កថាទី១៖ រឿងអណ្ដើក និងហង្ស

កថាទី២៖ រឿងត្រី៣ រូប

កថាទី៣៖ រឿងពាណិជ្ជ ភរិយា និងអ្នកបម្រើ

កថាទី៤៖ រឿងកុក ពស់ និងស្ការ

កថាទី៥៖ រឿងកណ្ដុរ និងតាបស

កថាទី៦៖ រឿងកុក និងក្ដាម

កថាទី៧៖ រឿងព្រាហ្មណ៍វាយបំបែកក្រឡ

កថាទី៨៖ រឿងសុន្ទៈ និងឧបសុន្ទៈ

កថាទី៩៖ រឿងព្រាហ្មណ៍ នឹងអ្នកលេង

កថាទី១០៖ រឿងសីហៈ ក្អែក ខ្លា ចចក និងឧដ្ឋ

កថាទី១១៖ រឿងពស់ និងកង្កែប

កថាទី១២៖ រឿងព្រាហ្មណ៍ និងស្ការ

សៀវភៅអេឡិកត្រូនិក

នៅអរញ្ញប្រទេសមួយ មានសីហៈឈ្មោះមនោត្កដៈ ។ សីហៈនេះមានបរិវារ៣នាក់ គឺក្អែក១ ខ្លា១ និងចចក១ ។ ថ្ងៃមួយតមក ក្នុងពេលដែលកំពុងត្រាច់ចររកអាហារ សត្វទាំង៣នេះបានឃើញឧដ្ឋមួយហើយសួរថា៖ នែឧដ្ឋ! ឯងបែកខ្ចាត់ខ្ចាយចេញមកពីក្បួនរទេះឯណា? រួចទៅណាហ្នឹង? ។ ឧដ្ឋក៏រៀបរាប់ព្រឹត្តិហេតុខ្លួនប្រាប់តាំងពីដើមមកដល់ចប់ ។ កាលនោះ សត្វទាំងនោះនាំឧដ្ឋទៅប្រគល់ឲ្យសីហៈជានាយ ។ ចំណេរតមក សីហៈឈឺ រាងកាយស្គាំងស្គម ណាមួយភ្លៀងធ្លាក់មកជោគជាំខ្លាំងពេក មិនអាចដើរស្វះស្វែងរកចំណីអាហារបាន សត្វទាំងឡាយមានខ្លាជាដើមក៏និយាយប្រឹក្សាគ្នាថា៖ 

ម្ចាស់យើងនឹងសម្លាប់ឧដ្ឋធ្វើជាចំណីអាហារបានយ៉ាងណា យើងត្រូវគិតអានឲ្យម្ចាស់យើងសម្លាប់យ៉ាងនោះ ប្រយោជន៍អ្វីនឹងសត្វស៊ីបន្លាជាចំណីអាហារនេះ? ។ ខ្លាពោលថា៖ ឧដ្ឋនេះម្ចាស់យើងបានឲ្យអភ័យវាចាហើយអនុគ្រោះរក្សាទុក បើដូចច្នោះតើយើងនឹងសម្លាប់ដូចម្ដេចកើត? ។ ក្អែកពោលថា៖ សម័យនេះ ម្ចាស់យើងទន់ខ្សោយកម្លាំងណាស់ទៅហើយ បើទុកជាបាបក៏លោកហ៊ានធ្វើដែរ ព្រោះថា៖ 

៥៥- ស្រីភាព ដែលអត់ឃ្លានហើយ សូម្បីកូនឯងក៏លះបង់ចោល ពស់ដែលអត់ឃ្លានហើយសូម្បីពងឯងក៏ស៊ី នរណាហ្ន៎ដែលត្រូវទុក្ខវេទនាដោយអត់ឃ្លាន នឹងមិនហ៊ានធ្វើបាប? នរជនទាំងឡាយដែលអត់ឃ្លានហេវកម្លាំងហើយ នឹងត្រឡប់ទៅជាមនុស្សឥតករុណា ។ 

៥៦- មនុស្សស្រវឹងស្រា មនុស្សឆ្កួត មនុស្សកាចកំរោល មនុស្សអស់កម្លាំង មនុស្សក្រោធ មនុស្សអត់ឃ្លាន មនុស្សល្មោភ មនុស្សខ្លាច មនុស្សរហ័យភ្លែត និងមនុស្សបរិភោគកាម មនុស្សទាំងអស់នេះមិនចេះធម៌ទេ ។ 

