស៌ម័ន ក្រាបបង្គំទូលព្រះរាជាកុមារទាំងឡាយថា៖ ទ្រង់! នៅសល់អ្វីដែលទូលបង្គំត្រូវថ្វាយទៀត សូមទ្រង់ទំាឡាយមានព្រន្ទូលមកចុះ? ។ ព្រះរាជកុមារទាំងឡាយមានព្រះបន្ទូលត្រាស់តបថា៖ បពិត្រលោកអាយ៌ៈ! ដោយករុណាធម៌ដ៏ខ្ពង់ខ្ពស់របស់លោក ទើបយើងខ្ញុំទាំងឡាយបានចេះដឹងអង្គការគ្រប់គ្រងរាជ្យគ្រប់ប្រការ អាស្រ័យគុណធម៌នេះ យើងខ្ញុំនឹងមានសេចក្ដីបន្ថែមជាគ្រឿងបំពេញព្រះទ័យថា៖ សេចក្ដីនេះពិតយ៉ាងនេះហើយ តែគួរបំពេញសេចក្ដីខាងចុងទីបំផុតថ្វាយទៀតថា៖

១៣២- សូមសន្ដិភាពចូរមានដល់ព្រះរាជាទាំងពួងទាំងឡាយផង ដល់ព្រះរាជាទាំងឡាយដែលមានជ័យផង ហើយសូមឲ្យមានបីតិបាមោជ្ជរីករាយសប្បាយគ្រប់កាលទាំងពួង! សូមកិត្តិយសខ្ពង់ខ្ពស់ ចូរវឌ្ឍនាការចម្រើនដល់លោក ដែលប្រព្រឹត្តកុសលកម្មឲ្យបានស្ថិតស្ថេរចេរកាលវែងទៅ! សូមនីតិសាស្ត្រដែលទុកដូចជានាងវារវិលាសិនី ចូរស្ថិតជិតស្និទ្ធនែបនិត្យឰដ៏ឧរានៃមន្ត្រីទាំងឡាយ ហើយជុម្ពជប់នូវមាត់អស់កាលជានិច្ចនិរន្ដ៍តទៅ! សូមសេចក្ដីសុខក្សេមក្សាន្តដ៏ធំក្រៃលែង ចូរមានដល់ប្រជាជនទាំងឡាយរាល់ទិនទិវារាត្រីគ្រប់កាលទៅហោង! ។ 

១៣៣- ព្រះលក្សី ជាបុត្រីនៃបព៌តហិមពាន្ត ជាសក្តិនៃព្រះនរាយណ៍ ជាមកុដនៃព្រះទិត្យ និងព្រះចន្ទ្រដែលជាអ្នកនាំលោក ជាអ្នកប្រទានផលធារាហូរចេញពីដួងចិត្ត គឺស្រះមានសៈដូចផ្លេកបន្ទោរផ្សាយពន្លឺរស្មីភ្លឺឆ្វៀលច្រវាត់ស្ថិតស្ថេរនៅដរាបណា សូមកថាសង្គ្រោះពោលគឺស្រីហិតោបទេសរបស់មហាបណ្ឌិតនារាយណៈ ដែលលោករចនាចងក្រងមកទុកដូចជាភ្នំមាស គឺភ្នំហិមាលយា ឬព្រះអាទិត្យ ដែលមានពន្លឺភ្លឺរុងរឿងសន្ធោសន្ធៅប្រាកដដូចជាពន្លឺភ្លើងប្រល័យលោកនេះ ផ្សាយចេញទូទៅពាសពេញសកលលោក ហើយស្ថិតស្ថេរចេរកាលនៅដរាបនោះ ។ 

១៣៤- កថាសង្គ្រោះនេះ​ គឺព្រះរាជាអង្គណាបានសូមឲ្យមហាបណ្ឌិតសរសេរចងក្រងទុកផ្សាយទូទៅដោយព្យាយាមដ៏ប្រពៃ សូមព្រះរាជាអង្គនោះដែលទុកដូចជាព្រះចន្ទ្រពេញវង់មានពន្លឺភ្លឺត្រចះ ដ៏មានសេរីកណ្ដាលនភាល័យប្រទេស ឈ្នះអស់មារសត្រូវគ្រប់ប្រការទៅហោង! ? 

កថាសង្គ្រោះទី៤ ឈ្មោះសន្ដិភាពដែលមានក្នុងហិតោបទេសចប់តែប៉ុណ្ណោះ ។ 

ហិតោបទេស ចប់តែប៉ុណ្ណោះ ។ 

សូមសុភមង្គល ដ៏ច្រើនក្រៃលែងកើតមានដល់សព្វសត្វទាំងឡាយ! ។

វត្តឧណ្ណាលោមនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥១ 

សរសេរចប់នៅម៉ោង១២ ខ្វះ ១៥ នាទីពេលព្រឹក ។ 

ជាទីរំឭកការនៅចាំវស្សា ព.ស. ២៤៩៤

សុភាសិតមិនចេះស្លាប់

កើតជាអង្គ ពង្សជាមនុស្ស ប្រុសឬស្រី

មានសម្ដី ថ្វីគំនិត គិតគ្រប់ប្រាណ

ត្រូវប្រឹងរៀន រៀនឲ្យចេះ ចេះចំណាន

ទើបជាតិបាន ឋានខ្ពង់ខ្ពស់ យសថ្កុំថ្កើង ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!