កថាទី១៖ រឿងអណ្ដើក និងហង្ស

កថាទី២៖ រឿងត្រី៣ រូប

កថាទី៣៖ រឿងពាណិជ្ជ ភរិយា និងអ្នកបម្រើ

កថាទី៤៖ រឿងកុក ពស់ និងស្ការ

កថាទី៥៖ រឿងកណ្ដុរ និងតាបស

កថាទី៦៖ រឿងកុក និងក្ដាម

កថាទី៧៖ រឿងព្រាហ្មណ៍វាយបំបែកក្រឡ

កថាទី៨៖ រឿងសុន្ទៈ និងឧបសុន្ទៈ

កថាទី៩៖ រឿងព្រាហ្មណ៍ នឹងអ្នកលេង

កថាទី១០៖ រឿងសីហៈ ក្អែក ខ្លា ចចក និងឧដ្ឋ

កថាទី១១៖ រឿងពស់ និងកង្កែប

កថាទី១២៖ រឿងព្រាហ្មណ៍ និងស្ការ

សៀវភៅអេឡិកត្រូនិក

នៅក្នុងឧទ្យានចាស់មួយ មានពស់មួយឈ្មោះមន្ទវិស ។ ពស់នោះចាស់គ្រាំគ្រាណាស់វារលូនទៅរកចំណីបានដោយលំបាក ហើយលបលាក់ខ្លួនទៅនៅមាត់ត្រពាំងមួយ ។ កាលនោះ មានកង្កែបមួយក្រឡេកទៅឃើញចម្ងាយ ក៏ស្រែកសួរទៅថា៖ នែបងពស់! ម្ដេចក៏បងមកនៅទីនេះមិនដើរទៅស្វែងរកចំណីអាហារ? ។ ពស់ចាស់នោះឆ្លើយប្រាប់វិញថា៖ ហៃអ្នកដ៏ចម្រើន! ចូរអ្នកលោកទៅរកខ្លួនឯងចុះ សួរខ្ញុំជាអ្នកមានបុណ្យតិចតួចស្ដួចស្ដើងនេះតើមានប្រយោជន៍អ្វី? ។ កង្កែបស្ដាប់ហើយ ចង់ដឹងរឿងរ៉ាវដើមទង អត់ទ្រាំមិនបានក៏សួរដេញដោលទៅទៀតថា៖ សូមរៀបរាប់រឿងរ៉ាវដើមទងឲ្យអស់មកមើល ។ ពស់ចាស់ក៏រៀបរាប់ប្រាប់ថា៖ នែអ្នកដ៏ចម្រើនអើយ! នៅព្រហ្មបុរីមានព្រាហ្មណ៍ម្នាក់ឈ្មោះកៅណ្ឌិន្យចេះចប់ត្រៃវេទ គាត់មានកូនប្រុសមួយឈ្មោះសុសីលអាយុ២០ឆ្នាំ មានគុណសម្បត្តិល្អគ្រប់យ៉ាង តែសំណាងអាក្រក់ ត្រូវខ្ញុំជាសត្វចិត្តកាចសាហាវចឹកសម្លាប់បង់ទៅ លុះគាត់ឃើញកូនគាត់ដេកស្លាប់ដូច្នេះ ក៏សំសោកដេកបម្រះននៀលរហូតដល់បាត់ស្មារតីនៅលើផែនដី ។ កាលនោះឯង ញាតិសន្ដានព្រៀងលាន ដែលនៅក្នុងក្រុងព្រហ្មបុរីទាំងប៉ុន្មានក៏បបួលគ្នាមកឈូឈរអឹងកងចូលមកអង្គុយជុំជិតក្នុងទីនោះព្រោះថា៖ 

៦២- ជនណាមិនលះបង់គ្នាចោលចូលមកអង្គុយជិតក្នុងកាលក្ដីអន្ដរាយ ក្នុងក្ដីវិនាស ក្នុងកាលទុរភិក្ស ក្នុងកាលរាស្ត្របះបោរ ក្នុងទ្វារនៃព្រះរាជា និងក្នុងព្រៃស្មសាន ជននោះ ជាផៅពង្ស ។ 

