កថាទី១៖ រឿងអណ្ដើក និងហង្ស

កថាទី២៖ រឿងត្រី៣ រូប

កថាទី៣៖ រឿងពាណិជ្ជ ភរិយា និងអ្នកបម្រើ

កថាទី៤៖ រឿងកុក ពស់ និងស្ការ

កថាទី៥៖ រឿងកណ្ដុរ និងតាបស

កថាទី៦៖ រឿងកុក និងក្ដាម

កថាទី៧៖ រឿងព្រាហ្មណ៍វាយបំបែកក្រឡ

កថាទី៨៖ រឿងសុន្ទៈ និងឧបសុន្ទៈ

កថាទី៩៖ រឿងព្រាហ្មណ៍ នឹងអ្នកលេង

កថាទី១០៖ រឿងសីហៈ ក្អែក ខ្លា ចចក និងឧដ្ឋ

កថាទី១១៖ រឿងពស់ និងកង្កែប

កថាទី១២៖ រឿងព្រាហ្មណ៍ និងស្ការ

សៀវភៅអេឡិកត្រូនិក

ក្នុងបុរាណសម័យ មានទៃត្យៈពីរនាក់  មួយឈ្មោះសុន្ទៈ មួយទៀតឈ្មោះឧបសុន្ទៈ ជាអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងពីរនាក់ បានប្រារព្ធបំពេញតបៈខ្លាំងក្លាបូជាព្រះចន្ទ្រសេខរៈ (ព្រះនាមព្រះឥសូរ ប្រែថា មានរូបព្រះចន្ទ្រខាងខ្នើតជាមុដ) មកអស់កាលដ៏យូរហើយ ដើម្បីប្រាថ្នារាជ្យក្នុងត្រៃលោក ។ តមក ព្រះចន្ទ្រសេខរៈដ៏មានជោគ ពេញព្រះទ័យទើបទ្រង់ប្រោសប្រាណទៃត្យៈទាំងពីរនាក់នោះត្រាស់ថា៖ ចូរឯងទាំងពីរនាក់ប្រាថ្នាពរចុះ ។ កាលនោះ ទៃត្យៈទាំងពីរនាក់ ដោយកម្លាំងព្រះនាងសរស្វតីជាទេវីវាចា ជ្រែកចូលក្នុងកាយខ្លួនទាំងពីរ ក៏នាំបណ្ដាលឲ្យទូលសូមពរចំពោះព្រះចន្ទ្រសេខរៈ ផ្សេងពីរសេចក្ដីប្រាថ្នាដែលតាំងចិត្តទុកពីមុនមកទៅវិញ បែរជានិយាយសូមពរថា៖ បើព្រះភគវន្តទ្រង់ប្រោសប្រាណប្រទានពរ ក៏សូមប្រទាននាងបវ៌តីជាទីប្រិមប្រិយរបស់ព្រះអង្គ ។ កាលនោះ ព្រះចន្ទ្រសេខរៈដ៏មានជោគទ្រង់ព្រះក្រេវក្រោធ តែក៏ទ្រង់មិនលះបង់សច្ចៈនៅតែប្រសិទ្ធិពរប្រទាននាងបវ៌តីដល់ទៃត្យៈល្ងង់ខ្លៅឥតការពិចារណានោះ ។ ចំណេរកាលមក ទៃត្យៈទាំងពីរជាអ្នកទ្រទ្រង់លោក ជាប់ចិត្តក្នុងលម្អព្រះសរីរាវយវៈព្រះនាងបវ៌តី ដោយកាមរាគដុតដាលក្នុងចិត្តងងឹតងងល់អាក្រក់ក្រៃលែង កើតឈ្លោះទាស់ទែងដណ្ដើមគ្នាទៅវិញទៅមកដោយអាងថាត្រូវបានខ្លួនតែសព្វខ្លួន ទីបំផុតចុះមតិព្រមគ្នានឹងយកប្រមាណបុរស គឺអ្នកអាជ្ញាកណ្ដាលជាចៅក្រមមកកាត់ក្ដីឲ្យ កាលនោះ ព្រះចន្ទ្រសេខរៈជាម្ចាស់លោកជ្រាបសេចក្ដី ក៏ប្លែងព្រះអង្គជាព្រាហ្មណ៍ព្រឹទ្ធចុះមកប្រាកដក្នុងលោកនេះ ។ ទៃត្យៈទាំងពី និយាយនឹងតាព្រាហ្មណ៍នោះថា៖ នាងនេះ យើងទាំងពីរនាក់បានមកដោយកម្លាំងយើងទាំងពីរ សមគួរនឹងឲ្យអ្នកណាក្នុងយើងទាំងពីរនាក់នេះ? ។ តាព្រាហ្មណ៍ថា៖ 