សត្វទាំងឡាយគិតគូរគ្នាឃើញដូច្នេះហើយ ក៏បបួលគ្នាទៅកាន់សំណាក់សីហៈ ។ សីហៈសួរថា៖ បានអ្វីជាអាហារបរិភោគឬទេ ថ្ងៃនេះ? ។ សត្វទាំងឡាយឆ្លើយប្រាប់ថា៖ យើងខ្ញុំទាំងអស់គ្នាខំប្រឹងស្វះស្វែងរកណាស់ តែរកមិនបានសោះ ។ សីហៈសួរតទៅទៀតថា៖ ចុះធ្វើម្ដេចទៅឥឡូវនេះយើងនឹងរកឧបាយចិញ្ចឹមជីវិតបានហ៎ៈ? ។ ក្អែកនិយាយប្រាប់ថា៖ ទេវៈ! មកពីលោកម្ចាស់លះបង់អាហារដែលមានក្នុងអំណាចលោកម្ចាស់ បានជាសេចក្ដីវិនាសចូលមកជិតដល់យើងគ្រប់គ្នា ។ សីហៈសួរថា៖ អាហារអ្វីហ្ន៎ដែលនៅក្នុងអំណាចយើង? ។ ក្អែកចូលទៅជិតនិយាយខ្សឹបដាក់ប្រចៀកសីហៈថា៖ ចិត្រកណ៌ៈនេះឯង ។ សីហៈយកជើងជាន់ដីហើយស្ទាបត្រចៀក (កិរិយាសម្ដែងសេចក្ដីគោរព) ទាំងពីរទើបពោលថា៖ យើងបានឲ្យអភ័យវាចាហើយ នឹងទៅធ្វើទារុណកម្មដូចម្ដេចកើត? ព្រោះថា៖ 

៥៧- ការឲ្យផែនដី ការឲ្យប្រាក់មាស ការឲ្យគោ ការឲ្យបាយទឹក លោកមិនទាន់ហៅថាមហាទានទេ បណ្ដាទានទាំងឡាយនេះ អភ័យទានទើបលោកចាត់ថាជាមហាទាន ។

៥៨- ផលនៃអស្វមេធៈណា (អគ្វមេធៈ ពិធីសម្លាប់សេះបូជាយញ្ញ ដែលប្រកាន់ជឿថាបានបុញ្ញាភិនិហារដ៏ក្រៃលែងរហូតបានជាស្ដេចទេវតានៅឋានត្រៃត្រឹង្ស) ដែលអាចញ៉ាំងសេចក្ដីទាំងពួងឲ្យសម្រចបានផលនោះ គឺបុគ្គលគប្បីបានក្នុងការរក្សាជនណាដែលមកសូមទីពឹង ។ 

ក្អែកពោលថា៖ ឧដ្ឋលោកម្ចាស់មិនត្រូវសម្លាប់ដោយខ្លួនឯងទេ គឺវាសុខចិត្តប្រគល់ខ្លួនវាឲ្យជាទានយ៉ាងណា យើងខ្ញុំទាំងឡាយនឹងធ្វើយ៉ាងនោះ ។ សីហៈលុះបានស្ដាប់ពាក្យក្អែកពន្យល់ឧបាយយ៉ាងនេះហើយ ក៏ទាល់គំនិតនៅស្ងៀម ។ កាលនោះ ក្អែកបានឱកាសនឹងប្រើឧបាយកោង ក៏ទៅនាំយកសត្វទាំងឡាយឯងទៀតឲ្យចូលទៅកាន់សំណាក់សីហៈ ហើយនិយាយថា៖ 

៥៩- មែនពិត កិច្ចការរដ្ឋបាលទាំងអស់មានលោកម្ចាស់ជាមូល ជាទង់ជ័យ ដូចជានរជនដែលប្រយ័ត្នរក្សាដើមឈើព្រមទាំងគល់តែងបានផល ។ 