កាលនោះឯង មានព្រាហ្មណ៍អ្នកលាងបាបម្នាក់ឈ្មោះកបិលៈ ឃើញកៅណ្ឌិន្យយំសោយសោកបម្រះននៀលខ្លាំងពេក ក៏និយាយបន្ទោសថា៖ នែកៅណ្ឌិន្យចង្រៃ! ឯងម៉េចក៏ល្ងង់ម៉្លេះ អ្នកណាគេដែលយំសម្លាប់ខ្លួនដូច្នេះ ឯងស្ដាប់មើលហ៎ៈ៖ 

៦៣- អនិច្ចធម៌ ទុកដូចជាមាតា ឱបក្រសោបចិញ្ចឹមអ្នកបដិសន្ធិទុកក្នុងទ្រូងតាំងតែពីប្រថមម៉្លេះឯមាតាជាអ្នកបង្កើតនេះ មានក្នុងកាលជាខាងក្រោយទេ បើដូច្នេះតើអ្នកឯងខំយំសោយសោកធ្វើអ្វី? ។ 

៦៤- ព្រះរាជាភូមិបាលទាំងឡាយ ប្រកបដោយរេហ៍ពលសែន្យានុភាពយានពាហនៈទាំងឡាយច្រើនម៉្លេះ ឥឡូវនេះ ស្ដេចទៅណាអស់ទៅហ៎្ន? ផែនប្រថពីស្ថិតស្ថេរគង់នៅរហូតមកដល់ថ្ងៃនេះជាសាក្សីនៃការព្រាត់ប្រាសព្រះរាជាទំាងឡាយនោះស្រាប់ ។ 

៦៥- គួរសង្វេគណាស់! រាងកាយនេះកើតឡើងហើយក៏ដល់នូវវិការបែកធ្លាយទៅវិញ ភោគសម្បត្តិកើតបរិបូណ៌ឡើងហើយ ក៏ដល់នូវក្ដីភោគវិបត្តិទៅវិញ ការជួបជុំគ្នាកើតមានហើយក៏ដល់នូវការព្រាត់ប្រាស់គ្នាទៅវិញ សារពើវត្ថុទាំងឡាយ មានការកើតឡើង និងការបាក់បែកពុកផុតរលួយទៅវិញយ៉ាងនេះជាធម្មតា។

៦៦- កាយនេះរលត់រលាយទៅគ្រប់ខណៈ កាលកំពុងរលាយទៅ បុគ្គលកំណត់មើលមិនឃើញទេ ដូចឆ្នាំងជាវិការនៃដីដែលគេដុតមិនល្អ ស្ថិតនៅលើទឹករលាយបន្តិចម្ដងៗ ដល់បែកបាក់ហើយទើបគេមើលឃើញច្បាស់ ។ 

៦៧- ម្រឹត្យុតែងដើរចូលទៅជិតសត្វរាល់ថ្ងៃ ឯសត្វក៏ដើរចូលទៅរកសេចក្ដីស្លាប់គ្រប់ជំហានជើងដែរ ដូចជាសត្វដែលគេនាំចូលទៅរកទីសម្លាប់កាន់តែជិតសេចក្ដីស្លាប់រាល់ជំហានជើង ។ 

៦៨- អនិច្ចធម៌ យោវនវ័យ រូប ជីវិត ការសន្សំកពូនទ្រព្យឥស្សរិយយស ការនៅរួមមួយអន្លើដោយជនជាទីស្រឡាញ់ ទាំងអស់នេះបណ្ឌិតមិនវង្វេងភ័ន្តរហូតដល់កើតឧបាទានប្រកាន់ស្អិតយ៉ាងនេះទេ ។ 

៦៩- សំណាត់មួយ និងសំណាត់មួយទៀត រមែងរសាត់ទៅជួបគ្នាក្នុងមហាសមុទ្ទ លុះបានភប់ប្រសព្វជួបគ្នាហើយ ក៏ឃ្លាតឃ្លាព្រាត់ប្រាសគ្នាទៅវិញយ៉ាងណា ការជួបជុំនៅរួមគ្នានៃជនដែលកើតមកក្នុងលោកនេះ ក៏យ៉ាងនោះដែរ ។ 