២១- គួរបូជាព្រាហ្មណ៍ ព្រោះជាអ្នកមានវណ្ណៈប្រសើរ ក្សត្រ ព្រោះជាអ្នកមានអំណាចច្រើនវៃស្យ ព្រោះជាអ្នកមានទ្រព្យ និងស្រូវច្រើន សូទ្រ ព្រោះជាអ្នកបម្រើព្រាហ្មណ៍ ។ 

បើលោកទាំងពីរនាក់ជាក្សត្រ ត្រូវកាន់ធម៌ជាក្សត្រ ការច្បាំងជានាទីនៃលោកដែលលោកនិយមស្រាប់ហើយ ។ លុះតាព្រាហ្មណ៍ជាប្រមាណបុរស (អ្នកអាជ្ញាកណ្ដាល) ពោលពាក្យដូច្នេះហើយទៃត្យៈទាំងពីរនាក់យល់ឃើញតាមដោយគិតឃើញថា ពាក្យដែលតាព្រាហ្មណ៍ជាអាជ្ញាកណ្ដាលពោលនេះត្រឹមត្រូវហើយ ក៏ចូលទៅប្រយុទ្ធគ្នាក្នុងខណៈនោះយ៉ាងសហ័យដ៏សាហាវយង់ឃ្នង តែដោយគូទាំងពីរមានកម្លាំងស្មើគ្នា ក៏ប្រហារគ្នាទៅវិញទៅមកស្លាប់ទាំងពីរទៅហោង ព្រោះហេតុនោះបានជាខ្ញុំ (ត្មាតទុរទសី) ពោលថា៖ ក្នុងយុទ្ធសង្គ្រាម ដូច្នេះជាដើម (លេខ ២០) ។ ក្ងោកចិត្រពណ៌និយាយឡើងថា៖ កាលបើដូច្នេះ ដូចម្ដេចក៏មន្ត្រីឯងមិននិយាយពីកាលមុន? ។ ត្មាតទុរទសីឆ្លើយតបទៅវិញថា៖ កាលនោះ លោកម្ចាស់បានស្ដាប់ពាក្យខ្ញុំបាទយល់សេចក្ដីដល់ទីបំផុតហើយឬ? សង្គ្រាមនេះកើតឡើងដោយមិនបានទទួលមតិយល់ព្រមពីខ្ញុំបាទទេ ព្រោះមិនគួរនឹងទៅរុកកួនឲ្យកើតវិវាទសោះ ឯរាជហង្សហិរណ្យគក៌ប្រាថ្នាតែចងស្ពានមេត្រីជាសាធុគុណតែប៉ុណ្ណោះទេ មិនចង់ធ្វើសង្គ្រាមទេ ព្រោះថា៖ 

២២- បុគ្គលមានឆន្ទៈ១ បុគ្គលជាអាយ៌ជាតិ១ បុគ្គលទ្រទ្រង់ធម៌១ បុគ្គលជាអនារិយជាតិ១ បុគ្គលមានបងប្អូនច្រើន១ បុគ្គលមានកម្លាំង១ បុគ្គលធ្លាប់មានជ័យក្នុងយុទ្ធសង្គ្រាមច្រើនដង១ ទាំង៧ប្រភេទនេះ លោកពោលថា ត្រូវធ្វើសន្តិភាព ។ 

២៣- បុគ្គលមានសច្ចៈ តែងរក្សាសច្ចៈទៀតទាត់ នរណាធ្វើសន្តិភាពមួយអន្លើដោយបុគ្គលមានសច្ចៈ សន្តិភាពរមែងមិនប្រែប្រួលទេ បុគ្គលជាអយ៌ជាតិ សូម្បីខូចខាតដល់ជីវិត ក៏មិនព្រមលះបង់កិត្តិយស មិនព្រមដើរទៅតាមទំនងដែលជាអនារិយជាតិឡើយ ។ 