សីហៈពោលថា៖ ការសុខចិត្តព្រមលះបង់ជីវិតប្រសើរ តែការប្រព្រឹត្តិធ្វើអំពើអាក្រក់ប្រាកដដូច្នេះ មិនប្រសើរសោះឡើយ ។ ចចកពោលដូចក្អែកទៀត ។ សីហៈនិយាយតទៅទៀតថា៖ ទេ! ទេ! កុំឡើយបាអើយ! ។ កាលនោះ ខ្លានិយាយទៀតថា៖ បើដូច្នោះសូមលោកម្ចាស់បរិភោគខ្ញុំចុះ ដើម្បីឲ្យលោកមានជីវិត ។ សីហៈឆ្លើយដោយអស្ចារ្យក្នុងចិត្តថា៖ ក្នុងកាលណាក៏ដោយ មិនមានអ្នកណានិយាយដូចឯងទេ ពាក្យឯងនិយាយនេះមិនគួរសោះឡើយ ។ ពេលនោះ ឧដ្ឋចិត្រកណ៌ៈដែលជាសត្វមានការជឿទុកចិត្តពីកំណើត ក៏និយាយប្រគល់ខ្លួនដូចសត្វទាំងពួង ។ កាលដែលឧដ្ឋនិយាយបរិច្ចាគប្រាណស្ទើរទេមិនទាន់ផុតសម្ដីផង ខ្លាស្ទុះភ្លែតទៅចាប់ហែកជញ្ជែងផ្ទៃឧដ្ឋសម្លាប់មួយរំពេច ហើយចែកគ្នាស៊ីបំពេញផ្ទៃទៅហោង ។ ព្រោះហេតុនោះបានជាខ្ញុំបាទ (ក្អែកមេឃពណ៌) ពោលថា៖ ទៀងណាស់ ដូច្នេះជាដើម (លេខ ៥៤) ។ តមក ព្រាហ្មណ៍បានស្ដាប់ពាក្យអ្នកលេងទី៣ទៀត ទើបកំណត់ទុកដាច់ខាតថាមតិរបស់ខ្លួនខុសពិត ហើយបោះទម្លាក់ពពែនៅលើស្មាចោលបង់ ដើរទៅងូតទឹកជម្រះអាត្មារួចដើរទៅផ្ទះទទេទៅ ។ ឯពពែនោះ ត្រូវអ្នកលេងទាំង៣នាក់ សែងយកទៅសំឡេះបរិភោគជាអាហារទៅហោង ហេតុនេះបានជាខ្ញុំបាទ (ក្អែកមេឃពណ៌) និយាយថា៖ ជនណាដឹងថាទុរជនដូច្នេះជាដើម (លេខ ៥៣) ។ កាលនោះក្ងោកចិត្រពណ៌សួរតទៅទៀតថា៖ នែមេឃពណ៌! ឯងធ្វើដូចម្ដេច បានជាឯងនៅក្នុងកណ្ដាលសត្រូវបានយូរម៉្លេះ? ធ្វើដូចម្ដេចបានជាស្និទ្ធស្នាលជិតដិតគ្នាម៉្លេះហ្ន៎? ។ ក្អែកមេឃពណ៌និយាយតបថា៖ ទេវៈ! កិច្ចការជាប្រយោជន៍នាយចៅហ្វាយ និងកិច្ចការធ្វើឲ្យសម្រេចប្រយោជន៍ដល់ខ្លួនគេនឹងមិនត្រូវធ្វើអ្វីឬអ្វី? ព្រោះថា៖ 

៦០- បពិត្រព្រះរាជា! មនុស្សលោកទូលឧសដែលឆេះនៅលើក្បាលមិនបានឬអ្វី? ខ្សែទឹកស្ទឹងហូរទៅស្រោចឈើ នឹងរំលើងឫសឈើមិនបានឬអ្វី? ។ 

៦១- អ្នកប្រាជ្ញ បើមានកិច្ចការណាមួយដែលត្រូវធ្វើខានមិនបាន សូម្បីសត្រូវក៏ត្រូវតែទូលលើក្បាល ដូចកង្កែបត្រូវពស់ចាស់សម្លាប់បាន ។ 

ក្ងោកចិត្រពណ៌សួរថា៖ ចុះរឿងនោះតើដូចម្ដេច? ។ ក្អែកមេឃពណ៌និយាយរឿងនោះប្រាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!