៧០- មែនពិត អ្នកដំណើរទាំងឡាយចូលទៅឈប់សម្រាកកម្លាំងក្រោមម្លប់ដើមឈើ ហើយស្ថិតនៅជួបជុំគ្នារហង់ លុះឈប់សម្រាកកម្លាំងរួចហើយ ធ្វើដំណើរតទៅទៀត មានឧបមាយ៉ាងណា ការជួបជុំនៅរួមគ្នានៃជនដែលកើតមកក្នុងលោកនេះ ក៏យ៉ាងនោះដែរ ។ 

៧១- រាងកាយយើងនេះ ធម្មជាតិនិមិត្តដោយធាតុទាំង៥ យ៉ាង ហើយបែកធ្លាយត្រឡប់ទៅកាន់ធាតុទាំង៥យ៉ាងវិញ ធាតុទាំង៥នេះតែងចូលទៅកាន់ដំណើតដើមវិញជាធម្មតា បើដូច្នេះ តើយើងមកយំសោកក្នុងរឿងរាយកាយនេះធ្វើអ្វី?

៧២- ដរាបណា សត្វលោកណាធ្វើសម្ព័ន្ធជាមួយញាតិសន្ដានជាទីស្រឡាញ់ទុកក្នុងចិត្ត ដរាបនោះ សត្វលោកនោះ ឈ្មោះថាកប់ទុកនូវបន្លាគឺសេចក្ដីលោកក្នុងចិត្តស្រេចទៅហើយ ។ 

៧៣- ការនៅជួបជុំគ្នារហូតដល់ទីបំផុតនេះ មិនមានអ្នកណាមួយបានសោះ កុំថាឡើយដល់ញាតិសន្ដានសូម្បីតែរូបរាងកាយខ្លួនឯងភាគណាមួយ ក៏ឥតមានរនណាមួយបានដែរ ចាំបាច់និយាយថ្វីដល់ញាតិសន្ដានដែលនៅក្រៅពីកាយ ។ 

៧៤- មែនពិត ការនៅជួបជុំគ្នា ឈ្មោះថាឲ្យកំណើតដល់ការព្រាត់ប្រាសគ្នាវិញ ឯកំណើតក៏ឈ្មោះថានាំមកនូវម្រឹត្យុ ធម៌នេះមិនមានបុគ្គលណាមួយបានឡើយ ។ 

៧៥- ការសាបសូន្យទៅនៃការជួបជុំជាទីរីករាយនេះ លឿនភ្លែតទៅមួយអន្លើដោយជនជាទីស្រឡាញ់ទាំងឡាយ ជាធម៌ទារុណក្រៃលែងណាស់ ដូជជាការបបញ្ចុះអាហារស្លែងដ៏អាក្រក់ក្រៃលែងដូច្នេះដែរ ។ 

៧៦- ខ្សែទឹកក្នុងស្ទឹងទាំងឡាយតែងហូរទៅៗ ហើយកាន់យកសំណាត់ទៅជាមួយផង មិនដែលត្រឡប់ថយក្រោយវិញទេគ្រប់ៗកាល មានឧបមាយ៉ាងណា យប់នឹងថ្ងៃក៏ចាប់ឆក់យកនូវអាយុនៃសត្វទាំងឡាយ ហើយទៅមិនត្រឡប់ថយក្រោយវិញគ្រប់ៗកាល មានឧបមេយ្យយ៉ាងនោះដែរ ។ 

៧៧- ក្នុងសំសារដ្ដនេះ ការនៅជួបជុំមួយអន្លើដោយជនជាទីស្រឡាញ់ណា ដែលមានរស់គឺសេចក្ដីសុខនៅជាខាងដើម ការនៅជួបជុំមួយអន្លើដោយជនជាទីស្រឡាញ់នោះ ក៏ចងជាប់ជាមួយនឹងនឹមនៃសេចក្ដីទុក្ខ ព្រោះការជួបជុំនោះមានការព្រាត់ប្រាស់នៅក្នុងទីបំផុត ។ 