២៤- មែនពិត ជនដែលបានឡើងឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ហើយ កាលបើត្រូវគ្រោះអន្តរាយនរណាៗក៏ទៅជួយតស៊ូរក្សាដែរ អាស្រ័យដោយការរាប់អាននៃប្រជាជនទូទៅ និងគុណធម៌នៃខ្លួន អ្នកទ្រទ្រង់ធម៌ដែលជាទីរាប់អាននៃជន បុគ្គលណានីមួយទៅធ្វើអន្តរាយមិនបានដោយងាយឡើយ ។ 

២៥- កាលបើសេចក្ដីវិនាសចូលមកជិតដល់ហើយ សូម្បីអនារិយជន យើងក៏គួរធ្វើសន្ដិភាពដែរព្រោះថាបើវៀរមិនអាស្រ័យអនារិយជននោះហើយ យើងមិនអាចធ្វើឲ្យយើងរស់តទៅទៀតបានឡើយ ។ 

២៦- ឬស្សីដុះជាគុម្ពក្រាស់ ជិតប្រកិតគ្នាចោមរោមព័ទ្ធដោយដៃឬស្សីមានបន្លាស្អេកស្កះ បុគ្គលមិនអាចចូលទៅកាប់កាត់ឬស្សីនោះបានដោយងាយទេ យ៉ាងណាបុគ្គលមានបងប្អូនច្រើន ក៏យ៉ាងនោះដែរ ។

២៧- ពាក្យដែលនិយាយថា ត្រូវច្បាំងតស៊ូនឹងបុគ្គលមានកម្លាំង ដូច្នេះ មិនមានឧទាហរណ៍ណាជានិទស្សន៍ទេ ក្នុងកាលណាក៏ដោយដុំពពកមិនដែលរសាត់ច្រាសខ្យល់ឡើយ ។ 

២៨- ជនគ្រប់គ្នា ទីឋានគ្រប់កន្លែង គ្រប់កាលវេលា បុគ្គលរមែងចុះញ៉មព្រមចាញ់អានុភាពនៃវីរបុរសដែលធ្លាប់មានជ័យច្រើនដងណាស់មកហើយ ដូចជាបុរសជារាជបុត្រព្រះបាទជមទគ្និ (បរសុរាមជាបុត្រព្រះបាទជមទគ្និ ជាសត្រូវនឹងព្រះរាម ប្រណែននឹងព្រះរាមព្រោះខ្លួនឈ្មោះរាមដែរ)

២៩- អ្នកធ្លាប់មានជ័យក្នុងយុទ្ធសង្គ្រាមច្រើនដងហើយ ទៅធ្វើសន្ដិភាពមួយអន្លើដោយព្រះរាជាអង្គណា សត្រូវនៃព្រះរាជាអង្គនោះនឹងលុះក្នុងអំណាចនៃព្រះអង្គភ្លាម ដោយអានុភាពនៃការចងស្ពានមេត្រីសន្តិភាពនោះ ។ 

ក្នុងរឿងនេះ រាជហង្សហិរណ្យគក៌នេះប្រកបដោយគុណលក្ខណៈច្រើនប្រការណាស់គួរនឹងធ្វើសន្ដិភាពបាន ។ ចាក្រពាកសវ៌ជ្ញៈ ជាប្រធានរដ្ឋមន្ត្រីនៃរាជហង្សហិរណ្យគក៌បានស្ដាប់ពាក្យនៃកុកទីឃ៌មុខជាចារបុរស ដែលបានមកថ្លែងប្រាប់សព្វគ្រប់តាំងពីដើមដល់ចុង ដូចសេចក្ដីរៀបរាប់នេះហើយ ទើបនិយាយតទៅទៀតថា៖ នែកុកចារបុរស! យើងបានស្គាល់ពាក្យអ្នកអស់អាថ៌សេចក្ដីស្រេចហើយ តែអ្នកចូរទៅម្ដងទៀតថា៖ នែកុកចារបុរស! យើងបានស្ដាប់ពាក្យអ្នកអស់អាថ៌សេចក្ដីស្រេចហើយ តែអ្នកចូរទៅម្ដងទៀត ទៅស្ដាប់ឲ្យបានការអស់ ហើយចូរត្រឡប់មកប្រាប់យើងវិញយ៉ាងឆាប់ៗ ។ តែក្នុងពេលដែលចាក្រពាកបង្គាប់កុកទីឃ៌មុខដូច្នេះ រាជហង្សហិរណ្យគក៌សួរចាក្រពាកសវ៌ជ្ញៈថា៖ លោកប្រធានរដ្ឋមន្ត្រី! ខ្ញុំចង់ដឹងថា បុគ្គលដែលយើងមិនគួរនឹងធ្វើសន្តិភាពចងស្ពានមេត្រីនោះបែបណាខ្លះ? ។ ចាក្រពាកសវ៌ជ្ញៈឆ្លើយប្រាប់រាជហង្សហិរណ្យគក៌ថា៖ ទេវៈ! ខ្ញុំបាទនឹងបរិយាយជូន សូមលោកម្ចាស់ចាំស្ដាប់ដូចសេចក្ដីតទៅនេះ៖ 

៣០- ១ក្មេង ២មនុស្សចាស់ ៣មនុស្សឈឺរីងរៃ ៤មនុស្សដែលញាតិបណ្ដេញចោលបង់ ៥នាយខ្លាច ៦បរិវារខ្លាច ៧នាយល្មោភ ៨បរិវារល្មោភ 

៣១- ៩មនុស្សដែលមានប្រក្រតីព្រងើយកន្តើយ ១០មនុស្សមានចិត្តជាប់ក្នុងកាមគុណ ១១មនុស្សមានចិត្តផ្លាស់ប្ដូរច្រើន (ចិត្តមិនទៀតទាត់) ១២មនុស្សនិន្ទាទេពតា និងព្រាហ្មណ៍

៣២- ១៣ មនុស្សមានព្រេងសំណាងអាក្រក់ ១៤មនុស្សជឿព្រេងសំណាង ១៥មនុស្សត្រូវអន្ដរាយដោយទុរភិក្ស ១៦មនុស្សមានចិត្តរសាំក្នុងក្ដីអន្ដរាយរេហ៍ពល

៣៣- ១៧មនុស្សមិននៅក្នុងប្រទេសខ្លួន ១៨មនុស្សមានសត្រូវច្រើន ១៩មនុស្សមិនប្រកបដោយវេលា ២០មនុស្សមិនកាន់សច្ចៈ និងធម៌ មនុស្សដែលមិនត្រូវធ្វើសន្ដិភាពមាន ២០ពួកដូចពោលមកនេះ ។ 

៣៤- បុគ្គលទាំង២០ ពួកនេះ មិនត្រូវធ្វើសន្ដិភាពជាមួយឡើយ មានតែត្រូវធ្វើសង្គ្រាមតបវិញតែប៉ុណ្ណោះ ព្រោះថាបុគ្គល២០ពួកនេះ កាលបើចាត់ធ្វើសង្គ្រាមហើយ មុខជាធ្លាក់ទៅក្នុងអំណាចសត្រូវពិតប្រាកដហើយឆាប់រហ័សផង ។ 

៣៥- ធម្មតាលោក តែងមិនពេញចិត្តធ្វើសង្គ្រាមដើម្បីកូនក្មេង ព្រោះកូនក្មេងមិនមានអំណាច មួយទៀត កូនក្មេងមិនយល់ផលនៃការច្បាំង និងការមិនច្បាំងទេ ។ 

៣៦- មនុស្សចាស់ និងមនុស្សឈឺរីងរៃ មិនមានឧស្សាហៈ និងអង់អាចទេ ជនទាំង២ពួកនេះ សូម្បីតែបងប្អូនឯងក៏មើលងាយឥតសង្ស័យឡើយ ។ 

៣៧- មនុស្សដែលញាតិទាំងពួងបណ្ដេញបង់ គេអាចទម្លាយបានដោយងាយ ព្រោះញាតិទាំងឡាយដែលមានគ្រោះដល់ខ្លួននឹងសម្លាប់ជនពួកនេះចោលបង់មិនខាន ។