៧៨- ហេតុនេះឯងបានជាសប្បុរសទាំងឡាយ មិនប្រាថ្នានូវការជួបជុំមួយអន្លើ ដោយជនជាទីស្រឡាញ់ទាំងឡាយ ព្រោះមិនមានថ្នាំរក្សាចិត្តដែលមុតដោយដាវគឺសេចក្ដីព្រាត់ប្រាស់ឲ្យជាសះស្បើយបានឡើយ ។ 

៧៩- អំពើជាកុសលទាំងឡាយ (ដូចអស្វមេធៈ) ដែលព្រះបាទសគរៈ (ព្រះរាជាក្នុងសម័យបុរាណដែលសូមព្រះគង្គាឲ្យហូរចេញមកពីឋានសួគ៌) និងព្រះរាជាទាំងឡាយដទៃបានធ្វើហើយដោយប្រពៃ អំពើជាកុសលទាំងឡាយនោះឯង ក៏ដល់នូវការប្រល័យអស់រលីង ។ 

៨០- កាលបើគិតហើយគិតទៀត នូវអំណាចម្រឹត្យុដែលមានអាជ្ញាដ៏អាក្រក់ក្រៃលែងនេះសេចក្ដីព្យាយាមប្រឹងប្រែងទាំងអស់នៃមនុស្សសូម្បីជាអ្នកប្រាជ្ញដ៏ថមថយចាញ់ដៃ ប្រៀបដូចខ្សែពានជាវិការៈនៃស្បែកដែលទទឹកដោយទឹកភ្លៀង ។ 

៨១- នរជនសូម្បីជាវីរបុរសដែលចូលចាប់បដិសន្ធិ ទៅកាន់គក៌ក្នុងបឋមរាត្រីណា ចាប់តាំងពីបឋមរាត្រីនោះមក វីរបុរសនោះដើរត្រង់រឿយចូលទៅកាន់ម្រឹត្យុរាល់ៗថ្ងៃ ។ 

បើដូច្នោះ ចូរអ្នកពិចារណាមើលសំសារវដ្ដនេះចុះ  សេចក្ដីសោកនេះជាគ្រឿងចម្រើននៃមោហៈទេតើ ចូរមើលហ៎ៈ! 

៨២- ថាបើសេចក្ដីព្រាត់ប្រាសជាហេតុនៃសេចក្ដីសោក មិនមែនមោហៈជាហេតុទេ ហេតុអ្វីថ្ងៃដែលកន្លងទៅៗ សេចក្ដីសោកក៏មិនចេះតែចម្រើនច្រើនឡើងៗរាល់ថ្ងៃទៅហ៎ៈ? ។ 

នែអ្នកដ៏ចម្រើនអើយ! ចូរធ្វើចិត្តឲ្យស្ងប់ លះលែងនិយាយពីសេចក្ដីសោកនេះឲ្យស្រឡះទៅ ព្រោះថា៖ 

៨៣- សេចក្ដីសោកធ្ងន់ខ្លាំងណាស់  ទុកដូចជាសរដែលបាញ់មកមុតចំសាច់ឈឺជាងគេ ហើយជាធម្មជាតិត្រូវតែធ្លាក់មក មិនចាំបាច់សព្វសត្វគ្រប់ដឹងខ្លួនមុនទេ ការប្រហារបំបាត់សេចក្ដីលោកនេះ មានតែការមិនគិតមួយទេ ដែលទុកជាមហាឱសថទិព្វជួយរក្សាបាន ។ 

កាលស្ដាប់ពាក្យព្រាហ្មណ៍កបិលៈដូច្នេះហើយ ព្រាហ្មណ៍កៅណ្ឌិន្យក៏ដូចជាភ្ញាក់ខ្លួនព្រើត ក្រោកឡើងហើយនិយាយថា៖ ឥឡូវនេះ ការនៅក្នុងផ្ទះនរកល្មមប៉ុណ្ណឹងហើយ ខ្ញុំទៅនៅព្រៃប្រសើរជាង ។ ព្រាហ្មណ៍កបិលៈនិយាយតទៅទៀតថា៖ 