៣៨- នាយខ្លាច រត់ចោលសង្គ្រាម នឹងដល់សេចក្ដីវិនាសដោយខ្លួនឯង បរិវារខ្លាចក៏នឹងរត់ចោលម្ចាស់ខ្លាចសង្គ្រាមដូចគ្នាដែរ ។ 

៣៩- នាយល្មោភ តែងមានបរិវារមិនសូវចង់ច្បាំង ព្រោះបរិវារមិនសូវបានចំណែក ឯបរិវារល្មោភដែលមិនបានរង្វាន់នឹងសម្លាប់នាយល្មោភបង់ ។ 

៤០- មនុស្សដែលមានប្រក្រតីព្រងើយកន្តើយ ត្រូវមនុស្សដែលមានប្រក្រតីមិនព្រងើយកន្តើយលះបង់ចោលក្នុងសង្គ្រាម ឯមនុស្សដែលមានចិត្តជាប់ក្នុងកាមគុណ គេតែងយកឈ្នះបានដោយងាយ ។ 

៤១- មនុស្សមានចិត្តផ្លាស់ប្ដូរច្រើននោះតែងព្រងើយកន្តើយ ព្រោះមានចិត្តមិនទៀតទាត់ ។

៤២- មនុស្សនិន្ទាទេពតា និងព្រាហ្មណ៍ នឹងសាបសូន្យទៅឯងៗ ព្រោះអំណាចព្រះធម៌ធំទូលាយណាស់ ឯមនុស្សមានព្រេងសំណាងអាក្រក់ វិនាសដូចគ្នាដែរ ។ 

៤៣- មែនពិត ការជឿព្រេងសំណាងជាហេតុនៃសម្បត្តិ (សេចក្ដីចម្រើន) ផង នៃវិបត្តិ (សេចក្ដីវិនាស) ផង កាលបើដូច្នេះ មនុស្សជឿព្រេងសំណាង នឹងមិនតាំងចិត្តព្យាយាមធ្វើអ្វីដោយខ្លួនឯង ។ 

៤៤- មនុស្សដែលត្រូវអន្តរាយដោយទុរភិក្ស នឹងលិចស្រឹមទៅដោយខ្លួនឯង រីនាយមានចិត្តរសាំរសាយតូចតាច បើនៅក្នុងទឹកហើយ អាចចាប់ដល់ដំរីសារធំក៏បាន ។ 

៤៦- មនុស្សមានសត្រូវច្រើន តែងរន្ធត់តក់ស្លុត ដូចព្រាបនៅក្នុងកណ្ដាលហ្វូងខ្លែង បើទុកជាដើរផ្លូវណាក៏ដោយ មិនយូរប៉ុន្មាននឹងដល់ក្ដីស្លាប់មិនខាន ។ 

៤៧- មនុស្សដែលមានសែន្យានុភាពមិនប្រកបដោយវេលា នឹងត្រូវយោធាដែលប្រកបដោយកាលវេលាវាយខ្ចាត់ខ្ចាយបាន ដូចក្អែកនៅ្នុងពេលរាត្រីឥតមានពន្លឺត្រូវទីទុយសម្លាប់បាន ។ 

៤៨- ក្នុងកាលណាក៏ដោយ បុគ្គលមិនគួរធ្វើសន្តិភាព (មេត្រី) មួយអន្លើដោយមនុស្សមិនកាន់សច្ចៈ និងធម៌ឡើយ ព្រោះថា កាលបើធ្វើសន្តិភាពជាមួយជនបែបនេះហើយ មិនយូរប៉ុន្មាន នឹងដល់នូវការប្រែប្រួលដោយហេតុតែមិនមែនជាសប្បុរសនោះឯង ។ 