៨៤- ការនៅក្នុងព្រៃ មានទោសកើតឡើងច្រើនប្រការដល់ជនដែលប្រកបដោយរាគៈ នៅក្នុងផ្ទះ ការផ្ចាញ់ផ្ចាល់ឥន្ទ្រីយទាំង៥ ប្រការ ក៏ឈ្មោះថាព្រៃបំពេញតបៈបានដែរ ជនណាមិនប្រព្រឹត្តកម្មលាមក ផ្ទៃនៃជននោះដែលមានរាគៈរំលត់ហើយ ក៏ឈ្មោះថាជាតបោវ័នព្រៃបំពេញតបៈបាន ។ 

៨៥- បុគ្គលមានសេចក្ដី ចង់ប្រព្រឹត្តធម៌ ត្រេកអរពេញចិត្តនៅក្នុងអាស្រមណាមួយ ហើយធ្វើចិត្តឲ្យមានមេត្តាផ្សាយស្មើភាគទៅដល់សព្វសត្វទាំងឡាយ ក៏ឈ្មោះថាប្រព្រឹត្តធម៌បាន ព្រោះថា ភេទខាងក្រៅមិនមែនជាហេតុនៃធម៌ទេ ។

៨៦- ជនណា មានភោជនគ្រាន់តែញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ មានមេថុនគ្រាន់តែបណ្ដុះពូជ មានវាចាសម្រាប់តែពោលពាក្យសច្ចៈ ជននោះឈ្មោះថាកន្លងផុតនូវឧបសគ្គដ៏លំបាកបានហើយ ។ 

៨៧- ម្នាលបាណ្ឌុបុត្រ! អាត្មាយើងនេះទុកជាស្ទឹង ដ៏មានការសង្រួមជាកំពង់បុណ្យ (បុណ្យតិថ៌ី) មានពាក្យសច្ចៈជាទឹក មានសីលជាត្រើយ មានករុណាជារលក អ្នកចូលអភិសេកគឺចូលមុជក្នុងស្ទឹងគឺអត្តភាពនេះចុះ អត្តរត្មាគឺចិត្តខាងក្នុង មិនមែនបរិសុទ្ធបានដោយទឹកទន្លេទេ ។ 

៨៨- សំសារវដ្ដនេះ ឥតខ្លឹមសារទេ កើតឡើងពេញដោយឧបទ្រពចង្រៃ គឺទុក្ខវេទនាដែលកើតពីកំណើត ម្រឹត្យុ ជរា និងព្យាធិ ជនណាមួយលះបង់សំសារវដ្ដបាន ទើបបានសេចក្ដីសុខ ។ 

៨៩- ក្នុងលោកនេះ មានតែសេចក្ដីទុក្ខមួយចំណែកពិត មិនមានសេចក្ដីសុខទេ ដំណើរនេះបុគ្គលកំណត់ឃើញជាក់ច្បាស់ណាស់ព្រោះថា កាលបានជួយការពារបុគ្គលដែលមានសេចក្ដីទុក្ខឲ្យរួចស្រឡះហើយ ទើបគេសម្គាល់ថាមានសេចក្ដីសុខបាន ។ 

កៅណ្ឌិន្យនិយាយសរសើរកបិលៈថា៖ អ្នកនិយាយនេះពិតជាត្រឹមត្រូវណាស់ ។ តាំងពីកាលនោះមក ខ្លួនខ្ញុំ (ពស់) ត្រូវកៅណ្ឌិន្យដែលសោយសោកនេះដាក់បណ្ដាសាថា តាំងពីថ្ងែនេះតទៅ ឯងត្រូវទៅជាពាហនៈកង្កែបកុំខានឡើយ ។ លំដាប់តមក ព្រាហ្មណ៍កបិលៈនិយាយលួងលោមបន្ថែមទៀតថា៖ ឥឡូវនេះ អ្នកមិនចង់ស្ដាប់ឧបទេសខ្ញុំទេ ព្រោះចិត្តអ្នកកំពុងពេញដោយពិសគឺសេចក្ដីសោក ដូច្នេះត្រូវអ្នកចាំស្ដាប់អំពើដែលត្រូវធ្វើតទៅទៀត៖

៩០- គួរលះបង់កិច្ចដែលជាប់ជំពាក់នេះចេញឲ្យស្រឡះពីខ្លួន ថាបើមិនអាចលះបង់បានទេ គួរសមាគមមួយអន្លើដោយសប្បុរសទាំងឡាយជាភេសជ្ជៈដែរោគគឺសេចក្ដីទុក្ខបាន ។ 

៩១- គួរលះបង់កិច្ចដែលជាប់ជំពាក់នេះចេញឲ្យស្រឡះពីខ្លួន ថាបើមិនអាចលះបង់បានទេ គួរសមាគមមួយអន្លើដោយសប្បុរសទាំងឡាយជាភេសជ្ជៈកែរោគគឺសេចក្ដីទុក្ខបាន ។ 

៩១- គួរលះបង់កាមឲ្យស្រឡះ ថាបើអត់ទ្រាំទប់ទល់កាមមិនបានទេ គួរសេពគប់ចំពោះតែភរិយាខ្លួនមួយប៉ុណ្ណោះហើយ ព្រោះថា ភរិយាជាភេសជ្ជៈកែរោគគឺកាមរាគបាន ។ 

កៅណ្ឌិន្យ លុះបានស្ដាប់ហើយ ភ្លើងគឺសេចក្ដីសោកក៏រលត់ដោយទឹកអម្រឹតគឺពាក្យឧបទេសនៃកបិលព្រាហ្មណ៍នោះ កាន់យកឈើច្រត់ហើយដើរចេញទៅបួសតាមលទ្ធិពិធីទៅ ។ តាំងពីកាលនោះមក រូបខ្ញុំ (ពស់) តាំងទីឋាននៅទីនេះ ដើម្បីទទួលផលបណ្ដាសានៃកៅណ្ឌិន្យព្រាហ្មណ៍ធ្វើជាពាហៈនៃកង្កែបទាំងឡាយ ។ លំដាប់នោះ កង្កែបនោះមកដល់ហើយលោតទៅជិះលើខ្នងពស់ដោយក្ដីរីករាយ ។ ឯពស់ក៏បញ្ជិះមេកង្កែប ហើយលូនលោតលេងកញ្ឆក់កញ្ឆេងដោយក្ដីរីករាយសប្បាយតាមអំពើចិត្ត ។ ចំណេរតមក ដោយហេតុតែខ្លួនចាស់ជរា ហើយអស់កម្លាំង ពស់មិនអាចវារលូនលេងសប្បាយដូចសព្វមួយដង ទើបកង្កែបសួរថា៖ នែអ្នកដ៏ចម្រើនអើយ! ហេតុអ្វីថ្ងៃនេះក៏អ្នកលូនយឺតៗម៉្លេះ? ។ ពស់ឆ្លើយប្រាប់ថា៖ ទេវៈ! ខ្ញុំបាទអស់កម្លាំងណាស់ ព្រោអត់អាហារមកយូរថ្ងៃហើយ បានជាលូនលឿនកញ្ឆក់កញ្ឆេងឲ្យសប្បាយមិនបាន ។ មេកង្កែបនិយាយថា៖ បើដូច្នោះ ឯងចូរស៊ីកង្កែបចុះតាមអាជ្ញាយើង ។ កាលនោះ ពស់រីករាយសប្បាយណាស់និយាយថា៖ ខ្ញុំបាទសូមសម្ដែងសេចក្ដីរីករាយដ៏ក្រៃលែងចំពោះលោកម្ចាស់ និយាយហើយក៏លោតទៅចាប់កង្កែបមកស៊ីជាចំណីអាហាររឿយៗទៅ ស៊ីទាល់តែអស់កង្កែបជាបរិវារហើយ ក៏ចាប់មេកង្កែបស៊ីក្លែមចុងបំផុតថែមទៀត ព្រោះហេតុនោះបានជាខ្ញុំ (ក្អែកមេឃពណ៌) ពោលថា៖ អ្នកប្រាជ្ញ ដូច្នេះជាដើម (លេខ៦១) ។ ក្អែកមេឃពណ៌និយាយតទៅទៀតថា៖ ទេវៈ! ពេលនេះ គួរលើកលែងនិយាយរឿងបុរាណចោលចេញទៅ រាជហង្សហិរណ្យគក៌នេះគួរយើងធ្វើសន្ដិភាពស្ងប់សឹកហើយ ដោយប្រការទាំងពួង នេះជាមតិនៃខ្ញុំបាទ ។ ក្អោកចិត្រពណ៌ឆ្លើយតបវិញដោយយល់ទាស់ថា៖ ការពិចារណាយល់ឃើញរបស់អ្នក ម្ដេចក៏យ៉ាងនេះហ្ន៎? បើយើងមានជ័យប្រាកដដូច្នេះហើយ ត្រូវបង្គាប់ឲ្យវាចូលមកជាឈ្លើយសឹករបស់យើងទើបសម បើមិនដូច្នោះទេ យើងគួរលើកទ័ពទៅវាយកម្ទេចវាម្ដងទៀត ។ ក្នុងខណៈដែលកំពុងតែនិយាយ សេកមកដល់ពីជម្ពូទ្វីបហើយចូលទៅនិយាយប្រាប់ក្ងោកចិត្រពណ៌ថា៖ ទេវៈ! ឥឡូវនេះ កុកឈ្មោះមហពលនៃសីហលទ្វីបលើកទ័ពចូលលុកវាយយកជម្ពូទ្វីបសោយរាជ្យហើយ ។ សេកនិយាយប្រាប់ប្រព្រឹត្តិការណ៍តាំងពីដើមដល់ចុងប្រាប់គ្រប់ប្រការ ។ ត្មាតទុរទសីជាប្រធានរដ្ឋមន្ត្រីគិតក្នុងពោះខ្លួនឯងថា៖ 