ខ្ញុំបាទនឹងជម្រាបតទៅទៀតថា ការធ្វើសន្តិភាព១ ការធ្វើសង្គ្រាម១ ការយាត្រាទ័ព១ ការសំចតទ័ព១ ការពឹងពាក់អាស្រ័យនៃទ័ព១ ការចាត់ចែងទ័ព១ ទាំង៦ប្រការនេះជាអង្គការនៃកងទ័ព ។ ឧបាយដើម្បីចាប់ផ្ដើមធ្វើការ១ រេហ៍ពល និងទ្រព្យសម្បត្តិ១ ការលៃលកទៅតាមកាលៈទេសៈ១ ឧបាយការពារមិនឲ្យចាញ់១ សេចក្ដីសម្រេចផលនៃការងារ១ ទាំង៥ប្រការនេះជាអង្គនៃការប្រឹក្សា ។ ការផ្សះផ្សា១ ការចែករំលែក១ ការញុះញង់បំបែក១ ការផ្ដន្ទាទោស១ ទាំង៤ប្រការនេះជាឧបាយយកឈ្នះ ។ អានុភាពនៃឧស្សាហៈ១ អានុភាពនៃការប្រឹក្សា១ អានុភាពនៃព្រះរាជា១ ទាំង៣ប្រការនេះជាអានុភាព (អានុភាពគឺគ័ក្ដិក្នុងចម្បាំងមាន៣ប្រការគឺ ១ឧស្សាហគ័ក្តិ ២មន្ត្រគ័ក្តិ និង៣ប្រភូគ័ក្ដិ) ។ កាលបើបានពិចារណាតាមពាក្យដែលបានពោលមកនេះជានិច្ចហើយ អ្នកប្រាថ្នាជ័យជម្នះ និងបានសម្រេចផលបានទៅជាបុគ្គលធំមិនខាន ។ 

៤៩- សេចក្ដីពិត ស្រីណា (សិរីសួស្ដី ទ្រព្យសម្បត្តិ ជ័យជម្នះ) ដែលបុគ្គលមិនគប្បីបានដោយតម្លៃគឺការបរិច្ចាកជីវិត ស្រីនោះសូម្បីទ្រេតទ្រោតឃ្លេងឃ្លោង រមែងរត់ទៅរកបុគ្គលដែលចេះនីតិសាស្ត្រ (ចេះនយោបាយ)  

៥០- ក្នុងកាលណា ជនណាចេះចែកចាយទ្រព្យសម្បត្តិឲ្យជនដទៃស្មើភាពគ្នា មានចារបុរសចេះលាក់លៀមការសម្ងាត់ទុកដោយល្អ មានការប្រឹក្សាយ៉ាងស្ងាត់ មិនពោលពាក្យអសុរសចំពោះសព្វមនុស្សទាំងឡាយ ក្នុងកាលនោះ ជននោះ អាចគ្រប់គ្រងប្រឹថពីមណ្ឌលដែលមានសាគរជាខបខេត្តបាន ។ 

ទេវៈ! បើទុកជាត្មាតទុរទសីជាប្រធានរដ្ឋមន្ត្រីបានណែនាំឲ្យធ្វើសន្តិភាពក្ដី ក្នុងពេលនេះ ក្ងោកចិត្រពណ៌នៅកំពុងឡើងជោរដោយមានការជ័យ គង់មិនទាន់យល់ព្រមនៅឡើយទេ ។ ក្នុងរឿងនេះ គួរលោកម្ចាស់ចាត់ការដូច្នេះវិញ ពេលនេះគួរឲ្យកុកឈ្មោះមហាពលនៃសីហលទ្វីបជាសហាយរបស់យើងធ្វើជារាជា ហើយញុះឲ្យទៅកការចលាចលឡើងក្នុងជម្ពូទ្វីប ព្រោះថា៖

៥១- វីរយោធា ដែលមានគ្រឿងការពារល្អ រក្សាការសម្ងាត់ទុកដោយប្រពៃ យាត្រាទ័ពដ៏ណាស់ណាន់តាន់តាប់ហើយមានរបៀប ចូលទៅដុតកម្ដៅសត្រូវណាដែលមានកម្លាំងស្មើភាគគ្នាឲ្យរំខាន សត្រូវដែលក្ដៅក្រហាយរំខានហើយនោះ នឹងចូលមកធ្វើសន្តិភាព ព្រោះហេតុតែសេចក្ដីរំខាននោះឯង ។ 

រាជហង្សហិរណ្យគក៌យល់ព្រមហើយពោលថា៖ ធ្វើយ៉ាងនេះត្រឹមត្រូវហើយ ទើបប្រគល់សាសន៍សម្ងាត់បញ្ជូនកុកឈ្មោះវិចិត្រឲ្យទៅសីហលទ្វីប ។ ក្នុងពេលដែលរាជហង្សហិរណ្យគក៌ និងចាក្រពាកសវ៌ជ្ញៈ កំពុងតែប្រឹក្សាគ្នាដូច្នេះ កុកទីឃ៌មុខជាចារបុរសមកដល់ ហើយនិយាយប្រាប់ថា៖ ទេវៈ! ខ្ញុំបាទឮសត្រូវគឺត្មាតទុរទសីជាប្រធានរដ្ឋមន្ត្រីនិយាយប្រាប់ក្ងោកចិត្រពណ៌ក្នុងទីនោះថា៖ ទេវៈ! ក្អែកមេឃពណ៌បាននៅក្នុងសំណាក់រាជហង្សហិរណ្យគក៌ អស់កាលយូរហើយ វាគង់នឹងបានដឹងថារាជហង្សហិរណ្យគក៌ជាបុគ្គលគឺយើង (ក្ងោកចិត្រពណ៌) គួរគប្បីធ្វើសន្ធិសញ្ញាស្ងប់សឹកបាន ឬមិនបាន ។ កាលដែលក្អែកមេឃពណ៌ចូលទៅដល់ខ្ញុំ (កុកទីឃ៌មុខ) បានឮថាក្ងោកចិត្រពណ៌សួរថា៖ នែមេឃពណ៌! រាជហង្សហិរណ្យគក៌ជាស្ដេចបែបណា? ចាក្រពាកសវ៌ជ្ញៈប្រធានរដ្ឋមន្ត្រីមានលក្ខណៈដូចម្ដេចខ្លះ? ។ ក្អែកមេឃពណ៌ឆ្លើយប្រាប់ថា៖ ទេវៈ! រាជហង្សហិរណ្យគក៌ ជាស្ដេចមានអធ្យាស្រ័យទ្រង់សច្ចៈ ទៀងត្រង់ណាស់ប្រដូចជាអង្គព្រះបាទយុទ្ធិស្ធិរ (ព្រះរាជាបណ្ឌុក ក្នុងរឿងមហាភារត ជាស្ដេចប្រកបដោយធម៌) ឯប្រធានរដ្ឋមន្ត្រីដូចចាក្រពាកសវ៌ជ្ញៈនេះក៏គេរកបានដោយក្រណាស់ ។ កាលនោះ ក្ងោកចិត្រពណ៌សួរកាត់ទៀតថា៖ ថាបើកាន់សច្ចៈល្អដូច្នេះហេតុអ្វីក៏ឯងចូលទៅលលួងឲ្យចាញ់កលបាន? ។ ក្អែកមេឃពណ៌សើចហើយឆ្លើយតបភ្លាមវិញថា៖ ទេវៈ? 

៥២- ការលួងបោកជនឲ្យជឿទុកចិត្តស្រេចហើយ ចាំបាច់ប្រើសេចក្ដីអង់អាចជាជាតិបុរសអ្វីប៉ុន្មាន ។ 

ទេវៈ! សូមលោកម្ចាស់ស្ដាប់ ចាក្រពាកសវ៌ជ្ញៈជាប្រធានរដ្ឋមន្ត្រីដឹងថាខ្ញុំបាទជាចារបុរសតាំងពីប្រថមទស្សន៍ម៉្លេះ តែរាជហង្សហិរណ្យគក៌មានអធ្យាស្រ័យធំណាស់ ហើយជឿទុកចិត្តខ្ញុំបាទស៊ប់ បានជាខ្ញុំបាទលលួងបោកបាន ព្រោះថា៖ 

៥៣- ជនណា ដឹងថាទុរជនពោលពាក្យសច្ចៈដូចខ្លួនដឹងដែរ ជននោះត្រូវទុរជនលលួងបោកបានដូចព្រហ្មណ៍ត្រូវពួកអ្នកលេងបោកយកពពែបាន ។ 

ក្ងោកចិត្រពណ៌សួរថា៖ ចុះរឿងនោះតើដូចម្ដេច? ។ ក្អែកមេឃពណ៌និយាយរៀបរាប់ប្រាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!