៩២- បុគ្គលមិនត្រូវធ្វើការអ្វីក្ឌុងក្ឌាំង ដូចផ្គរគំរាមគ្រេងគ្រាំ ដូចមេឃក្នុងសរទកាលទេ អ្នកមានបុណ្យធំមិនត្រូវប្រកាសជ័យ ឬបរាជ័យនៃសត្រូវទេ ។ 

៩៣- ព្រះរាជាជាធំ មិនត្រូវធ្វើសង្គ្រាមក្នុងកាលតែមួយចំពោះសត្រូវច្រើននាក់ទេ ដូចពស់សូម្បីមានពិសក្លៀក្លា ត្រូវហ្វូងកណ្ដូបបំផ្លាញសម្លាប់បានដោយពិត 

ទេវៈ! លោកម្ចាស់នឹងលើកទ័ពយាត្រាត្រឡប់ទៅវិញដោយមិនបានធ្វើសន្ដិភាពឬអ្វី? ថាបើធ្វើដូច្នេះ មុខជារាជហង្សហិរណ្យគក៌នឹងលើកមកវាយរំខានយើងពីខាងក្រោយខ្នងមិនខានឡើយ ព្រោះថា៖

៩៤- ជនពាលល្ងង់ មិនដឹងច្បាស់នូវសេចក្ដីពិតនៃប្រយោជន៍ យកតែតាមអំណាចនៃសេចក្ដីក្រោធ ជននោះនឹងត្រូវក្ដៅក្រហាយស្ដាយក្រោយដូចព្រាហ្មណ៍សម្លាប់ស្ការ ។ 

ក្ងោកចិត្រពណ៌សួរថា៖ រឿងនោះតើដូចម្ដេច? ។ ត្មាតទុរទសសីជាប្រធានរដ្ឋមន្ត្រីនិយាយរៀបរាប់ប្រាប់ថា៖

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!